
លោក Chang Moo Shin ប្រធាន PPCBank ក្នុងបទសម្ភាសជាមួយភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃសុក្រ នៅរាជធានីភ្នំពេញ។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ ក្នុងរយៈពេល ២ ឆ្នាំ បន្ទាប់ពីធនាគារ PPCBank (Phnom Penh Commercial Bank) ត្រូវបានទិញដោយការវិនិយោគរួមរវាងក្រុមហ៊ុន JB Financial Group របស់ប្រទេស កូរ៉េខាងត្បូង និងក្រុមហ៊ុន Apro Financial Service Group ធនាគារនេះត្រូវបានមើលឃើញពីការពង្រីកពាណិជ្ជកម្មគួរឲ្យកត់សម្គាល់។ ធនាគារនេះកំពុងធ្វើពិពិធកម្មផលបត្រកម្ចីរបស់ខ្លួនពីការពឹងផ្អែកសំខាន់លើអតិថិជនសាជីវកម្ម ទៅជាកម្ចីខ្នាតមធ្យម និងខ្នាតតូច។
អ្នកយកព័ត៌មានកាសែតភ្នំពេញប៉ុស្ដិ៍បានជួបសម្ភាសលោក Chang Moo Shin ប្រធាន PPCBank ដើម្បីពិភាក្សាអំពីការរីកចម្រើន និងយុទ្ធសាស្ដ្រពង្រីករបស់ធនាគារនេះ។
តើធនាគារ PPCBank បានរីកចម្រើនដូចម្ដេច បន្ទាប់ពីភាគទុនិករបស់ខ្លួនត្រូវបានផ្លាស់ប្តូរកាលពីខែកញ្ញា ឆ្នាំ ២០១៦?
ក្នុងអំឡុងពេល ៣ ឆ្នាំចាប់តាំងពីយើងបានកាន់កាប់ PPCBank យើងបានព្យាយាមផ្ដល់ផលិតផលថ្មីៗ និងដំណើរការនិងនីតិវិធីកាន់តែមានប្រសិទ្ធភាព។ ផលបត្រកម្ចីរបស់យើង ត្រូវបានធ្វើពិពិធកម្ម។ យើងធ្លាប់មានអតិថិជនជិត ៨០ ភាគរយមកពីសាជីវកម្មធំៗ។
យើងយល់ថា ដើម្បីបង្កើតបរិយាកាសពាណិជ្ជកម្មប្រកបដោយស្ថិរភាព យើងត្រូវតែមានមូលដ្ឋានអតិថិជនរឹងមាំក្នុង ការលក់រាយ និងសហគ្រាសធុនតូច និងមធ្យម (SME)។ ដូច្នេះយើងព្យាយាមធ្វើវាឲ្យកាន់តែប្រសើរឡើងមិនគ្រាន់តែពេលវេលា និងលក្ខខណ្ឌកម្ចីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសេវាកាន់តែប្រសើរផងដែរ។
រហូតមកដល់ពេលនេះ យើងមានអតិថិជនជាសាជីវកម្មធំៗ ៦៥ ប៉ុណ្ណោះ។ ក្រៅពីនោះគឺ កម្ចី SME និងកម្ចីលក់រាយ។ ការនិយាយអំពីកម្ចីលក់រាយ យើងសំដៅដល់កម្ចីទិញផ្ទះ និងកម្ចីទិញរថយន្ត។
តើទំហំកម្ចី និងប្រាក់បញ្ញើបច្ចុប្បន្នរបស់អ្នកមានការផ្លាស់ប្តូរដូចម្ដេចដែរ បើធៀបនឹងឆ្នាំ ២០១៦?
