ភ្នំពេញៈ ធនាគារពាណិជ្ជ PPCBank ដែលវិនិយោគដោយកូរ៉េខាងត្បូង និងក្រុមហ៊ុន ទ្រូម៉ាន់នី ដែលបម្រើសេវាទូទាត់ហិរញ្ញវត្ថុចល័តគ្រប់គ្រងដោយវិនិយោគិនជនជាតិថៃកាលពីថ្ងៃពុធ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីជួយសម្រួលដល់ការបង់ប្រាក់កម្ចីរបស់ធនាគារនេះឱ្យកាន់តែងាយស្រួល និងរហ័សថែមទៀតដែលឆ្លើយតបទៅនឹងការរីកចម្រើននៃការទូទាត់តាមបែបឌីជីថលក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។
តាមរយៈ MoU នេះ អតិថិជនទាំងអស់របស់ធនាគារ PPCBank នេះអាចបង់ប្រាក់កម្ចីរបស់ខ្លួនទៅឱ្យធនាគារតាមរយៈកម្មវិធីទូរស័ព្ទដៃ TrueMoney Wallet និងភ្នាក់ងារទ្រូម៉ាន់នី។
សេចក្តីប្រកាសព័ត៌មានឱ្យដឹងថា MoU នេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខា ហើយអតិថិជនទាំងអស់នឹងទទួលបាននូវការផ្ដល់ជូនពិសេសរយៈពេល ៣ ខែសម្រាប់ការបង់ប្រាក់កម្ចីដោយឥតគិតថ្លៃសេវាចាប់ពីថ្ងៃទី ២៣ ខែកញ្ញា រហូតដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០។
លោក Shin Chang Moo នាយកប្រតិបត្តិធនាគារ PPCBank បានឱ្យដឹងនៅក្នុងពិធីចុះហត្ថលេខាថា ភាពជាដៃគូនេះគឺជាសមិទ្ធផលថ្មីមួយផ្សេងទៀតក្នុងផែនការរបស់ធនាគារនេះសំដៅធ្វើឲ្យមានភាពកាន់តែងាយស្រួលដល់អតិថិជនក្នុងការបង់ប្រាក់កម្ចី។
លោកថ្លែងថា៖ «យើងជឿជាក់ថា ការរកបាននូវដៃគូល្អគឺជារឿងដែលពុំអាចកាត់ថ្លៃបាន។ កេរ្ដិ៍ឈ្មោះដ៏ល្អរបស់ទ្រូម៉ាន់នីនឹងធ្វើឱ្យអតិថិជនរបស់យើងមានភាពជឿជាក់ និងទុកចិត្តនៅពេលបង់ប្រាក់កម្ចីតាមរយៈភាគីទី ៣ នេះ»។
លោកស្រី ឃួន ហ្វ្រង់ដារា អគ្គនាយិកា គ្រប់គ្រងផ្នែកយុទ្ធសាស្ដ្រក្រុមហ៊ុនទ្រូម៉ាន់នី កម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ននេះ TrueMoney កំពុងរីកចម្រើនយ៉ាងរហ័សនៅក្នុងប្រទេសកម្ពុជា។ ចំណែកភាពជាដៃគូនេះនឹងផ្ដល់នូវដំណើរការបង់ប្រាក់កម្ចីកាន់តែប្រសើរចំពោះអតិថិជនរបស់ PPCbank។
លោកស្រីថ្លែងថា៖ «យើងពិតជាមានមោទនភាពដែលបានចាប់ដៃគូជាមួយធនាគារ PPCbank ក្នុងការផ្ដល់សេវានេះដែលនឹងជួយបន្ថែមភាពងាយស្រួល និងគុណតម្លៃដល់អតិថិជនរបស់ធនាគារ PPCbank ក៏ដូចជាសម្រាប់ខ្លួនយើងផ្ទាល់។ ការសហការជាដៃគូនៅថ្ងៃនេះគឺជាកម្មវិធីសហការមួយក្នុងចំណោមកម្មវិធីជាច្រើនទៀតដែលយើងនឹងដាក់ឱ្យដំណើរការនៅប៉ុន្មានខែខាងមុខនេះ ស្របពេលដែលទ្រូម៉ាន់នីបន្តពង្រីកសេវាកម្មរបស់ខ្លួន»។
ចំនួនគណនីកម្មវិធីទូទាត់តាមរយៈឌីជីថលនៅកម្ពុជាបានកើនឡើង ៥,២២ លានកាលពីឆ្នាំ ២០១៩ ដែលបង្ហាញកំណើន ៦៤ ភាគរយធៀបនឹងឆ្នាំ ២០១៨។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា (NBC) ដែលបានចេញផ្សាយកាលពីខែមិថុនា។
របាយការណ៍នេះក៏បានកត់សម្គាល់ថា ចំនួនគណនីប្រាក់បញ្ញើនៅក្នុងគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់នៅកម្ពុជាបានកើនឡើងដល់ ៧,៦២ លានដុល្លារកាលពីឆ្នាំមុន។
ទិន្នន័យដែលបានរៀបចំឡើងដោយ NBC បង្ហាញថាទំហំនៃការផ្ទេរប្រាក់តាមរយៈធនាគារ និងគ្រឹះស្ថានសេវាបង់ប្រាក់ (PSIs) មានចំនួន ៥៧,៩៩ ពាន់លានដុល្លារ កាលពីឆ្នាំមុន ឬ ២១៣ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)។ ទន្ទឹមនឹងនេះការទូទាត់ចល័តតាមរយៈធនាគារ និង PSIs ស្មើនឹង ២២,៩ ភាគរយនៃ GDP កាលពីឆ្នាំមុន។
សេចក្តីប្រកាសព័ត៌មានឱ្យដឹងថា បច្ចុប្បន្ននៅកម្ពុជា ទ្រូម៉ាន់នី មានភ្នាក់ងារជាង ១០ ០០០ កន្លែងនៅទូទាំងប្រទេសកម្ពុជា។ ទ្រូម៉ាន់នី ក៏មានបណ្ដាញភ្នាក់ងារក្នុងតំបន់ឈានមុខគេនៅអាស៊ីអាគ្នេយ៍ចំនួន ៦៥ ០០០ កន្លែងព្រមទាំងបរិមាណទូទាត់ប្រាក់ឈានមុខគេ ៨ ពាន់លានដុល្លារ កាលពីឆ្នាំ ២០១៩ ខណៈដែលបច្ចុប្បន្ន PPCBank មាន ២៣ សាខា និងទូអេធីអឹម ៦០ ដាក់ដំណើរការនៅជុំវិញទីក្រុងភ្នំពេញ និងខេត្តសំខាន់ៗមួយចំនួនក្នុងប្រទេសកម្ពុជា៕LA