ភ្នំពេញៈ ហាង Pezzo Pizza មានមូលដ្ឋាននៅប្រទេសសិង្ហបុរីនឹងបើកហាងដំបូងរបស់ខ្លួននៅកម្ពុជា នៅថ្ងៃទី៣០ ខែឧសភា ដែលនឹងផ្ដល់សេវាលក់ភីហ្សាជាចំណិត (លក់ជា slice) ដំបូងនៅកម្ពុជា ដើម្បីបំពេញតាមលទ្ធភាពរបស់អតិថិជន។ នេះបើយោងតាមប្រធានប្រតិបត្តិក្រុមហ៊ុននេះបានឲ្យដឹងនៅថ្ងៃនេះ។
យីហោនេះត្រូវបានប្រតិបត្តិការដោយក្រុមហ៊ុន Star Food Enterprise Cambodia ដែលនឹងបើកហាង Pezzo Pizza Cambodia នៅផ្សារទំនើបអ៊ីអន២ នៅទីក្រុងភ្នំពេញ មានទំហំ ៨០ ម៉ែត្រក្រឡា។
លោក ជា គីមសុង នាយកប្រតិបត្តិក្រុមហ៊ុន Star Food Enterprise បានថ្លែងនៅថ្ងៃនេះថា ហាងរបស់លោក នឹងផ្ដល់នំភីស្សាមានគុណភាពល្អ ក្នុងតម្លៃ២,៥ដុល្លារក្នុងមួយបន្ទះ ក្នុងកម្រិតអតិបរមា ដែលកាន់តែងាយស្រួលសម្រាប់ប្រជាជនកម្ពុជាទៅតាមលទ្ធភាពដែល។
លោកបន្ថែមថា វាជាយីហោភីស្សាអន្តរជាតិលើកដំបូង ដែលផ្ដល់ភីស្សាជាចំណិតនៅក្នុងប្រទេសកម្ពុជា។ លោកថ្លែងថា៖ «យើងផ្ដល់គំនិតថ្មី សម្រាប់ការលក់ភីស្សា ហើយយើងជឿជាក់ថា គ្រប់គ្នាអាចមានលទ្ធភាពទិញបាន»។ លោកបន្តថា៖ «យើងសាកល្បងលក់ជាចំណិត ហើយថែមទាំងជាចំណិតតូចៗ ប៉ុន្តែយើងកំណត់ទិសដៅការលក់របស់យើងក្នុងបរិមាណច្រើន»។
លោក ជា គីមសុង មិនបានប្រាប់ពីលក្ខខណ្ឌ ក្នុងកិច្ចព្រមព្រៀងនាំយកយីហោនេះមកទីផ្សារកម្ពុជាទេ ។ លោកបន្តថា វាជាព័ត៌មានសម្ងាត់របស់ក្រុមហ៊ុន។ លោកក៏បានបដិសេធបង្ហាញចំនួនទឹកប្រាក់ ដើម្បីក្នុងការបើកហាងដំបូងនេះដែរ។
យីហោ Pezzo Pizza មានជាង ១២០ ហាង ភាគច្រើននៅក្នុងប្រទេសចិន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី និងថៃ៕LA