ភ្នំពេញៈ PPCBank ចុះបញ្ជី​សញ្ញាប័ណ្ណ​សាជីវកម្ម​ដំបូង​របស់ខ្លួន​ក្នុង​ផ្សារមូលបត្រ​កម្ពុជា​ជា​ផ្លូវការ​ស្រប​ពេល​ដែល​វិបត្តិ​សុខាភិបាល​កំពុង​យាយី​សេដ្ឋកិច្ច​សកល និង​តំបន់​។

ធនាគារ ភីភីស៊ីប៊ែង (PPCBank) បាន​ក្លាយជា​ស្ថាប័នហិរញ្ញវត្ថុ​ទី​ ៤ ​បន្ទាប់ពី​បាន​ចុះបញ្ជី​សញ្ញា​បណ្ណ​សាជីវកម្ម​ដំបូង​របស់ខ្លួន​ជា​ផ្លូវការ​ហើយ​នៅ​ផ្សារមូលបត្រ​កម្ពុជា​នៅ​ថ្ងៃ​អង្គារ ទី​ ២១ ខែមេសា ឆ្នាំ​ ២០២០ បើ​ទោះបី​ជា​វីរុស​កូរ៉ូណា​កំពុងតែ​ធ្វើឲ្យ​ផ្សារ​ភាគហ៊ុន​នៅលើ​ពិភពលោក និង​ក្នុង​តំបន់​បន្ត​ធ្លាក់ចុះ​ក៏ដោយ​។

លោក Shin Chang Moo នាយក​ប្រតិបត្តិ​ធនាគារ ភីភីស៊ីប៊ែង ​បាន​លើកឡើង​ថា ការចុះបញ្ជី​សញ្ញា​បណ្ណ​សាជីវកម្ម​របស់​យើង​នេះ គឺជា​ព្រឹត្តិការណ៍​ដ៏សំខាន់​របស់​ធនាគារ​ភីភីស៊ីប៊ែង ជាមួយ​នឹង​ការគាំទ្រ​ពី​សំណាក់​​និយតករ វិនិយោគ​គិន និង​អ្នក​ផ្តល់​ប្រឹក្សា​ទាំងអស់​ដែល​បាន​ធ្វើឱ្យ​ការបោះ​ផ្សាយ​មូលបត្រ​លើក​ទី​ ១ ​របស់​ខ្លួន ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ​ចំពេល​នៃ​ភាពមិន​ប្រាកដប្រជា​ខ្ពស់ និង​ការប្រែប្រួល​នៅក្នុង​ទីផ្សារ​ដែល​ការធានាបាន​នូវ​សុវត្ថិភាព​សាច់ប្រាក់ មាន​សារៈសំខាន់​ជាង​ពេលណា​ទាំងអស់​។

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ធនាគារ ភីភីស៊ីប៊ែង ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ក្នុង​ចំណោម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​តិចតួច​បំផុត​ដែល​អាច​ទទួល​បាន​ប្រភព​ទុន​ថ្មី​បំផុត​មួយទៀត​ក្នុង​រយៈពេល​វែងឆ្ងាយ​។ តាមរយៈ​ការបោះផ្សាយ​មូលបត្រ​បំណុល​នេះ យើង​អាច​បង្កើត​ទំនាក់ទំនង​ថ្មី​មួយទៀត​ជាមួយ​នឹង​ក្រុម​សហគ្រិន​ទាំង​ក្នុងស្រុក និង​ក្រៅ​ប្រទេស​»​។

