ភ្នំពេញៈ ធនាគារ Phnom Penh Commercial Bank Plc (PPCBank) បានប្រកាសទូទាត់ការប្រាក់លើកទី ១ លើមូលបត្របំណុលជូនដល់កម្មសិទ្ធិករកាន់កាប់មូលបត្របំណុលរបស់ខ្លួន នៅក្នុងអំឡុងពេលដែលសេដ្ឋកិច្ចប្រទេសកម្ពុជាកំពុងទទួលរងផលប៉ះពាល់ពីការរីករាលដាលជំងឺកូវីដ ១៩។
យោងតាមឯកសារដែល PPCBank ផ្ញើទៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) កាលពីថ្ងៃទី ២៤ ខែមីនា គឺវិនិយោគិនទាំងអស់ដែលកាន់កាប់សញ្ញាបណ្ណធម្មតាមានអាទិភាពខ្ពស់ជាមួយនឹងចំនួនការប្រាក់សុទ្ធសរុប ១ ២៨៤ ៧៣៤ ១២១ រៀល។
ឯកសារនេះបានបន្តថា៖ «ធនាគារ Phnom Penh Commercial Bank Plc(PPCBank) មានកិត្តិយសសូមជម្រាបជូនដំណឹងដល់វិនិយោគិនទាំងអស់ថា ធនាគារភ្នំពេញពាណិជ្ជ ម.ក បានទូទាត់ការប្រាក់លើកទី១ លើមូលបត្របំណុលជូនដល់កម្មសិទ្ធិករ ដែលត្រូវផ្ទេរទៅក្នុងគណនីរបស់វិនិយោគិននៅថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២១»។
PPCBank គឺជាធនាគារពាណិជ្ជដំបូងគេដែលបានបោះផ្សាយមូលបត្របំណុលសាជីវកម្មនៅលើក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) កាលពីថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២០ ដោយប្រមូលមូលនិធិបាន ១០ លានដុល្លារនៅជុំទី ១ និងប្រមូលមូលនិធិបាន ១០ លានដុល្លារផ្សេងទៀតនៅជុំទី២ កាលពីខែតុលា។
លោក Jong Weon Ha អនុប្រធាន CSX បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពីថ្ងៃទី ២៤ ខែមីនា នេះថា ការទូទាត់ការប្រាក់នេះមិនមែនមានតែធនាគារ PPCBank ប៉ុណ្ណោះទេ ប៉ុន្តែក៏មានធនាគារផ្សេងទៀតផងដែរ។
លោកថ្លែងថា៖ «នេះជាការអភិវឌ្ឍគួរឱ្យរីករាយដោយផ្ដល់នូវការធ្វើពិពិធកម្មផ្សេងទៀតដល់វិនិយោគិន។ ក្រុមហ៊ុនចេញមូលបត្របំណុល ជាពិសេសធនាគារ PPCBank គឺជាគំរូដ៏ល្អសម្រាប់ក្រុមហ៊ុនផ្សេងទៀតដែលស្វែងរកការពង្រីកអាជីវកម្មរបស់ពួកគេ ដោយប្រើប្រាស់ប្រាក់របស់វិនិយោគិនផ្សេងទៀត»។
បច្ចុប្បន្នមានក្រុមហ៊ុនចំនួន ៦ ចុះបញ្ជីសញ្ញាបណ្ណសាជីវកម្មលើ CSX ចាប់តាំងពីទីផ្សារមូលបត្របំណុលមួយនេះចាប់ផ្ដើមដំណើរការកាលពីឆ្នាំ ២០១៧។
លោក Ha បានឱ្យដឹងថា ទីផ្សារមូលបត្របំណុលនៅកម្ពុជាផ្ដោតលើវិនិយោគិនជាស្ថាប័នតែប៉ុណ្ណោះ ដោយសារហេតុផល ២ យ៉ាង គឺទី១ ភាគច្រើននៃមូលបត្របំណុលត្រូវបានចេញស្ថិតនៅក្រោមក្របខ័ណ្ឌនៃការចេញមូលបត្របំណុលពហុរូបិយប័ណ្ណអាស៊ានបូក ៣ (AMBIF) ដែលបានតែវិនិយោគិនជាស្ថាប័ន ចំណែកកត្តាទី២ គឺជាការចេញដែលអាចកែតម្រូវបាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារផងដែរ។
លោកបន្ថែមថា៖ «យើងកំពុងជំរុញឱ្យក្រុមហ៊ុនបោះផ្សាយផ្តោតទៅលើវិនិយោគិនសាធារណៈផងដែរ ដោយជឿថា វិនិយោគិននឹងចាប់ផ្ដើមសម្លឹងមើលការវិនិយោគលើឧបករណ៍ហិរញ្ញវត្ថុមានហានិភ័យទាប ដូចជាមូលបត្របំណុលសាជីវកម្ម»៕LA