The Phnom Penh Post Search

Search form

Pi Pay-ABA ជំរុញ​ប្រតិបត្តិ​ការ​ទូទាត់​ឌីជីថល

Content image - Phnom Penh Post
បុគ្គលិក Pi Pay កំពុង​ពន្យល់​អតិថិជន​ពី​ការ​ប្រើ​ប្រាស់​សេវា Pi Pay។ ហេង ជីវ័ន

Pi Pay-ABA ជំរុញ​ប្រតិបត្តិ​ការ​ទូទាត់​ឌីជីថល

ភ្នំពេញៈ Pi Pay ជា​ក្រុមហ៊ុន​ទូទាត់​តាម​ទូរស័ព្ទ​ចល័ត​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​មួយ​ជាមួយ​ធនាគារ ABA ដោយ​បាន​អនុញ្ញាត​ឲ្យ​ធនាគារ​នេះ​គ្រប់គ្រង​លើ​ប្រាក់​បញ្ញើ និង​ប្រតិបត្តិការ​ឌីជីថល​របស់​អតិថិជន ជា​ជំហាន​មួយ​ដែល​អគ្គនាយក Pi Pay អះអាង​ថា ជា​ការ​ចាប់​ផ្តើម​ឆ្ពោះ​ទៅ​រក​ប្រព័ន្ធ​កាបូប​លុយ​ឌីជីថល​ទាំង​ស្រុង​ចាប់​តាំង​ពី​ក្រុមហ៊ុន​នេះ​បាន​ដំណើរការ​សេវា​នេះ​ក្នុង​ខែ​មិថុនា​មក​។

ស្ថិត​ក្រោម​កិច្ច​ព្រម​ព្រៀង​នេះ អតិថិជន​មក​ពី​ក្រុមហ៊ុន​ផ្ដល់​សេវា​ទាំង​២​នៅ​ពេល​នេះ​នឹង​អាច​ផ្ទេរ​ប្រាក់​ដោយ​រលូន​រវាង​កាបូប​ប្រាក់​ទូរស័ព្ទ​ចល័ត និង​គណនី​ធនាគារ ABA ខណៈ​ក្រុមហ៊ុន​អាច​ដំណើរ​ការ​ប្រតិបត្តិការ​បើក​ប្រាក់​ខែ​ដោយ​ផ្ទាល់​តាម​រយៈ​កម្មវិធី​នេះ​ផង​ដែរ​។

លោក Tomas Pokorny អគ្គនាយក Pi Pay បាន​ឲ្យ​ដឹង​ថា ភាព​ជា​ដៃគូ​នេះ​គឺជា «​ជំហាន​ដ៏​ធំ​មួយ​» សម្រាប់​ក្រុមហ៊ុន​ថ្មី​នេះ​ដែល​មាន​បំណង​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (fintech) ក្នុង​ការ​លើក​កម្ពស់​ការ​រួម​បញ្ចូល​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា ព្រម​ទាំង​ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​សាច់​ប្រាក់​របស់​អតិថិជន​ផង​ដែរ​។

លោក​ថ្លែង​ថា​៖«​ពេល​នេះ​យើង​អាច​និយាយ​ថា Pi Pay គឺជា​កម្មវិធី​គ្មាន​សាច់​ប្រាក់​ពិត​ប្រាកដ ដោយ​សារ​តែ​អតិថិជន​អាច​ផ្ទេរ​ប្រាក់​រវាង​គណនី​ធនាគារ ABA និង​គណនី Pi Pay ហើយ​បន្ទាប់​មក​ប្រើ​ប្រាក់​នោះ​ទិញ​ទំនិញ និង​សេវា​ពី​ហាង​ដៃគូ​ដោយ​មិន​ចាំបាច់​កាន់​សាច់​ប្រាក់​»​។

លោក​បន្ថែម​ថា ចាប់​តាំង​ពី​បើក​ដំណើរការ​មក ក្រុមហ៊ុន​នេះ​បាន​គ្រប់គ្រង​លំហូរ​ប្រតិបត្តិការ​ទឹក​ប្រាក់​១០,៥​លាន​ដុល្លារ​ជាមួយ​នឹង​ការ​ទាញ​យក​កម្មវិធី​នេះ​ប្រហែល​ ១២០ ០០០ ​នាក់ ក្នុង​អត្រា​អ្នក​ប្រើ​ប្រាស់​ប្រហែល​ ៨៥​ ភាគរយ​។

លោក Askhat Azhikhanov អគ្គនាយក​ធនាគារ ABA បាន​ឲ្យ​ដឹង​ថា កិច្ច​ព្រម​ព្រៀង​នេះ​អនុញ្ញាត​ឲ្យ​ធនាគារ​នេះ​ភ្ជាប់​ខ្លួន​ឯង​បន្ថែម​ទៀត​ជាមួយ​តួនាទី​ដ៏​សំខាន់​នៃ​ការ​ផ្លាស់​ប្តូរ​ឌីជីថល​សេវា​ហិរញ្ញវត្ថុ ខណៈ​វា​បន្ថែម​ដល់​ប្រតិបត្តិការ​អន​ឡាញ និង​ធនាគារ​ចល័ត​ដែល​មាន​ស្រាប់​របស់​ខ្លួន ដែល​មាន​អតិថិជន​ប្រហែល​៩​ម៉ឺន​នាក់​។