«​ខ្ញុំ​ជឿជាក់​ថា នេះ​គឺជា​លើក​ទី​ ១ ​ហើយ​ដែល​មាន​ក្រុមហ៊ុន​ធានារ៉ាប់រង​ក្នុងស្រុក វិនិយោគ​លើ​មូលបត្រ​បំណុល ក្នុង​នាម​ជា​វិនិយោគគិន​ចម្បង​។ យើង​ជឿជាក់​ថា ការចុះបញ្ជី​សញ្ញាបណ្ណ​សាជីវកម្ម​របស់​យើង​នឹង​ចូលរួមចំណែក​យ៉ាងសំខាន់​ដល់​ការពង្រីក​កេរ្តិ៍ឈ្មោះ​របស់​ធនាគារ​របស់​យើង ដែល​មិន​ត្រឹមតែ​ជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​ដៃគូ​ជឿទុកចិត្ត​ជាមួយ​នឹង​ប្រតិបត្តិការ​ផ្តោត​សំខាន់​លើ​អតិថិជន ការច្នៃប្រឌិត និង​តម្លាភាព​ផងដែរ​»​។

លោក​បាន​បន្ថែម​ទៀត​ថា​៖ «​ស្ថិតក្នុង​ដំណាក់កាល​ដំបូង​នៃ​ការវិវត្ត​របស់​មូលបត្រ​បំណុល ទីផ្សារ​មូលធន​នៅ​កម្ពុជា​ត្រូវ​បាន​ប៉ាន់​ស្មានថា​នឹង​ផ្តល់​ជូន​យើង​នូវ​ភាពបត់បែន​ និង​ស្ថិរភាព​បន្ថែមទៀត​ទាក់ទង​នឹង​ការផ្តល់​មូលនិធិ​សម្រាប់​រយៈពេល​មធ្យម និង​រយៈពេល​វែង​»​។

លោក Han Kyung Tae នាយក​ក្រុមហ៊ុន​មូលបត្រ​យ័នតា (​ខេមបូឌា) ដែលជា​អ្នកដឹកនាំ​គម្រោង​ចេញ​មូលបត្រ​បំណុល​របស់ ភីភីស៊ីប៊ែង ក៏​បាន​ទទួលស្គាល់​ផងដែរ​ថា ស្រប​ពេល​ដែល​វិបត្តិ​សុខាភិបាល​ដែល​បង្កឡើង​ដោយ​ជំងឺ​កូវីដ​១៩​កំពុង​យាយី​សេដ្ឋកិច្ច​សកល​ក៏ពិតមែន តែ​ផ្សាមូលបត្រ​កម្ពុជា​នៅតែ​ទទួល​បាន​ការចុះបញ្ជី​ពី​ក្រុមហ៊ុន​ឯកជន​។

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​នៅ​ពាក់កណ្តាល​នៃ​ការរីករាលដាល​នៃ​ជំងឺ​រាតត្បាត​កូវីដ​១៩ យើង​រីករាយ​ដែល​បាន​ដឹកនាំ ភីភីស៊ីប៊ែង ដោយ​ជោគជ័យ ក្នុង​ការបញ្ចប់​ដំណាក់កាល​ទី​ ១ នៃ​ការចេញ​មូលបត្រ​បំណុល​របស់​ខ្លួន​។ យើង​ជឿជាក់​ថា នេះ​គឺជា​ការចាប់ផ្តើម​ដ៏ល្អ​ប្រសើរ​មួយ​សម្រាប់​ធនាគារ ព្រោះ​ថា​ការធានា​លើ​សាច់ប្រាក់​គឺជា​អាទិភាព​មួយ​ក្នុង​ចំណោម​អាទិភាព​កំពូល​សម្រាប់​ធនាគារ​សម្រាប់​ប៉ុន្មាន​ខែ​ខាងមុខនេះ​»​។

លោក ស៊ូ សុជាតិ អគ្គនាយក​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​បាន​សាទរ​ចំពោះ​វត្តមាន​របស់​ភីភីស៊ីប៊ែង​នៅ​ផ្សារមូលបត្រ​កម្ពុជា​ដែល​ឆ្លុះបញ្ចាំង​ពី​ការតាំង​ចិត្ត​ខ្ពស់​របស់​ថ្នាក់ដឹកនាំ​នៃ​ធនាគារ​មកលើ​ប្រទេស​កម្ពុជា​។

