The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - PPSP ច្រានចោល​ការចោទ​ប្រកាន់​របស់ AGH

PPSP ច្រានចោល​ការចោទ​ប្រកាន់​របស់ AGH

Content image - Phnom Penh Post
ទិដ្ឋភាព​នៅ​ពី​មុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ PPSP។ ហុង មិនា

PPSP ច្រានចោល​ការចោទ​ប្រកាន់​របស់ AGH

ភ្នំពេញៈ ក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី (PPSP) បាន​បដិសេធ​នូវ​រាល់​ការចោទប្រកាន់​របស់​ក្រុមហ៊ុន Asiatic Group​ (Holdings) Limited (AGH) តាមរយៈ​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ខ្លួន​គឺ ក្រុមហ៊ុន Colben System Pte Ltd (Colben)​ និង​ក្រុមហ៊ុន ខូបេនអេនើជី (ខេមបូឌា) ភីភីអេសអ៊ីហ្សិត លីមីតធីត ​(CE-ZH) ទាក់ទង​នឹង​ជម្លោះ​ជុំវិញ​កិច្ចព្រមព្រៀង​រួម​គ្នា​រវាង​ក្រុមហ៊ុន​ខូបេន និង​ក្រុមហ៊ុន​ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី លើ គម្រោង​រោងចក្រ​ផលិត​អគ្គិសនី​​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (ភីភីអេស​អ៊ីហ្សិត)។

កាលពី​ថ្ងៃ​ទី​ ១៩ ខែ​វិច្ឆិកានេះ​ ក្រុមហ៊ុន Colben System Pte Ltd ដែល​គ្រប់គ្រង​ទាំងស្រុង​ដោយ​ក្រុមហ៊ុន Asiatic Group និង​ក្រុមហ៊ុន​ Colben Energy Holdings (PPSEZ) Ltd (CEZH) ដែល​គ្រប់គ្រង​ភាគហ៊ុន ៩៥ ​ភាគរយ​បាន​ចាប់ផ្ដើម​នីតិវិធីមជ្ឈត្តកម្ម​ដែល​ត្រូវបាន​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​មជ្ឈត្តកម្ម​អន្តរជាតិ​នៅ​ប្រទេស​សិង្ហបុរី។

នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន លោក Tan Boon Kheng នាយក​គ្រប់គ្រង​ក្រុមហ៊ុន Asiatic Group ដែល​ចុះ​បញ្ជី​នៅ​ Catalist ​របស់​​ក្រុមហ៊ុន Singapore Exchange Ltd បាន​ឱ្យ​ដឹង​ថា ការរំលោភ​កិច្ចព្រមព្រៀង JV បាន​បណ្ដាល​ឱ្យមាន​ការផ្លាស់ប្តូរ​យ៉ាង​ច្រើន​នៅ​ក្នុង​គំរូ​ប្រតិបត្តិការ និង​អាជីវកម្ម​របស់​រោងចក្រ​ផលិត​​ថាមពល​មួយ​នេះ​ ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​អត្ថប្រយោជន៍​របស់​គម្រោង​នេះ។

លោក Tan បាន​ឱ្យ​ដឹង​ថា បណ្ដឹង​នេះ​តំណាង​​ឱ្យការ​ខាតបង់​របស់​ភាគទុនិក​​នៃ​​​ក្រុមហ៊ុន Colben​ និង​ក្រុមហ៊ុន​ CEZH នៅ​ក្នុង​ក្រុមហ៊ុន​ Colben Energy (Cambodia) PPSEZ Ltd ដែល​ក្រុមហ៊ុន​ JV រួម​ជាមួយ​​ក្រុមហ៊ុន​ PPSP បាន​បង្កើតឡើង​កាលពី​ឆ្នាំ​ ២០០៦ ​ជា​លទ្ធផល​នៃ​ការខាតបង់​ដែល​​រំពឹងទុក​នៃ​ប្រាក់​ចំណូល​របស់​​ក្រុមហ៊ុន JV។

ជាការ​ឆ្លើយតប​ក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី បាន​ឱ្យដឹង​នៅ​ក្នុង​ឯកសារ​ជូន​ដំណឹង​ផ្ញើ​ទៅ​កាន់​ផ្សារ​មូលបត្រ​កម្ពុជា​កាលពី​ថ្ងៃ​សុក្រ​កន្លង​មក​​នេះ​ថា ក្រុមហ៊ុន​ផលិត​អគ្គិសនី​ដែល​មាន​ឈ្មោះ​ថា ខូបេនអេនើជី (ខេមបូឌា) ភីភីអេសអ៊ីហ្សិត លីមីតធីត​ (CEZ) ​ទទួល​​បាន​សិទ្ធិ​ផ្តាច់​មុខ​​ក្នុង​ការចែកចាយ និង​ផលិត​អគ្គិសនី។

