ភ្នំពេញៈ ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ (PPSP) ដែល​ចុះបញ្ជី​នៅ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX) ​បាន​ទិញ​ភាគហ៊ុន​នៅសល់​ ៤០ ​ភាគរយ​ មានតម្លៃ ១ ១៧២ ៥១៥ ​ដុល្លារ​ ពី​ក្រុមហ៊ុន Saha E&C Co.,Ltd បន្ទាប់ពី​ក្រុមហ៊ុន​មួយ​នេះ​ទទួលបាន​ការយល់ព្រម​ពី​និយតករ​ផ្សារ​មូលបត្រ​កម្ពុជា​កាលពី​ថ្ងៃទី​ ១៨ ខែ មីនា ឆ្នាំ​ ២០២១​។

យោងតាម​សេចក្ដី​ជូនដំណឹង​ដែល​ផ្ញើ​ទៅ CSX កាលពី​ថ្ងៃទី​ ២២ ខែមីនា ក្រុមហ៊ុន Phnom Penh SEZ Plc ជូនដំណឹង​ដល់​សាធារណជន​ថា ក្រុមហ៊ុន PPSP បាន​ទិញយក​ភាគហ៊ុន​របស់​ក្រុមហ៊ុន Saha E&C Co.,Ltd ដែលជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន PPSP កាន់កាប់ ៦០ ​ភាគរយ និង​ ៤០ ​ភាគរយ​ផ្សេងទៀត​កាន់កាប់​ដោយ​ក្រុមហ៊ុន LCH ស្ថិតក្រោម​ការអនុញ្ញាត​ពី​និយតករ​ផ្សារមូលបត្រ​កម្ពុជា​កាលពី​ថ្ងៃទី ​១៨ ខែមីនា​។

«​គោលបំណង​នៃ​ការកាន់កាប់​នេះ គឺ​ដើម្បី​កាន់​ភាគហ៊ុន​នៅសល់​ចំនួន ៤០ ​ភាគរយ​ដែល​មិនមែន​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន PPSP​។ Saha E & Co.,Ltd គឺជា​ក្រុមហ៊ុន​ដែល​ចូលរួម​ជា​ចម្បង​រាល់​ការងារ​សាងសង់ និង​សំណង់ វិស្វកម្ម ការរចនា​លទ្ធកម្ម ការគ្រប់គ្រង​គម្រោង និង​ការថែទាំ​»​។ នេះ​បើតាម​សេចក្ដី​ជូនដំណឹង​។

នាយក​គ្រប់គ្រង​ក្រុមហ៊ុន PPSEZ លោក Hiroshi Uematsu និយាយថា SAHA E&C ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០១៧ ក្នុង​គោលបំណង​ដើម្បី​ទទួល​បាន​គម្រោង​ពី​ខាងក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ក៏​ដូចជា​នៅក្នុង​តំបន់​របស់ខ្លួន​។

លោក​ថ្លែងថា​៖ «​យើង​បាន​គិតថា​យើង​អាច​ពង្រីក​សេវាកម្ម​យើង​នៅក្រៅ​តំបន់​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​នៃ​វិស័យ​ឧស្សាហកម្ម​។ តាមរយៈ​ការធ្វើ​ដូច្នេះ​យើង​អាច​បង្កើន​ប្រាក់ចំណូល​ពី SAHA E&C»​។

លោក Jong Weon Ha អនុប្រធាន​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​ (CSX) ​បានឱ្យដឹងថា ការកាន់កាប់​ភាគហ៊ុន​របស់​ក្រុមហ៊ុន Saha E&C ចង្អុលបង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​ក្នុង​ការពង្រីក​អាជីវកម្ម​របស់ PPSP​។

លោក​និយាយថា​៖ «​ការទិញ​ភាគហ៊ុន​ក្រុមហ៊ុន​ដែល​ទទួលបាន​ប្រាក់ចំណេញ​នេះ​គឺជា​ព័ត៌មាន​ដ៏អស្ចារ្យ​សម្រាប់​ក្រុម​វិនិយោគិន ដោយសារ​ក្រុមហ៊ុន​រំពឹងថា នឹង​ទទួល​បាន​ប្រាក់ចំណេញ​កាន់តែ​ច្រើន ហើយ​ក៏​នឹង​ធ្វើឱ្យ​ភាគលាភ​កាន់តែ​ច្រើន​ផងដែរ​»​។

លោក​លើកឡើង​ថា​៖ «​ក្នុងអំឡុង​សប្ដាហ៍​កន្លងមក​សកម្មភាព​ជួញដូរ​កំពុង​លេចធ្លោ​ដោយ​តម្លៃ​បាន​កើនឡើង​ជា​បន្តបន្ទាប់ និង​ជា​ភាគហ៊ុន​ដែល​បាន​ជួញដូរ​ច្រើន​បំផុត​នៅក្នុង​ចំណោម​ក្រុមហ៊ុន​ចុះបញ្ជី​ទាំងអស់​។ ជាមួយ​នឹង​ព័ត៌មាន​បែប​នោះ យើង​រំពឹង​ថា និន្នាការ​នេះ​នឹង​បន្ត​»​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន ដោយសារ​ក្រុមហ៊ុន Saha E&C គឺជា​ក្រុមហ៊ុន​ទទួល​បាន​ប្រាក់ចំណេញ​តាមរយៈ​ការទិញ​ភាគហ៊ុន​ដែល​នៅសល់ ៤០ ​ភាគរយ​មិនមែន​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន PPSP ដូចនេះ​ក្រុមហ៊ុន​នឹង​អភិវឌ្ឍ​ឱ្យ​កាន់តែ​ប្រសើរឡើង​ទាំង​នៅក្នុង​រយៈពេល​ខ្លី និង​រយៈពេល​វែង​។

ដូចដែល​បាន​មើលឃើញ​ពី​តារាង​តុល្យការ​ដែល​បាន​ពិនិត្យ​ឡើង​វិញ​កាលពី​ថ្ងៃទី​ ៣០ ខែកញ្ញា ឆ្នាំមុន ដោយ​សវនករ​ឯករាជ្យ​គឺ Baker Tilly ដំណើរ​ការដែល​ត្រូវ​បង់ប្រាក់ និង​ទទួលយក​ដោយ​ភាគី​ទាំង​ ២ គឺមាន​តម្លៃពិត​គណនី​របស់ខ្លួន ១ ១៧២ ៥១៥ ​ដុល្លារ​ សម្រាប់​ភាគហ៊ុន​ ៤០ ​ភាគរយ​ដែល​មិនទាន់​ជា​កម្មសិទ្ធិ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្តទៀត​​ថា​៖ «​ដូច្នេះ​ការទិញ​ត្រូវ​បង់ប្រាក់​ជា​ ២ ​ដំណាក់កាល គឺ​នៅពេល​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​លក់​ភាគហ៊ុន​ចំនួន ៥០០ ០០០ ​ដុល្លារ​កាលពី​ថ្ងៃទី​ ១៨ ខែ មីនា ឆ្នាំ​ ២០២១ និង​ការទូទាត់​ចុងក្រោយ ៦៧២ ៥១៤,៨២ ​ដុល្លារ ​ដែល​ត្រូវ​បង់​នៅមុន​ថ្ងៃទី​ ១៤ ខែ មេសា ឆ្នាំ​ ២០២១ ខាង​មុខនេះ​»៕ LA