ភ្នំពេញៈ និ​ន្នា​ការ​កសិ​ដ្ឋាន​ចិ​ញ្ចឹម​មាន់​លក្ខណៈ​គ្រួ​សារ​ បាន​​មើល​ឃើញ​កំ​ណើន​ បន្ទាប់​​ពី​គម្រោង​រយៈ​ពេល​ ២ ​ឆ្នាំ​ ដែល​ផ្ដល់​មូល​និ​ធិ​ ១,៣៥ ​លាន​ដុល្លារ ​ដោយ​សហ​ភាព​អឺ​រ៉ុប។ នេះ​បើ​​​តាម ​People in Need Cambodia ​(PIN) ដែល​ជា​អង្គ​ការ​​មិន​មែន​រដ្ឋា​ភិ​បាល និង​មិន​ស្វែង​រក​ប្រាក់​ចំ​ណេញ​។​

សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​នេះ​ ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​សិ​ក្ខា​សា​លា​ស្តី​ពី​ការ​ចិញ្ចឹម​​សត្វ ​​ដែល​រៀប​ចំ​ដោយ​​​ អង្គ​ការ PIN ​កាល​ពី​ម្សិល​មិញ​។​ សិក្ខា​សា​លា​នេះ​មាន​បំ​ណង​ចែក​រំ​លែក​​មេ​រៀន​ដែល​បាន​រៀន​សូត្រ​ និង​សមិទ្ធ​ផល​​សំ​ខាន់​ៗ​តាម​​រយៈ​ការ​អនុ​វត្ត​គម្រោង​​។​

បន្ទាប់​ពី​រយៈ​ពេល​ ២ ​ឆ្នាំ​នៃ​​ការ​​អនុ​វត្ត​គម្រោង​នេះ​ ការ​ចិញ្ចឹម​មាន់​លក្ខ​ណៈ​គ្រួ​សារ​ កើន​​ឡើង​ជិត​​ ៩០ ​ភាគ​រយ​បើ​គិត​​លើ​ចំ​នួន​សត្វ​មាន់​ ខណៈ​ការ​រក​​ចំ​ណូល​កើន​​​ ៥០ ​ភាគ​រយ​ ធៀប​នឹង​ពេល​មុន​។ នេះ​បើ​តាម​​ប្រ​ធាន​គម្រោង​​នៅ​​​ PIN។​

លោក ​ជួន ​ប៊ុ​ណ្ណា​រ៉ា ​ប្រ​ធាន​គម្រោង​វិ​ស័យ​បសុ​សត្វ​នៃ​កម្ម​វិ​ធី​មុខ​របរ​ចិញ្ចឹម​ជី​វិត​ និង​បរិ​ស្ថាន ​នៃ​អង្គ​ការ​ PIN ​បាន​ឲ្យ​​ដឹង​ក្នុង​អំ​ឡុង​សិ​ក្ខា​សា​លា​ថា ​គោល​បំ​ណង​​សំ​ខាន់​របស់​គម្រោង​នេះ​ គឺ​ដើ​ម្បី​​លើក​កម្ពស់​ប្រាក់​ចំ​ណូល​​របស់​កសិ​ករ​​។​

​លោក​ថ្លែង​ថា​៖ «​តាម​រយៈ​គម្រោង​នេះ​ កសិ​ករ​ទទួល​បាន​បច្ចេក​ទេស​ ផែន​ការ​អា​ជីវ​កម្ម ​និង​ផែន​ការ​ទី​ផ្សារ​ ព្រម​ទាំង​​ការ​បង្កើត​បណ្ដាញ​ និង​ការ​សហ​ការ​ជាមួយ​​ក្រុម​របស់​ពួក​គេ​»​។

លោក​បន្ត​ថា​៖ «​ដូ​ច្នេះ​កសិ​ករ​បាន​រៀន​សូត្រ​ពីរ​បៀប​​ក្នុង​ការ​ធ្វើ​កសិ​ដ្ឋាន​ដើ​ម្បី​ឆ្លើយ​តប​​តាម​តម្រូវ​ការ​ទី​ផ្សារ​»​។​

លោក ប៊ុណ្ណា​រ៉ា បាន​ឲ្យ​ដឹង​ថា ​ជា​លទ្ធ​ផល​ការ​ពង្រីក​កសិ​ដ្ឋាន​ចិញ្ចឹម​មាន់​លក្ខណៈ​គ្រួ​សារ​​​​កើន​ឡើង​ដល់​ ៨៩ ​​ភាគ​​រយ​​។ ​

​មាន​គ្រួ​សារ​ជាង​ ១ ម៉ឺន​នាក់ ​មក​ពី​ ៨ ​ខេត្ត​ កំ​ពុង​ស្ថិត​​ក្រោម​គម្រោង​នេះ​កសិ​ករ​ទាំង​នោះ​​មក​ពី​ខេត្ត​ បាត់​ដំ​បង​ កំ​ពង់​ឆ្នាំង ​ពោធិ៍​សាត់ កំ​ពង់​​​ស្ពឺ​ តា​កែវ​ កំ​ពត ​ព្រៃ​វែង​ និង​ស្វាយ​រៀង​​។​