ក្រុមហ៊ុន ភ្នំពេញ​អេសអ៊ីហ្សិត ភីអិលស៊ី កាន់កាប់​ ២៣ ​ភាគរយ​នៃ CEZ រីឯ AGH កាន់កាប់ ៧៧ ភាគរយ​នៃ CEZ តាមរយៈ Colben និង CEZH។

យោងតាម​ឯកសារ​នោះ​ថា ដំបូង AGH (តាមរយៈ Colben និង CEZH) បាន​ចោទ​ប្រកាន់​ថា PPSP បាន​ញុះញង់ និង​ជំរុញ​ឱ្យ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា (EAC) ​​ចេញ​សេចក្តី​សម្រេច​ចុះ​​ថ្ងៃ​ទី ៣០ ខែ​មិថុនា ឆ្នាំ ២០២០ ដែល​តម្រូវ​ឱ្យ CEZ កែប្រែ​អត្រា​ពន្ធ​អគ្គិសនី​សម្រាប់​​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ក៏​ដូចជា​ការផ្តល់​ឱ្យ​អតិថិជន PPSEZ នូវ​ជម្រើស​មួយ​រវាង​ការទិញ​អគ្គិសនី​ជាមួយ​​ថាមពល​បម្រុង និង​ការ​ទិញ​ដោយ​គ្មាន​ថាមពល​បម្រុង។

AGH បាន​អះអាង​ថា ខ្លួននឹង​ទទួល​រង​នូវ​ការខាតបង់​ដែល​បណ្តាល​មក​ពី​សេចក្តី​សម្រេច​របស់​អគ្គិសនី​កម្ពុជា​ដែល​ទាក់ទង​ជាមួយ​នឹង PPSP។

ឯកសារ​ផ្ញើទៅ​កាន់​ផ្សារមូលបត្រ​កម្ពុជា​បាន​ឱ្យ​ដឹង​បន្ត​ថា ៖ ​«PPSP បដិសេធ​រាល់​ការចោទប្រកាន់​របស់ AGH ហើយ​នឹង​ចាត់​រាល់​វិធានការ​ចាំបាច់​ទាំងអស់​ដើម្បី​ការពារ​យ៉ាង​ខ្លាំងក្លា​ប្រឆាំង​នឹង​ការអះអាង​ដោយ​គ្មាន​មូលដ្ឋាន​ទាំង​នេះ»។

អាជ្ញាធរ​អគ្គិសនី​កម្ពុជា​គឺជា​ស្ថាប័ន​និយតកម្ម ឯករាជ្យ​មួយ​ដែល​បាន​ដឹកនាំ​ការកែប្រែ​ពន្ធ​អគ្គិសនី​ជា​ច្រើន​លើក​កន្លង​មក ដោយ​អនុលោម​តាម​ប្រកាស​​លេខ ៤០ ចុះថ្ងៃទី​ ១៤ ខែ​មករា ឆ្នាំ​​ ២០២០ ដែល​ចេញ​ដោយ​ក្រសួង​រ៉ែ និង​ថាមពល ដែល​តម្រូវ​ឱ្យ​អនុវត្ត​នូវ​ផែនការ​កាត់បន្ថយ​ថ្លៃ​​ពី​ការលក់​អគ្គិសនី​ដល់​​អ្នក​ប្រើប្រាស់ និង​រៀបចំ​ផែនការ ឬ​ធ្វើ​កំណែ​ទម្រង់​ការទូទាត់​ប្រាក់​សំណង​អគ្គិសនី​សម្រាប់​ឆ្នាំ ២០២០ និងឆ្នាំ​ ២០២១​។ PPSP មិន​មាន​ការគ្រប់គ្រង​លើ​សេចក្ដី​សម្រេច​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ទេ។