នៅចុងឆ្នាំនេះ យើងនឹងមានកម្ចីប្រហែល ៥៧០ លានដុល្លារ ដែលកើនឡើងប្រហែល ៧០ ភាគរយធៀបនឹងរយៈពេល ២ ឆ្នាំកន្លងមក។ កាលពីឆ្នាំ ២០១៦ កម្ចីរបស់យើងមានប្រហែល ៣៥០ លានដុល្លារ។ ប្រាក់បញ្ញើយើងពេលនេះមានប្រហែល ៦០០ លានដុល្លារ។
តើអ្នកអាចប្រាប់អំពីយុទ្ធសាស្ដ្ររបស់អ្នក ក្នុងការឆ្ពោះទៅធនាគារឌីជីថល និងអ្វីជាចក្ខុវិស័យរបស់អ្នកអំពីនិន្នាការនេះនៅពេលអនាគត?
យើងបានបង្ហាញ និងបានផ្ដល់បណ្ដាញឌីជីថលជាច្រើននៅពេលនេះ។ មុនពេល ២ ឆ្នាំកន្លងមក យើងមានបណ្ដាញ ២ ប៉ុណ្ណោះគឺសាខា និងម៉ាស៊ីន ATM។
ប៉ុន្តែនៅពេលនេះ ក្រៅពីការពង្រីកសាខា និងម៉ាស៊ីន ATM យើងផ្ដល់បណ្ដាញឌីជីថលជាច្រើន ដូចជាកម្មវិធីធនាគារចល័ត សេវាធនាគារអីុនធឺណិតសម្រាប់ក្រុមហ៊ុនធំៗ ក្រុមហ៊ុនលក់រាយចល័ត។ យើងមានបណ្ដាញផ្សេងៗទៀតដែលអតិថិជន ងាយស្រួលក្នុងការប្រើប្រាស់។
ខ្ញុំគិតថា ធនាគារជាច្រើនងាកទៅរកបណ្ដាញឌីជីថល និងសេវាឌីជីថល នៅពេលនេះ។ សម្រាប់ PPCBank យើងបានផ្លាស់ប្តូរឥរិយាបថធនាគារជាច្រើន។ មុនពេលយើងទិញ និងគ្រប់គ្រង PPCBank ធនាគារនេះមានតែ ៥ ភាគរយងាកទៅរកឌីជីថលទាក់ទងនឹងប្រតិបត្តិការធនាគារ។ នៅពេលនេះ ជាង ១ ភាគ ៣ នៃប្រតិបត្តិការធនាគាររបស់យើង ត្រូវបានធ្វើឡើងតាមរយៈបណ្ដាញឌីជីថល។ បណ្ដាញនោះនឹងបន្តកំណើនកាន់តែខ្លាំងឡើងៗ។
តើអ្វីជាបញ្ហាប្រឈមដ៏សំខាន់របស់អ្នកនៅក្នុងប្រតិបត្តិការធនាគារនៅកម្ពុជា?