លោក​ស្រី អុក ​សា​វិន ​អគ្គ​នា​យក​​រង​នៃ​អគ្គ​នា​យក​ដ្ឋាន​សុខ​​ភាព​ និង​ផលិត​កម្ម​សត្វ បាន​ឲ្យ​ដឹង​ថា ការ​ផ្គត់​ផ្គង់​សាច់​ក្នុង​​ស្រុក​ ​មិន​គ្រប់​គ្រាន់​ ហើយ​កម្ពុជា​​​ត្រូវ​ការ​នាំ​ចូល​ ដើ​ម្បី​ឆ្លើយ​តប​តាម​តម្រូវ​ការ​។​

​លោក​ស្រី​ថ្លែង​ថា​៖ «​យើង​នៅ​តែ​ត្រូវ​ការ​ការ​នាំ​ចូល​មាន់​​ ដោយ​​សារ​តែ​មាន់​ក្នុង​ស្រុក​​បាន​​ធ្លាក់​ចុះ​ ចាប់​តាំង​ពី​ក្រុម​យុវ​ជន​​បោះ​បង់​ចោល​ទៅ​ធ្វើ​ការ​ងារ​នៅ​​ក្នុង​រោង​ចក្រ​កាត់​ដេរ​»។

​លោក​ស្រី​បាន​បន្ត​ថា​៖ «​ប៉ុន្តែ​ ដោយ​សារ​តែ​កង្វះ​ការ​ផ្គត់​​ផ្គង់​ យើង​​បាន​បង្កើត​​គោល​ន​យោ​បា​យ​ និង​ផែន​ការ​យុទ្ធ​សាស្ដ្រ​ តាម​រយៈ​ការ​ផ្ដល់​បច្ចេ​ក​ទេស​ និង​ការ​បណ្ដុះ​បណ្ដាល​ដល់​កសិ​ករ​ ពីរ​បៀប​​ក្នុង​ការ​ទទួល​បាន​ការ​ផលិត​ខ្ពស់​ និង​ចំ​ណាយ​កាន់​តែ​តិច​ ព្រម​ទាំង​រក​​ប្រាក់​ចំ​ណូល​​បាន​ច្រើន​ជាង​​ការ​ងារ​ចំ​ណាក​ស្រុក​»​​។​​

​លោក ​ថាន់ ​ពន្លក ​ជា​កសិ​ករ​អាយុ ​៣០ ​ឆ្នាំ​មក​ពី​ខេត្ត​ តា​កែវ​ ដែល​បាន​ចូល​រួម​​សិ​ក្ខា​សា​លា​នេះ​កាល​ពី​ម្សិល​មិញ​ បាន​ឲ្យ​ដឹង​ថា ​បន្ទាប់​ពី​ការ​ចូល​រួម​​ក្នុង​គម្រោង​នេះ​ ​ចំ​ណូល​លោក​បាន​មើល​ឃើញ​ពី​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​។​

​លោក​ថ្លែង​ថា​៖ «​ខ្ញុំ​អាច​ផ្គត់​ផ្គង់​ទី​ផ្សារ​បាន​ជា​ទៀង​ទាត់​ និង​រក​ប្រាក់​ចំ​ណូល​​បាន​ចាប់​ពី ៤​ លាន​រៀល​ដល់ ​៥ ​លាន​រៀល​ ហើយ​ជា​មួយ​នឹង​​ប្រាក់​​ចំ​ណូល​នេះ​ ខ្ញុំ​មិន​បា​រម្ភ​ពី​គ្រួ​សារ​របស់​ខ្ញុំ​នោះ​ទេ​»​។​

លោក​ ពន្លក​ បាន​ឲ្យ​ដឹង​ថា ពី​មុន​លោក​បាន​ចិញ្ចឹម​មាន់​មិន​ដល់ ​១០០​ ក្បាល​ទេ​ ដែល​​​អាច​រក​ប្រាក់​ចំ​ណូល​បាន​តែ​ ១៥០ ​ដុល្លារ​ ប៉ុ​ណ្ណោះ​ ហើយ​បន្ទាប់​ពី​ការ​ចូល​រួម​​ក្នុង​គម្រោង​នេះ​ លោក​អាច​ពង្រីក​​កសិ​ដ្ឋាន​ចិញ្ចឹម​មាន់​របស់​លោក​ ដែល​​លោក​អាច​ផ្គត់​ផ្គង់​មាន់​ដល់​​ ទី​ផ្សារ​​​ពី ២៥០ ទៅ​ ៣​០០ ​ក្បាល​​ក្នុង​ ១ ​ខែ​៕​LA