ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ គ្រោង​នឹង​បញ្ចប់សេចក្តី​ព្រាង​នៃ​កិច្ចព្រមព្រៀង​ក្របខ័ណ្ខ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ភ័ស្តុភារកម្ម​ភ្នំពេញ​ (PPLC) ​នៅពេល​ឆាប់ៗ ដើម្បី​ឈានទៅ​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​នេះ​ជាមួយ​ក្រុមហ៊ុន YCH​។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​រួម​ជាមួយនឹង​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​លោក Alex Sanford អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​អន្តរជាតិ​កាលពី​ថ្ងៃទី​ ២១ ធ្នូ បាន​ចូលរួម​កិច្ចប្រជុំ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​ដើម្បី​ពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាង​ចុងក្រោយ​នៃ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​នេះ​។

កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ពិនិត្យ​លើ​សេចក្តីព្រាង​ចុងក្រោយ​នៃ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​របស់​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ភ័ស្តុភារកម្ម​ភ្នំពេញ​រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ (​តំណាង​រដ្ឋាភិបាល​) ​ជាមួយ​ក្រុមហ៊ុន YCH ដែលជា​ក្រុមហ៊ុន​សិង្ហបុរី​ក្នុង​ការប្រមូល​ធាតុ​ចូល​បន្ថែម​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​សំដៅ​ឱ្យ​កិច្ចព្រមព្រៀង​នេះ​មាន​ខ្លឹមសារ​ជា​គតិយុត្ត​គ្រប់​ជ្រុងជ្រោយ​ក្នុង​បទដ្ឋាន​ជាតិ និង​អន្តរជាតិ និង​អាច​ទទួលយកបាន​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​។

លោក ស៊ុន ចាន់ថុល ថ្លែង​ថា​ស្របតាម​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​រដ្ឋាភិបាល ក្រសួង​នឹង​បញ្ចប់សេចក្ដី​ព្រាង​នៃ​កិច្ចព្រមព្រៀង​នេះ​នាពេល​ឆាប់ៗ ដើម្បី​ដាក់ជូន​ទៅ​ក្រុមហ៊ុន YCH​។

លោក ចាន់ថុល បាន​បន្តថា ភ័ស្តុភារកម្ម​ភ្នំពេញ គឺជា​មជ្ឈមណ្ឌល​ដ៏មាន​សក្ដានុពល​ក្នុង​ការលើកស្ទួយ​វិស័យ​​ដឹកជញ្ជូន​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​មាន​លក្ខណៈ​ប្រកួតប្រជែង​ជាមួយ​នឹង​ប្រទេស​ក្នុង​តំបន់ និង​សកលលោក​ទាំង​តម្លៃ និង​សេវាកម្ម​។

លោក​បន្ថែមថា មជ្ឈមណ្ឌល​ភ័ស្តុភារកម្ម​ភ្នំពេញ​ក៏​ជា​កម្លាំងចលករ​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន និង​សម្រេចបាន​នូវ​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​កម្ពុជា​ទៅជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០ និង​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អង្គប្រជុំ ដែល​បានផ្ដល់​ធាតុ​ចូល​ដ៏មាន​តម្លៃ​ក្នុង​បុព្វហេតុ​រៀបចំ​កិច្ចព្រមព្រៀង​នេះ​ឱ្យមាន​សង្គតភាព ស្របតាម​បរិបទ​ច្បាប់ សង្គម និង​សេដ្ឋកិច្ចកម្ពុជា សេដ្ឋកិច្ច​តំបន់ និង​សកលលោក​នាបច្ចុប្បន្ន និង​អនាគត​»​។

លោក ឈៀង ពេជ្រ អគ្គនាយក​អគ្គនាយកដ្ឋាន​ភ័ស្តុភារកម្ម​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២២ ធ្នូ ​ថា ក្រោយពី​ពិនិត្យមើល​គ្រប់​ជ្រុង​រួចមក គណៈកម្មាធិការ​អន្តរក្រសួង​បាន​ឯកភាព​ជា​គោលការណ៍​កែសម្រួល​ចំនួន ៣ ​ចំណុច​ដាក់បញ្ចូល​ទៅក្នុង​សេចក្តីព្រាង​ក្របខ័ណ្ឌ​នេះ ដើម្បី​ផ្ញើឱ្យ​ក្រុមហ៊ុន YCH ពិនិត្យ និង​សម្រេច​។ ប៉ុន្តែ​ចំណុច​ទាំង​ ៣ ​នេះ​មិនទាន់​អាច​បញ្ចេញ​ជា​សាធារណៈ​បាន​នៅឡើយ​ទេ ព្រោះ​មិនទាន់​មាន​ការសម្រេច​ជា​ផ្លូវការ​របស់​ក្រុមហ៊ុន​។

លោក​និយាយថា​៖ «​បើសិន​ក្រុមហ៊ុន​ឯកភាព​លើ ៣​ ចំណុច​នេះ គឺ​យើង​នឹង​កំណត់ពេល​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្របខ័ណ្ខ​នៅពេល​ឆាប់ៗ ដែល​អាច​នឹង​ធ្វើ​ឡើង​នៅ​ដើមឆ្នាំ​ក្រោយ​»​។

គម្រោង​ភ្នំពេញ​ឡូជីស្ទីក មាន​ទីតាំងនៅ​សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​លើ​ផ្ទៃដី ៩៨ ហិកតា​ ដែលជា​ទីតាំង​យុទ្ធសាស្ដ្រ​មួយ​តភ្ជាប់​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​ក្នុង​ខេត្ត​ព្រះសីហនុ និង​ខ្សែ​ផ្លូវដែក​ភាគ​ខាងជើង​ភ្ជាប់​ទៅ​ព្រំដែន​ថៃ​។ វា​ក៏​នៅ​ជិត​ព្រលាន​យន្តហោះ​អន្តរជាតិ​ផ្លូវជាតិ​លេខ​ ៤ និង​ផ្លូវជាតិ​លេខ​ ៣ ព្រមទាំង​ទីតាំង​ស្ដុក​ទំនិញ​នៅ​ស្ថានីយ​រថភ្លើង និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​៕ LA