លោក​ថ្លែង​ថា​៖«​យើង​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​លើ​ទីផ្សារ​ឌីជីថល​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​កម្មវិធី​អ៊ីនធឺណិត និង​ធនាគារ​ចល័ត​របស់​យើង បាន​ធ្វើ​បដិវត្ត​របៀប​ដែល​ប្រជាជន​មាន​គណនី​ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​»​។

លោក​បន្ត​ថា​៖ «​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន Pi Pay គឺជា​ជំហាន​ធម្មតា​បន្ទាប់​សម្រាប់​ពួក​យើង និង​ការ​ផ្ដល់​ដល់​អតិថិជន​របស់​យើង​នូវ​ជម្រើស​ទូទាត់​តាម​ទូរស័ព្ទ​ចល័ត ដែល​រួមទាំង​ការ​បញ្ចុះ​តម្លៃ​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ​ក្នុង​ការ​រៀបចំ​ដ៏​ទូលំ​ទូលាយ​នៃ​ទីតាំង​ហាង​ទំនិញ​របស់ Pi Pay»​។

លោក​បន្ថែម​ថា ភាព​ជា​ដៃគូ​នេះ​ផ្តល់​សេវា​លើស​ពី​ការ​ទូទាត់​តាម​ហាង​ទំនិញ​ទៅ​ទៀត ដែល​វា​នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​គ្រប់គ្រង​លើ​សកម្មភាព​បើក​ប្រាក់​ខែ​ដោយ​ផ្ទាល់​តាម​រយៈ​ធនាគារ ABA ទៅ​កាន់​កម្មវិធី Pi Pay​។

លោក​ថ្លែង​ថា​៖ «​សកម្មភាព​នេះ​គឺជា​មធ្យោបាយ​មួយ​កាន់​តែ​មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​នៃ​ការ​គ្រប់គ្រង​ប្រាក់​ខែ ហើយ​យើង​មាន​ទំនុក​ចិត្ត​ថា នឹង​មាន​ការ​ទាក់ទាញ​ក្រុមហ៊ុន​ជាច្រើន​នៅ​ប្រទេស​កម្ពុជា​»​។

លោក​បន្ត​ថា​៖ «​យើង​មើលឃើញ​សកម្មភាព​នេះ​ថា ជា​ការ​ច្របាច់​បញ្ចូល​គ្នា​ពិត​ប្រាកដ​មួយ​ក្នុង​ការ​ផ្ដល់​សេវា​កាន់​តែ​ច្រើន​ដល់​អតិថិជន​របស់​យើង​»​។

លោក Gordon Peters ដៃគូ​នៅ​ក្រុមហ៊ុន​វិនិយោគ និង​ក្រុមហ៊ុន​ពិគ្រោះ​យោបល់ Mekong Strategic Partners បាន​ឲ្យ​ដឹង​ថា កិច្ច​ព្រម​ព្រៀង​រវាង Pi Pay និង​ធនាគារ ABA បង្ហាញ​ថា ក្រុមហ៊ុន Pi Pay បាន​ធ្វើ​ឲ្យ​មាន​ការ​រីក​ចម្រើន​ដ៏​រឹងមាំ​នៅ​ក្នុង​ការ​អភិវឌ្ឍ​កម្មវិធី​ទូទាត់​របស់​ខ្លួន​និង​ការ​បង្កើត​មូលដ្ឋាន​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​។

លោក​បន្ត​ថា​៖ «​ភាព​ជា​ដៃគូ​រវាង​ធនាគារ និង​ក្រុមហ៊ុន​ផ្ដល់​ការ​ទូទាត់​នេះ​ត្រូវ​ការ​ចាំបាច់​បំផុត​សម្រាប់​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ក្នុង​ការ​ចាប់​ផ្ដើម​ដំណើរការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​»​។

លោក​បន្ថែម​ថា ប្រទេស​កម្ពុជា​ មាន​សក្ដានុពល​ដ៏​ធំ​សម្រាប់​កំណើន​ប្រតិបត្តិការ​គ្មាន​សាច់​ប្រាក់ ជា​ពិសេស ដោយ​សារ​ផ្ដល់​ហានិភ័យ​កាន់​តែ​ទាប ហើយ​កាន់​តែ​មាន​សុវត្ថិភាព​សម្រាប់​អតិថិជន​។

លោក​ថ្លែង​ថា​៖ «​ភាគរយ​នៃ​ប្រតិបត្តិការ​ជា​សាច់​ប្រាក់​នៅ​កម្ពុជា ​គឺ​ខ្ពស់​ខ្លាំង​ជាង​បណ្ដា​ប្រទេស​ផ្សេង​ទៀត​»​។

លោក​កត់​សម្គាល់​ថា ធនាគារ​ទូរស័ព្ទ​ចល័ត និង​អ៊ីនធឺណិត​របស់​ប្រទេស​ថៃ ​មាន​ប្រហែល ​២៦ ​ភាគរយ​ប៉ុណ្ណោះ ហើយ​យើង​រំពឹង​ថា ការ​ផ្លាស់​ប្តូរ​ទៅ​រក​ប្រតិបត្តិការ​ដោយ​គ្មាន​សាច់​ប្រាក់​នឹង​កើន​យ៉ាង​ខ្លាំង​នៅទីនេះ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ខាង​មុខ​»៕ LA

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។