ភ្នំពេញៈ ធនាគារ PPCBank ដែល​គ្រប់គ្រង​ដោយ​វិនិយោគិន​កូរ៉េខាងត្បូង និង​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ព្រូដិនសល (Prudential Cambodia) ​បានសម្រេច​កិច្ចព្រមព្រៀង​ «​ភាព​ជា​ដៃគូ​លក់​ការធានារ៉ាប់រង​អាយុជីវិត​» ដើម្បី​ផ្ដល់​ជម្រើស​ផលិតផល​ហិរញ្ញវត្ថុ​បន្ថែមទៀត​ដល់​អតិថិជន​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​។

កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ចុះ​ហត្ថលេខា​រវាង​លោក Shin Chang Moo ប្រធាន​ធនាគារ PPCBank និង​លោក Sanjay Chakrabarty អគ្គនាយក​ក្រុមហ៊ុន Prudential Cambodia នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃទី​ ១ ខែកុម្ភៈ ឆ្នាំ​ ២០២១​។

លោក Shin Chang Moo បានឱ្យ​ដឹងថា ភាព​ជា​ដៃគូ​លក់​ធានារ៉ាប់រង​អាយុជីវិត​នេះ​នឹង​បម្រើ​ជា​ច្រកចេញ-ចូល​តែមួយ​សម្រាប់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដែល​នឹង​លើកកម្ពស់​បទពិសោធ​របស់​អតិថិជន និង​កម្រិត​នៃ​ភាពងាយស្រួល​។ លោក​បន្តថា​៖ «​ការលក់​ធានារ៉ាប់រង​អាយុជីវិត​» នឹង​ផ្ដល់​កញ្ចប់​ ៣ សម្រាប់​អតិថិជន​ចាប់ពី​ការការពារ​ទ្រព្យសម្បត្តិ​ដល់​ការធានា​អនាគត​កូនៗ​របស់​ពួកគេ​។

លោក​បាន​ថ្លែងថា​៖ «​ការណ៍​នេះ​អាចឱ្យ​មាន​ការសម្រេចចិត្ត​ប្រកប​ដោយ​ព័ត៌មាន​ពិត និង​ប្រសិទ្ធភាព​សម្រាប់​អនាគត​ហិរញ្ញវត្ថុ​ពួកគេ​។ PPCBank ទទួលស្គាល់​តម្រូវការ​នៃ​ការទទួល​បាន​សេវា​ធនាគារ​ពេញលេញ​នៅ​កម្ពុជា​។ ភាពជា​ដៃគូ​ផ្លូវការ​របស់​យើង​ជាមួយ​ព្រូដិនសល នៅ​ថ្ងៃ​នេះ គឺជា​ការបើក​សោ​នៃ​ទំនុកចិត្ត​ថ្មី និង​ដំណោះស្រាយ​ដែល​នាំមុខ​ថ្មី​មួយទៀត​ក្នុង​ការវិនិយោគ​លើ​សុវត្ថិភាព​ហិរញ្ញវត្ថុ​»​។

លោក Sanjay Chakrabarty អគ្គនាយក​ក្រុមហ៊ុន Prudential Cambodia បាន​និយាយថា ចាប់ពី​ការបង្កើត​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​ ២០១៣ ក្រុមហ៊ុន Prudential Cambodia បានអនុម័ត​ប្រាក់​សំណង ១១,១ ​លាន​ដុល្លារ និង​បម្រើ​អ្នក​កាន់​បណ្ណ​ធានារ៉ាប់រង​ជាង ២៥០ ០០០ ​នាក់ (​គិត​ត្រឹម​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ឆ្នាំ​ ២០២០)​។

លោក Sanjay បាន​ថ្លែងថា​៖ «​ការទូទាត់​ទាំងនេះ បាន​ជួយ​ដល់​គ្រួសារ​កម្ពុជា ប្រឈម​នឹង​ព្រឹត្តិការណ៍​អាក្រក់​ដោយ​ភាពថ្លៃថ្នូរ និង​ទទួលបាន​ភាពជោគជ័យ​ជាថ្មី​។ ដោយសារ​ការរីករាលដាល​ជំងឺ​កូវីដ​១៩ និង​អត្រា​ចំណែក​ទីផ្សារ​ធានារ៉ាប់រង​អាយុជីវិត​ទាប​នៅក្នុង​ប្រទេស​កម្ពុជា គោលបំណង​របស់​យើង​គឺ​ធ្វើឱ្យ​ទាន់ពេលវេលា និង​កាន់តែ​មាន​សារៈសំខាន់​ជាង​ពេលណាៗ​ទាំងអស់​នៅក្នុង​ប្រវត្តិសាស្ដ្រ​របស់​យើង​នៅក្នុង​ប្រទេស​កម្ពុជា​»​។

លោក​លើកឡើងថា​៖ «​ក្នុងនាម​អ្នកថែរក្សា​សុខុមាលភាព​ហិរញ្ញវត្ថុ​របស់​អតិថិជន ធនាគារ​ជាច្រើន​មាន​ជំហរ​តែមួយគត់​ក្នុង​ការប្រឹក្សា​យោបល់​ដល់​អតិថិជនរ​បស់​ពួកគេ​លើ​ការការពារ​លើ​តម្រូវការ​ហិរញ្ញវត្ថុ​។ យើង​រីករាយ​ក្នុងការ​ធ្វើ​ដៃគូ​ជាមួយ PPCBank ហើយ​យើង​ទន្ទឹងរង់ចាំ​ដោយ​រីករាយ​ក្នុង​ការជួយ​ការពារ​សុខភាព និង​ទ្រព្យសម្បត្តិ​អតិថិជន​»៕ LA