ភ្នំពេញ: ក្រុមហ៊ុន​កំពង់ផែ​ស្វយ័ត​ភ្នំពេញ (PPAP) ដែល​ចុះបញ្ជី​នៅ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX) បាន​រាយការណ៍​ប្រតិបត្តិការ​អាជីវកម្ម​វិជ្ជមាន​ក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង​ឆ្នាំនេះ ទោះបី​ជា​កំពង់ផែ​ ១ ​នេះ​ប្រឈម​នឹង​បញ្ហា​នៃ​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ពិភពលោក​ក៏ដោយ​។

របាយការណ៍​របស់ PPAP ផ្ញើ​ទៅ CSX កាលពី​ល្ងាច​ថ្ងៃ​ចន្ទ កំពង់ផែ​ ១ ​នេះ​រកប្រាក់​ចំណូល​បាន​ជាង​ ២២,២៦៤ ​លាន​ដុល្លារ​ នៅក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង ធៀប​នឹង​ ២១,៧០៧ ​លាន​ដុល្លារ ​ក្នុង​រយៈពេល​ដូចគ្នា​កើនឡើង​ ២,៥៦ ​ភាគរយ​។

លោក Jong Weon Ha អនុប្រធាន CSX បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា លទ្ធផល​របស់ PPAP បានបង្ហាញ​ស្ថិរភាព​អាជីវកម្ម​របស់ PPAP ក្នុងអំឡុងពេល​ដ៏ពិបាក​នេះ​។

លោក​ថ្លែងថា​៖ «​ប្រសិនបើ​យើង​យក​ស្ថានការណ៍​ជំងឺ​កូវីដ​១៩​ក្នុងពេល​បច្ចុប្បន្ន​មក​ពិចារណា យើង​អាច​មើលឃើញ​ថា ក្រុមហ៊ុន​នេះ​នៅតែ​រឹងមាំ​។ ហើយ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​បណ្ដា​ប្រទេស​ជាច្រើន​ត្រូវបាន​កាត់បន្ថយ​យ៉ាងខ្លាំង ហើយ​សម្រាប់​អាជីវកម្ម​របស់​កំពង់ផែ​ ១ ​នេះ​នៅ​តែ​រក្សា​កំណើន​ប្រាក់ចំណូល​តិចតួច ដែល​បង្ហាញ​ពី​ការគ្រប់គ្រង និង​យុទ្ធសាស្ដ្រ​អាជីវកម្ម​ល្អប្រសើរ​»​។

បច្ចុប្បន្ន CSX មាន​ក្រុមហ៊ុន​ចុះបញ្ជី​មូលបត្រ​សរុប​ចំនួន​ ១៣ ដែល​ក្នុងនោះ​ក្រុមហ៊ុន ៧ ​ចុះបញ្ជី​ភាគហ៊ុន និង​ក្រុមហ៊ុន​ ៦ ចុះបញ្ជី​មូលបត្រ​បំណុល​។ ក្រុមហ៊ុន​ទាំង​ ១៣ ​នេះ​បាន​ប្រមូល​មូលនិធិ​ជាង​ ២៥៣ ​លាន​ដុល្លារ​រួច​ហើយពី​ទីផ្សារ​មូលបត្រ​ ១ ​នេះ​។

សម្រាប់​រយៈពេល​ ៩ ​ខែ​នេះ CSX ទទួលបាន​ក្រុមហ៊ុន​ចុះបញ្ជី​មូលបត្រ​ចំនួន​ ៥ ក្រុមហ៊ុន​ ២ ​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំងនោះ​ចុះបញ្ជី​មូលបត្រ​ភាគហ៊ុន និង​ ៣ ​ផ្សេង​ទៀត​ចុះបញ្ជី​មូលបត្រ​បំណុល ក្រុមហ៊ុន​ទាំងនោះ​បាន​ប្រមូល​មូលនិធិ​សរុប​ប្រហែល​ ៩២ ​លាន​ដុល្លារ​៕ LA