ឯកសារ​ជូន​ដំណឹង​របស់ PPSP ​បន្តថា៖ ​«បច្ចុប្បន្ន PPSP កំពុង​ពិចារណា​លើ​ជម្រើស​របស់​ខ្លួន ហើយ​នឹង​ជម្រាប​ជូន​ព័ត៌មាន​បន្ថែម​ទៀត​ដល់​ម្ចាស់​ភាគហ៊ុន​អំពី​ជំហាន​បន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​ ដែល​នេះ​គឺជា​កាតព្វកិច្ច​នៃ​ការ​រក្សា​ការសម្ងាត់​​ទាក់ទង​នឹង​ដំណើរការ​មជ្ឈត្តការ»៕ LA

អត្ថបទគួរចាប់អារម្មណ៍

  • ខេត្តបាក់និញៈ សួនឧស្សាហ​កម្ម​ Yen Phong 1 Industrial Park នៅខេត្ត Bac Ninh ភាគខាងជើង​បាន​ក្លាយជា​​សួនឧស្សាហ​កម្មលើក​ដំបូង​នៅក្នុងប្រទេស​វៀតណាម ដែលទទួល​បាន​​បណ្ដាញ​ទូរគមនា​គមន៍​ 5G ដោយ​បច្ចេកវិទ្យាថ្មីនេះ​​ បានដាក់​​ឲ្យដំណើរការ​នៅទីតាំងនោះ​ដោយ​ក្រុមហ៊ុន Viettel កាល​ពីថ្ងៃព្រហស្បតិ៍។​​

  • ភ្នំពេញៈ កម្ពុជា​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អាមេរិក​មានតម្លៃ​ជាង ៦ ​ពាន់​លាន​ដុល្លារ​ ក្នុង​រយៈពេល​ ១១ ​ខែ ឆ្នាំ​ ២០២០ កើន​ជាង ២២ ​ភាគរយ​ធៀបនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩ ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​មានតម្លៃ​ជាង ៦,៣ ​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​ការិយាល័យ​ពាណិជ្ជកម្ម​អាមេរិក​។

  • ភ្នំពេញៈ ត្រឹម​រយៈពេល​ជិត​ ១ ​ខែ​ប៉ុណ្ណោះ​ចាប់ពី​ថ្ងៃទី​ ២០ ធ្នូ ដល់​ថ្ងៃទី​ ១៧ មករា ពលករ​ខ្មែរ​ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ​តាម​ច្រក​នៃ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ​ចំនួន​ ៦៩ ​នាក់ ​ត្រូវបាន​រកឃើញ​វិជ្ជមាន​កូវីដ​ ១៩ ដោយ​ក្នុង​នោះ​ពលករ​ដែល​បាន​ព្យាបាល​ជាសះស្បើយ​ ២១ ​នាក់​។

  • ស្ទឹងត្រែងៈ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​គ្រោង​នឹង​បញ្ជូន​បុរស​ជនជាតិ​ឡាវ​​ ២ ​នាក់ និង​វត្ថុតាង​គ្រឿងញៀន​ជិត​ ៥០ ​គីឡូក្រាម​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ខណៈ​ដែល​សមត្ថកិច្ច​កម្ពុជា​កំពុង​សហការ​ជាមួយ​សមត្ថកិច្ច​ឡាវ​ ដើម្បី​តាម​រក​ចាប់ខ្លួន​ជនជាតិ​ឡាវ​ ៤ ​នាក់​ទៀត​ដែល​រត់គេចខ្លួន​។

  • ភ្នំពេញៈ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​យុវជន និង​កីឡា​បាន​ដឹកនាំ​កិច្ចប្រជុំ​ដាក់​ចេញ​វិធានការ​បន្ថែម​ដល់​សាលារៀន​ដែល​កំពុង​ត្រូវបាន​ប្រើប្រាស់​ជា​មណ្ឌល​ចត្ដាឡីស័ក ពិសេស​សាលារៀន​តាម​ខេត្ដ​ជាប់​ព្រំដែន​ប្រទេស​ថៃ និង​វៀតណាម​ដើម្បី​ធ្វើយ៉ាងណា​ធានា​ផ្ដល់​ការសិក្សា​ដល់​សិស្ស​គ្រប់គ្នា​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ​។

  • ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​លុបបំបាត់​ការបង្ក​សំឡេង​រំខាន​លើស​កម្រិត​ដោយ​យានយន្ដ​គ្រប់​ប្រភេទ និង​លុបបំបាត់​កន្លែង​កែច្នៃ​បំពង់​ស៊ី​ម៉ាំង​ដែល​បង្ក​ភាព​រំខាន​ដល់​អារម្មណ៍ និង​សិទ្ធិ​រស់នៅ​របស់​ពលរដ្ឋ