ភ្នំពេញៈ កំពង់ផែ​ស្វយ័ត​ភ្នំពេញ (PPAP) ដែលជា​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារមូលបត្រ​កម្ពុជា (CSX) បាន​ប្ដេជ្ញា​នឹង​លើកកម្ពស់​ប្រតិបត្តិការ​អាជីវកម្ម​របស់ខ្លួន​ក្នុង​អំឡុង​ពេលវេលា​ដ៏ពិបាក​ដែល​បណ្តាល​ពី​វិបត្តិ​សុខភាព​សកល តាមរយៈ​ការកាត់បន្ថយ​ការចំណាយ និង​ការពន្យារពេល​ការវិនិយោគ​ណា​ដែល​មិន​មាន​ភាពបន្ទាន់​។

លោក ហ៊ី បាវី អគ្គនាយក PPAP បាន​ឲ្យ​ដឹង​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​កាលពី​ថ្ងៃ​សុក្រ​ថា ការរីករាលដាល​ជំងឺ​កូវីដ​១៩ កំពុង​ធ្វើឲ្យ​មាន​ការបន្ថយល្បឿន​សកម្មភាព​អាជីវកម្ម​នៅ​ទូទាំង​ពិភពលោក ព្រមទាំង​ប្រទេស​កម្ពុជា​ផងដែរ​។ លោក​ថ្លែងថា​៖ «​នៅក្នុង​ស្ថានការណ៍​បច្ចុប្បន្ន​កម្ពុជា និង​បណ្ដា​ប្រទេស​នានា​លើ​ពិភពលោក​សុទ្ធតែ​កំពុង​ប្រឈម​នឹង​វិបត្តិ​នេះ​។ PPAP នៅតែ​បន្ត​ជំហរ​ដ៏រឹងមាំ​ក្នុង​ការកាត់បន្ថយ​ផលប៉ះពាល់​ដល់​អាជីវកម្ម​របស់ខ្លួន​»​។

លោក​បន្តថា បុគ្គលិក​ទាំងអស់​កំពុង​ប្រកៀក​ស្មា​គ្នា​ដើម្បី​កាត់បន្ថយ​ការចំណាយ​មិនចាំបាច់ និង​ទប់ស្កាត់​ផលប៉ះពាល់​ណាមួយ​ដោយសារ​វីរុស​កូរ៉ូណា​។

លោក បាវី បាន​អះអាង​ថា​៖ «​ថ្មីៗ​នេះ យើង​បាន​ដាក់​ឲ្យ​ដំណើរការ​នូវ​វិធានការ​ឆ្លើយតប​ចំនួន​ដូចជា ការកែតម្រូវ​ផែនការ​អាជីវកម្ម​ឆ្នាំ​ ២០២០ ការកាត់បន្ថយ​ការចំណាយ​មិន​ចាំបាច់ និង​ពន្យារពេល​ការវិនិយោគ​ដែល​មិនចាំបាច់​នៅពេលនេះ តាមរយៈ​ការផ្ដោត​ការយកចិត្ត​ទុកដាក់​ទៅលើ​គម្រោង​សំខាន់ៗ​ដើម្បី​គាំទ្រ​កំណើន​»​។

របាយការណ៍​ប្រចាំ​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២០ របស់ PPAP បាន​ឲ្យ​ដឹងថា ប្រាក់ចំណូល​សរុប​របស់ PPAP មាន​ចំនួន ៧ ៦០៣ ៨៧៧ ​ដុល្លារ​។

ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ បាន​ធ្វើឲ្យ​ចំនួន​កាណូត​ដឹក​អ្នកដំណើរ​នាពេល​ថ្មីៗ​នេះ​ធ្លាក់ចុះ ប៉ុន្តែ​សកម្មភាព​អាជីវកម្ម​ផ្សេងទៀត​របស់ PPAP គឺ​នៅ​ដំណើរការ​ដដែល​។

ប្រាក់ចំណូល​សរុប​នៅ​រយៈពេល​ ៥ ​ខែ​ដំបូង ឆ្នាំ​ ២០២០ បាន​ធ្លាក់ចុះ​ប្រហែល ៣ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩​។ ក្នុងនោះ​ប្រាក់ចំណូល​បាន​មកពី​កាណូត​ដឹក​អ្នកដំណើរ និង​ការចរាចរ​របស់​អ្នកដំណើរ​បាន​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់ ខណៈ​ដែល​ការដឹកជញ្ជូន​ទំនិញ និង​ប្រេងឥន្ធនៈ ឧស្ម័ន ធ្លាក់ចុះ​ចំនួន ៤ ​ភាគរយ ប៉ុន្តែ​ការចរាចរ​កុងតឺន័រ បន្ត​ការកើន ១៥ ​ភាគរយ​។

លោក Jong Weon Ha អនុប្រធាន​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX) បាន​ឲ្យ​ដឹងថា របាយការណ៍​ហិរញ្ញវត្ថុ PPAP បង្ហាញថា អាជីវកម្ម​របស់​ពួកគេ​នៅតែ​ល្អ ទោះបី​ជា​ការរីករាលដាល​ជំងឺ​កូវីដ​១៩ ក៏ដោយ ហើយ​ប្រហែល​មើលឃើញ​កំណើន​នៅ​ត្រីមាស​បន្ទាប់ ដោយសារ​តែ​អាជីវកម្ម​នាំចូល នាំចេញ​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងទៀត​មាន​សារៈសំខាន់​ចំពោះ​សេដ្ឋកិច្ចកម្ពុជា​។

លោក​លើកឡើង​ថា​៖ «​ប្រាក់​ចំណេញ​ក្នុង​ ១ ​ភាគហ៊ុន​របស់ PPAP គឺ​នៅតែ​ខ្ពស់​ខ្លាំង​ក្នុង​ចំណោម​ក្រុមហ៊ុន​ចុះបញ្ជី​របស់​យើង​។ ខ្ញុំ​មាន​សុទិដិ្ឋនិយម​យ៉ាងខ្លាំង​លើ​អាជីវកម្ម​នៅពេល​អនាគត​របស់ PPAP ដែល​ស្ថិត​នៅ​ក្រោម​សេដ្ឋកិច្ច​កំពុង​រីកចម្រើន​ដ៏រហ័ស​របស់​កម្ពុជា​»​។

តម្លៃ​ភាគហ៊ុន​របស់ PPAP មាន​ភាពរឹងមាំ​កាលពី​ខែមករា ឆ្នាំ​ ២០២០ ដោយ​ស្ថិត​ក្នុង​តម្លៃ​ជាង ១២ ០០០ ​រៀល ប៉ុន្តែ​បាន​ធ្លាក់ចុះ​ប្រមាណ ១៣ ​ភាគរយ​កាលពី​ចុងខែ​កុម្ភៈ ដោយសារ​តែ​ការបារម្ភ​ពី​ជំងឺ​កូវីដ​ ១៩​។ តម្លៃ​នៅតែ​ទាប​រហូត​ដល់​ខែមេសា មុនពេល​វា​ចាប់ផ្ដើម​ស្ទុះ​ងើបឡើង​វិញ​។ កាលពី​ចុងខែ​ឧសភា តម្លៃ​ភាគហ៊ុន​បាន​ងើប​ឡើង​វិញ ១០ ​ភាគរយ​ក្នុង​រយៈពេល​ ២ ​ខែ​។ នេះ​បើ​តាម​ទិន្នន័យ​ពី CSX៕ LA