យើងមិនមើលឃើញបញ្ហាប្រឈមធំៗណាមួយទាល់តែសោះ។ មុនពេលយើងចូលទៅក្នុងទីផ្សារនេះ យើងបានសិក្សាច្រើនអំពីសេដ្ឋកិច្ច និងវប្បធម៌កម្ពុជាអស់រយៈពេល ៣ ទៅ ៤ ឆ្នាំ។ ដូច្នេះ យើងដឹងពីរបៀបប្រជាជនយ៉ាងណា និងអ្វីជាឧស្សាហកម្មហិរញ្ញវត្ថុ។
បញ្ហាប្រឈមមួយចំនួនដែលខ្ញុំគួរតែលើកឡើង គឺអំពីការផ្លាស់ប្តូរលឿន និងយ៉ាងរហ័សនៃបទប្បញ្ញត្តិ ដោយសារតែធនាគារកណ្ដាលបានប្រកាស ៧ ទៅ ៨ ប្រកាស ក្នុងរយៈពេលខ្លី។
ប៉ុន្តែសមត្ថភាពរបស់យើង យើងអាចទទួលយកដោយងាយស្រួលចំពោះការផ្លាស់ប្តូរនេះ។ ខ្ញុំជឿជាក់ថា តាមរយៈប្រកាសទាំងនេះ ឧស្សាហកម្មធនាគារ និងឧស្សាហកម្មហិរញ្ញវត្ថុនៅកម្ពុជា នឹងឆ្ពោះទៅរកការរីកច្រើនកាន់តែខ្លាំងឡើង។ ដូច្នេះ ខ្ញុំចង់និយាយថា វាមិនមែនជាបញ្ហាប្រឈមនោះទេ។
តើអ្នកគិតថា បទប្បញ្ញត្តិរបស់ធនាគារកណ្ដាលកម្ពុជា ដែលតម្រូវឲ្យគ្រឹះស្ថានផ្ដល់កម្ចីត្រូវមានយ៉ាងហោចណាស់ ១០ ភាគរយនៃកម្ចីរបស់ពួកគេជាប្រាក់រៀល ត្រឹមចុងឆ្នាំក្រោយគឺជាបញ្ហាប្រឈមដែរឬទេ? តើអ្វីជាយុទ្ធសាស្ដ្ររបស់អ្នកដើម្បីបំពេញតាមតម្រូវការនេះ?
ពេលនេះយើងមានប្រហែលជាតិចជាង ៥ ភាគរយនៃផលបត្រប្រាក់រៀល ប៉ុន្តែច្បាស់ណាស់យើងនឹងបង្កើន ហើយយើងនឹងសម្រេចបានយ៉ាងហោចណាស់ ១០ ភាគរយ ដែលត្រូវតម្រូវដោយធនាគារកណ្ដាលត្រឹមចុងឆ្នាំ ២០១៩។ យើងធ្វើការងារដោយផ្ទាល់ ជាមួយ SME ខណៈពេលនេះយើងកំពុងបង្កើនចំណែកទីផ្សារ SME។ សម្រាប់ SME ទាំងនោះយើងព្យាយាមលើកកម្ពស់ពេលវេលា និងលក្ខខណ្ឌកាន់តែប្រសើរសម្រាប់ប្រាក់រៀលខ្មែរ។
យើងមានការងាកទៅរកមីក្រូហិរញ្ញវត្ថុ (MFI) កាន់តែច្រើនដែរ។ យើងធ្វើការងារជាមួយ MFI ដើម្បីបញ្ចុះបញ្ចូលពួកគេឲ្យបង្កើនទំហំកម្ចីរបស់ពួកគេជាប្រាក់រៀលខ្មែរ។
ដូច្នេះយើងអាចផ្ដល់ហិរញ្ញប្បទានដល់ប្រតិបត្តិការរបស់ពួកគេ ដោយផ្ដល់កម្ចីដល់ពួកគេ។ ឬសម្រាប់ MDI មួយចំនួន យើងដាក់ប្រាក់បញ្ញើជាប្រាក់រៀលដល់ពួកគេ។
ដូច្នេះតាមរយៈការដាក់ប្រាក់បញ្ញើនោះ វានឹងបង្កើនដោយផ្ទាល់នូវទំហំកម្ចីជាប្រាក់រៀលរបស់យើង។ ជាជាងការវាយលុកទីផ្សាររបស់ MFI យើងព្យាយាមលើកកម្ពស់ ប្រតិបត្តិការរបស់ពួកគេ ដើម្បីឲ្យពួកគេអាចផ្ដល់កម្ចីជាប្រាក់រៀលដល់អតិថិជនរបស់ពួកគេ ក្នុងលក្ខខណ្ឌកាន់តែប្រសើរ។ យុទ្ធសាស្ដ្ររបស់យើង លើកម្ចីប្រាក់រៀលខ្មែរ ១០ ភាគរយ គឺធ្វើដោយប្រយោលតាមរយៈ MFI និងតាមរយៈបណ្ដាញផ្ទាល់៕ LA