លោក​បាន​ថ្លែងថា​៖ «​ខណៈពេល​ដ៏​តានតឹង​នេះ​គឺ​យើង​នៅតែ​បន្ត​បោះ​ជំហាន​ទៅមុខ​ជាមួយ​នឹង​ការចុះបញ្ជី​បោះផ្សាយ​សញ្ញា​បណ្ណ​សាជីវកម្ម​របស់​ធនាគារ​ភីភីស៊ីប៊ែង​នៅលើ​ផ្សារមូលបត្រ​កម្ពុជា​។ វា​ជា​រឿង​ដែល​មិនគួរ​ឲ្យ​ជឿ​ឡើយ​។

ស្ថិតក្នុង​ពេលវេលា​នេះ ធនាគារ​នៅតែ​បន្ត​ជំហរ និង​ប្តេជ្ញាចិត្ត​ក្នុង​ការបោះផ្សាយ បើទោះបី​ជា​ការបោះ​ផ្សាយ​នេះ​ត្រូវបាន​បែងចែក​ជា​ ២ ​ដំណាក់កាល​ក៏ដោយ តែ​ការបោះផ្សាយ​ជំហាន​ទីមួយ​ដែល​ទឹកប្រាក់​ប្រមាណ​ជា​ ១០ ​លាន​ដុល្លារ​នេះ​គឺជា​ជោគជ័យ​ដ៏ធំធេង​មួយ​របស់​ធនាគារ និង​ផ្សារមូលបត្រ​កម្ពុជា ដូច្នេះ​ធនាគា​ភីភីស៊ីប៊ែង​នឹង​រិះរក​ពេលវេលា​ដ៏សមស្រប​ណាមួយ​ក្នុង​ការបោះផ្សាយ​ដំណាក់​ទី​ ២ ​ដែល​មាន​ទឹកប្រាក់​ ១០ ​លាន​ដុល្លារ​ទៀត​ក្នុង​រយៈពេល​ ៦ ​ខែ​ខាង​មុខ​នេះ​»​។

ធនាគារ ភីភីស៊ីប៊ែង បាន​ប្រមូល​ទុន​ចំនួន ៤០ ​ពាន់​លាន​រៀល (១០ ​លាន​ដុល្លារ​អាមេរិក​) ​ដោយ​ជោគជ័យ​ក្នុង​ដំណាក់​ទី​ ១ ចំពេល​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​១៩​។ ក្នុងដំណាក់កាល​ទី​ ១ ក្រុម​វិនិយោគិន​បាន​ទិញ​សញ្ញា​បណ្ណ សាជីវកម្ម​ដែល​មាន​ការការពារ​ហានិភ័យ​អត្រា​ប្តូរប្រាក់​មាន​អត្រា​គូប៉ុងចុង ក្រោយ​ប្រចាំ​ឆ្នាំ ៦.៥% និង​មាន​រយៈពេល​ ៣ ​ឆ្នាំ​។

មូលបត្រ​បំណុល​សរុប ៤០០ ០០០ ត្រូវ​បាន​ធ្វើការ​ជួញដូរ​នៅក្នុង​ដំណាក់​ទី​ ១ ដែល​មាន​តម្លៃ​ ១ ​ម៉ឺន​រៀល​ក្នុង​មួយ​មូលបត្រ​បំណុល​។ ធនាគារ ភីភីស៊ីប៊ែង គ្រោង​នឹង​ប្រមូល​ទុន​ឱ្យបាន ៤០ ​ពាន់​លាន​រៀល​បន្ថែមទៀត​ក្នុង​ដំណាក់កាល​ទី​ ២ នៅ​ប្រមាណ​រយៈពេល​ ៦ ​ខែ​ខាងមុខ​ដោយ​តាមដាន​ដោយ​ប្រុងប្រយ័ត្ន​នូវ​ការវិវត្ត​នានា​ក្នុងស្ថានភាព​នៃ​ជំងឺ​កូវីដ​ ១៩៕