ភ្នំពេញៈ ក្រុមហ៊ុន Pi Pay ដែល​ជា​ក្រុមហ៊ុន​ទូទាត់​ដោយ​គ្មាន​សាច់ប្រាក់ កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន (MPWT) លើ​ការទូទាត់​ដោយ​គ្មាន​សាច់ប្រាក់​នូវ​រាល់​សេវា​របស់​ក្រសួង​ទាំងអស់​។

សម្រាប់​កិច្ចព្រមព្រៀង​នេះ​នឹង​មាន​ន័យ​ថា​ការទូទាត់​សេវា​របស់ MPWT ទាំងអស់ ដូចជា​ការទិញ​សំបុត្រ​សេវា​ដឹកជញ្ជូន​សាធារណៈ និង​ការចុះបញ្ជី​រថយន្ត​នៅ​ក្រសួង​អាច​ធ្វើ​ឡើង​តាមរយៈ​ក្រុមហ៊ុន Pi Pay​។

​លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ថ្លែង​ថា​៖ «​តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ដោយ​គ្មាន​សាច់ប្រាក់ យើង​សង្ឃឹម​ថា​នឹង​កែលម្អ​ប្រសិទ្ធភាព​សេវាសាធារណៈ ដោយ​ការលុបចោល​ការបង់ប្រាក់​ក្រៅ​ផ្លូវការ ហើយ​នឹង​ផ្ដល់​សេវា​ងាយស្រួល​សម្រាប់​ប្រជាជន​របស់​យើង​»​។

លោក​បន្ថែម​ថា​៖ «​ពួកគេ​អាច​បង់ប្រាក់​ដោយ​ផ្ទាល់​តាមរយៈ​អនឡាញ​ជាមួយ​នឹង Pi Pay ដែល​មិន​ចាំបាច់​តម្រង់​ជួរ​ដើម្បី​បង់ប្រាក់​ទៀត​ទេ​»​។

សេវាសាធារណៈ​ដែល​បាន​ផ្ដល់​ដោយ MPWT រួមមាន​សេវា​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត ការប្រឡង​បើកបរ និង​អាជ្ញាប័ណ្ណ​សម្រាប់​អាជីវកម្ម​ដឹកជញ្ជូន​ជាដើម​។

ការទូទាត់​គ្មាន​សាច់ប្រាក់​ដែល​ធ្វើ​ឡើង​ជាមួយ​ក្រុមហ៊ុន Pi Pay នេះ មិនមែន​ជា​វិធានការ​លើក​ដំបូង​នោះ​ទេ សម្រាប់​ក្រសួង ប៉ុន្តែ​ក្រសួង​​មាន​កិច្ចព្រមព្រៀង​រួច​ហើយ​ជាមួយ​ក្រុមហ៊ុន​ទូទាត់​គ្មាន​សាច់ប្រាក់​ផ្សេង​ទៀត ដូចជា វីង លីហួរ និង Smart Pay​។

លោក Tomas Pokorny អគ្គនាយក​ក្រុមហ៊ុន Pi Pay បាន​ថ្លែង​ថា ភាព​ជា​ដៃគូ​ជាមួយ MPWT គឺជា​ជំហាន​ដ៏ធំ​ឆ្ពោះ​ទៅ​ការបង្កើន​ការប្រើប្រាស់​បច្ចេកវិទ្យា​ទូទាត់​ដោយ​គ្មាន​សាច់ប្រាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ការមើល​ឃើញ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​ក្នុង​ការ​ពង្រីក​ទូទាំង​ប្រទេស​សម្រាប់​សេវា​របស់​ក្រសួង​នៅក្នុង​ ២៥ ​ខេត្ត​ក្រុង​។

ដោយ​បាន​ដំណើរការ​នៅ​ប្រទេស​កម្ពុជា​កាលពី​ខែ​មិថុនា​មុន Pi Pay បាន​សហការ​ជាមួយ​ពាណិជ្ជករ​លក់​រាយ​រាប់​ពាន់​នាក់​ដូចជា ហាង​កាហ្វេ ហាង​លក់ទំនិញ និង​គ្រឹះស្ថាន​ផ្សេង​ទៀត​ជាច្រើន​។

ក្រុមហ៊ុន Pi Pay ក៏​កំពុង​បង្កើត​បណ្ដាញ​នៃ​ភាព​ជា​ដៃគូ​ធនាគារ​ដែល​អាច​ឲ្យ​ប្រជាជន​ដាក់​ប្រាក់​បញ្ញើ​ពី​កម្មវិធី Pi Pay របស់​ពួកគេ​នៅ​ក្នុង​គណនី​ធនាគារ​របស់​ពួកគេ ឬ​បញ្ចូល​ប្រាក់​ជាថ្មី​ក្នុង​កម្មវិធី​របស់​ពួកគេ​ពី​គណនី​របស់​ពួកគេ​ផង​ដែរ​។

លោក Tomas Pokorny បាន​ថ្លែង​ថា​៖ «​យើង​នឹង​ផ្ដល់​សេវា​ជាច្រើន​ដែល​មិន​គ្រាន់តែ​ការទូទាត់​ដោយ​គ្មាន​សាច់ប្រាក់​នោះ​ទេ យើង​នឹង​ផ្ដោត​លើ​ដំណោះស្រាយ​ឌីជីថល​ផ្សេង​ទៀត​សម្រាប់​ការទូទាត់​ផង​ដែរ​»​។

ភាព​ជា​ដៃគូ​ដូច​នេះ​ជាមួយ​ក្រសួង​ដែល​សម្លឹង​ឆ្ពោះ​ទៅ​មុខ និង​ប្រកប​ដោយ​ថាមពល​នឹង​ជំរុញ​ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​ឲ្យ​ទទួល​យក​ភាពងាយស្រួល និង​សុវត្ថិភាព​នៃ​ការ​គ្មាន​សាច់ប្រាក់​នៅ​ក្នុង​គ្រប់​ទិដ្ឋភាព​ទាំងអស់​នៃ​ការរស់នៅ​របស់​ពួកគេ កែ​បង្កើន​ការរួម​បញ្ជូល​ហិរញ្ញវត្ថុ និង​ការជំរុញ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​របស់​ប្រជាជន​។ នេះ​បើ​យោង​តាម​លោក Tomas Pokorny ។

លោក​ថ្លែង​ថា​ ​បច្ចុប្បន្ន​មាន​អ្នក​ប្រើប្រាស់​ជាង ២៥០ ០០០ នាក់ និង​ពាណិជ្ជករ​ជាង ២ ០០០ នាក់​ដែល​កើនឡើង​ជា​រៀង​រាល់​ថ្ងៃ​៕LA