ភ្នំពេញៈ ក្រុមហ៊ុន Phnom Penh SEZ Plc (PPSP) ​ដែល​បោះផ្សាយ​មូលបត្រ​កម្មសិទ្ធិ​នៅ​ផ្សារមូលបត្រ​កម្ពុជា​ (CSX) បាន​បើក​ការដ្ឋាន​កសាង​ឃ្លាំង​ស្តុក​សម្ភារ​វត្ថុធាតុដើម ដោយ​បាន​សម្រេច​កិច្ចសន្យា​ជួល​រួចរាល់ ខណៈ​ឃ្លាំង​នេះ​ត្រូវ​រំពឹងថា នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ខែកក្កដា ឆ្នាំ​ ២០២១​។ នេះ​បើតាម​មន្ដ្រីជាន់ខ្ពស់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នេះ​។

លោក Hiroshi Uematsu អគ្គនាយក PPSP បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ កាលពី​ថ្ងៃ​អង្គារ​ថា ឃ្លាំង​ថ្មី​នេះ​មាន​ទំហំ ៥ ៨៥០ ​ម៉ែត្រការ៉េ ដោយ​ការសាងសង់​នឹងត្រូវ​ប្រើពេល ៧ ​ខែ​។ លោក​បន្តថា ទោះបី​ជំងឺ​កូវីដ​ ១៩ នៅ​បន្ត​ការរីករាលដាល​ក៏ PPSP នៅតែ​រក្សាបាន​ប្រតិបត្តិការ​ល្អ​ក្នុង​ការជួយ​សម្រួល​ដល់​ក្រុម​វិនិយោគិន​ដែលមាន​ស្រាប់​។

លោក​ថ្លែងថា​៖ «​ក្នុង​បរិបទ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ វា​ពិបាក​ក្នុង​ការជួយ​សម្រួល​ដល់​ក្រុម​វិនិយោគិន​ថ្មីៗ ប៉ុន្តែ​យើង​បាន​ជួយ​យ៉ាង​ពេញទំហឹង​សម្រាប់​រោងចក្រ​ដែល​មាន​ស្រាប់ ដើម្បី​ពង្រីក​ការផលិត​របស់​ពួកគេ​»​។

បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០០៦ PPSP បាន​អភិវឌ្ឍ និង​ពង្រីក​ខ្លួន​ជា​បន្តបន្ទាប់​។ PPSP នៅពេល​នេះ​មាន​ក្រុមហ៊ុន​ថ្មីៗ​ដូចជា ក្រុមហ៊ុន​សំណង់ សន្ដិសុខ ការពិគ្រោះ​យោបល់​ផ្នែក​ពន្ធ និង​ការគាំទ្រ ការអភិវឌ្ឍ និង​គ្រប់គ្រង​អចលនទ្រព្យ​។​ល​។

ក្នុងចំណោម​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ជាច្រើន​ផ្សេងទៀត​របស់ PPSP ក្រុមហ៊ុន Sahas Properties Co., Ltd បាន​បង្កើតឡើង​កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០១៨ ដើម្បី​ទទួលបន្ទុក​ការអភិវឌ្ឍ និង​គ្រប់គ្រង​អចលនទ្រព្យ​នៅ​ខាងក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​។

គិត​ត្រឹម​ថ្ងៃទី​ ២១ ខែធ្នូ តំបន់​សេដ្ឋកិច្ច​នេះ​កំពុង​ជួយ​សម្រួល​ដល់​ក្រុម​វិនិយោគិន​ជាង ៣០ មកពី​ប្រទេស​ជប៉ុន ចិន និង​ប្រទេស​ផ្សេងៗ​ទៀត​។ ក្រុមហ៊ុន​ទាំងនោះ​មានដូចជា Maru-T Ohtsuka ក្រុមហ៊ុន Sumi Wiring Systems និង Taiyo Kogyo ជាដើម​។

អគារ​រោងចក្រ និង​ឃ្លាំង​ជួល​កាន់តែ​ច្រើន​ត្រូវ​សាងសង់ និង​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Sahas Properties Co., Ltd ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ជា​បន្តបន្ទាប់​របស់​ក្រុម​វិនិយោគិន​មកពី​ប្រទេស​ជប៉ុន និង​បណ្ដា​ប្រទេស​ជាច្រើន​ផ្សេងទៀត​។

លោក Uematsu បានឱ្យ​ដឹងថា ចំនួន​បុគ្គលិក PPSP សរុប​បាន​កើន​ពី ២១ ០០០ ​នាក់​ កាលពី​ខែមករា​ដល់ ២៦ ០០០ ​នាក់​ ក្នុង​ខែវិច្ឆិកា​ឆ្នាំនេះ ខណៈ​ដែល​តម្លៃ​នាំចេញ​សរុប​ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ​ ២០២០ មាន​ចំនួន ៥៤៧ ​លាន​ដុល្លារ កើនឡើង ១៣,៧ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩ មាន​ចំនួន ៤៨១ ​លាន​ដុល្លារ​។

លោក​បន្ថែមថា​៖ «​ខ្ញុំ​គិតថា រោងចក្រ​ទាំងអស់នេះ​កំពុង​រួមចំណែក​យ៉ាងច្រើន​ដល់​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅក្នុង​ពេលវេលា​ដ៏ពិបាក​នេះ​»​។

នៅ​ត្រីមាស​ទី​៣ នេះ PPSP បាន​រាយការណ៍​ប្រាក់ចំណូល​សរុប ១០ ២២៨ ៨៧៧ ០០០ ​រៀល​ (២,៥ ​លាន​ដុល្លារ​) កើន ១៩,៥៣ ​ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ហើយ​ប្រាក់ចំណេញ​សុទ្ធ​មាន ១ ០៨៨ ៧៦១ ០០០ រៀល កើន ១៣៤,៨៦ ​ភាគរយ​។ នេះ​បើតាម​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​ផ្ញើ​ទៅ CSX៕ LA