ភ្នំពេញៈ ទោះបី​ជា​ការរីករាលដាល​ជំងឺ​កូវីដ​១៩ នៅតែ​មាន​ក៏ដោយ ក៏​ធនាគារ PPC-Bank ដែល​គ្រប់គ្រង​ដោយ​វិនិយោគិន​កូរ៉េខាងត្បូង​បាន​ប្រកាស​ថា នឹង​ចុះបញ្ជី​បោះផ្សាយ​លក់​មូលបត្រ​សាជីវកម្ម​នៅលើ​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​ (CSX) ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ប្រមូល​មូលនិធិ​ ១០ ​លាន​ដុល្លារ​បន្ថែមទៀត​ពី​ទីផ្សារ​នេះ​។

ការចុះបញ្ជី​បោះផ្សាយ​ជុំ​ទី​ ២ ​នៃ​សញ្ញាបណ្ណ​សាជីវកម្ម​របស់​ធនាគារ PPCBank បាន​ធ្វើឡើង​រយៈពេល​ជាង​ ៥ ​ខែ​ប៉ុណ្ណោះ បន្ទាប់ពី​ជុំ​ទី​ ១ ​ត្រូវ​បាន​បោះផ្សាយ​ជា​ផ្លូវការ​កាលពី​ចុង​ខែ​មេសា ហើយ​ក៏​ប្រមូល​មូលនិធិ​បាន​ ១០ ​លាន​ដុល្លារ​ផងដែរ​។

លោក Jong Weon Ha អនុប្រធាន CSX បាន​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​ថា ធនាគារ PPCBank បាន​ធ្វើការ​បោះផ្សាយ​លក់​មូលបត្រ​សាជីវកម្ម​ជុំ​ទី​ ២ ជាមួយ​នឹង​ទំហំ​ទឹកប្រាក់​សរុប​ចំនួន ៤០ ប៊ីលាន​រៀល (​ប្រហែល​ ១០ ​លាន​ដុល្លារ​អាមេរិក​) ដោយមាន​រយៈពេល​ ៣ ​ឆ្នាំ អត្រា​ការប្រាក់​ខ្ពស់ ៦,៥ ​ភាគរយ​ក្នុង​ ១ ​ឆ្នាំ​។ លោក​បាន​ឱ្យ​ដឹងថា សញ្ញាបណ្ណ​សាជីវកម្ម​ទាំងអស់​ត្រូវ​បាន​​ជាវ​ទាំងស្រុង​កាលពី​ថ្ងៃទី​ ២១ ខែកញ្ញា ឆ្នាំ​ ២០២០ ហើយ​ធនាគារ​នេះ​នឹង​ចុះបញ្ជី​សញ្ញាបណ្ណ​សាជីវកម្ម​ទាំងនេះ​នៅ CSX នៅ​ថ្ងៃទី​ ៨ ខែ​តុលា ឆ្នាំ​ ២០២០​។

លោក Ha ថ្លែងថា​៖ «​ខ្ញុំ​ផ្ទាល់​គិតថា វា​ជា​រឿង​ធម្មតា ដែល​ក្រុមហ៊ុន​ចុះបញ្ជី​មូលបត្រ​មូលនិធិ​ពី​ទីផ្សារ​មូលធន​ជាច្រើន​ដង ហើយ​ដោយ​មាន​ភាពជោគជ័យ​នៃ​ការចេញ​មូលបត្រ​លើក​ទី​ ២ ​របស់​ធនាគារ PPCB បាន​បង្ហាញថា ផ្សារហ៊ុន​នេះ​គឺជា​ប្រភព​ថវិកា​ដ៏សម្បូរបែប ដែល​អាច​ឱ្យ​ក្រុមហ៊ុន សហគ្រាស ជាពិសេស​ក្រុមហ៊ុន​ចុះបញ្ជី​អាច​ប្រមូល​មូលនិធិ​បន្ថែម​ជាច្រើន​ដង​ដើម្បី​គាំទ្រ​ការអភិវឌ្ឍ​យ៉ាងរហ័ស និង​ការពង្រីក​អាជីវកម្ម​របស់​ពួកគេ ជា​ជាង​ការរង់ចាំ​ប្រាក់ចំណេញ​របស់​ពួកគេ ដើម្បី​ពង្រីក​អាជីវកម្ម ដែល​អាច​មាន​ដំណើរការ​យឺតយ៉ាវ ដោយសារ​តែ​ទីផ្សារ​ប្រកួតប្រជែង​គ្នា​ខ្លាំង​នៅ ពេលបច្ចុប្បន្ន​»​។

លោក Han Kyung tae នាយក​គ្រប់គ្រង​ក្រុមហ៊ុន Yuanta Securities (Cambodia) Plc បាន​ឱ្យ​ដឹង​នៅក្នុង​អំឡុង​ការចុះបញ្ជី​លើក​ទី​ ១ របស់​ធនាគារ​នេះ​កាលពី​ខែ​មេសា​ថា នៅ​ពាក់កណ្ដាល​វិបត្តិ​សុខភាព​នេះ​គឺជា​សមិទ្ធផល​ដ៏ធំ​មួយ​សម្រាប់​ទាំង​ធនាគារ​នេះ និង​ការអភិវឌ្ឍ​នៃ​ទីផ្សារ​មូលធន​របស់​កម្ពុជា​។

ទិន្នន័យ​បាន​ពី CSX រហូត​មក​ដល់​ពេលនេះ ទីផ្សារ​នេះ​មាន​ក្រុមហ៊ុន​ចុះបញ្ជី​ចំនួន​ ១៣ ក្នុងចំណោម​ក្រុមហ៊ុន​ទាំងនោះ ក្រុមហ៊ុន​ ៧ ​ចុះបញ្ជី​មូលបត្រ​កម្មសិទ្ធិ និង​ក្រុមហ៊ុន​ ៦ ​ផ្សេង​ទៀត​ចុះបញ្ជី​សញ្ញាបណ្ណ​សាជីវកម្ម​។ ក្រុមហ៊ុន​ ១៣ ​នេះ​បាន​ប្រមូល​មូលនិធិ​រួមគ្នា​បាន​ប្រហែល​ ២៤៣ ​លាន​ដុល្លារ​។ ត្រឹម​ចុង​ឆមាស​ទី​ ១ ​ឆ្នាំ​នេះ​មូលធន​ភាវូបនីយកម្ម​ទីផ្សារ​មួយ​នេះ​បាន​កើនឡើង​ដល់​ ២,៥៧ ​ពាន់​លាន​ដុល្លារ ដែល​មាន​ចំនួន​ ៤,៥ ​ដង បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំមុន​៕LA