ភ្នំពេញៈ ក្រុមហ៊ុន​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (PPWSA) ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ និង​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​កម្ពុជា​ (CSX) បាន​រាយការណ៍​ពី​កំណើន​ដ៏រឹងមាំ​នៃ​ប្រតិបត្តិការ​អាជីវកម្ម​របស់ខ្លួន​កាលពី​ឆ្នាំមុន ទោះបី​ជា​មាន​ការរំខាន​ដោយសារ​តែ​ការរីករាលដាល​ជំងឺ​កូវីដ ១៩​ លើ​សេដ្ឋកិច្ច​ក៏ដោយ​។

យោងតាម​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ដែល​បាន​ផ្ញើឱ្យ​ក្រុមហ៊ុន​ CSX កាលពី​ថ្ងៃ​អង្គារ​ក្នុង​រយៈពេល​ ១២ ​ខែ គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែ ធ្នូ ឆ្នាំ​ ២០២០ PPWSA ​រកប្រាក់​ចំណូល​បាន​ជាង ៣២៤ ពាន់​លាន​រៀល ​កើនឡើង ជិត​ ១០៨ ​ពាន់​លាន​រៀល ឬ​ ៤៩,៨៣ ​ភាគរយ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ត្រីមាស​មុន និង​ប្រាក់ចំណេញ​មាន​ជាង​ ៨៨ ​ពាន់​លាន​រៀល​ កើនឡើង​ជាង​ ៥៥ ​ពាន់​លាន​រៀល ឬ​ ១៦៥,៣៩ ​ភាគរយ​ ធៀប​នឹង​អំឡុងពេល​ ១២ ​ខែ​គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែ ធ្នូ ឆ្នាំ​ ២០១៩​។

លោក Jong Weon Ha អនុប្រធាន CSX បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ ពីថ្ងៃ​ទី​ ២ ខែ មីនា ឆ្នាំ​ ២០២១ ថា ក្រុមហ៊ុន​កំពុង​ធ្វើ​បាន​ល្អ​បំផុត​ក្នុងអំឡុង​ពេលនេះ​។ ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​បាន​កើនឡើង​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ ១ ​ឆ្នាំ​ដោយ​មាន​កំណើន​យ៉ាងខ្ពស់​រហូតដល់​ ១៦៥ ​ភាគរយ បើទោះបី​ជា​មាន​ការរីករាលដាល​ជំងឺ​កូវីដ​១៩​។

លោក​ឱ្យដឹងថា PWSA បានបញ្ជាក់​យ៉ាងច្បាស់​លាស់​លើ​ការបង្ហាញ​របស់​ពួកគេ​ផ្ញើ​ទៅ CSX ថា​ការកើនឡើង​ប្រាក់​ចំណូល និង​ប្រាក់ចំណេញ គឺ​ដោយសារ​តែ​ការកើនឡើង​ការលក់​ទឹកស្អាត និង​ការអនុវត្ត​តម្លៃ​ថ្មី​ចាប់ពី​ដើមឆ្នាំ​ ២០២០​។

លោក Ha ថ្លែងថា​៖ «​យើង​អាច​អង្កេត​ឃើញថា អាជីវកម្ម​ផ្គត់ផ្គង់​ទឹកស្អាត​មាន​ផលប៉ះពាល់​ដោយសារ​ជំងឺ​នេះ​តិចជាង​អាជីវកម្ម​ផ្សេងៗ​ទៀត ដោយសារ​តែ​ការប្រើប្រាស់​ទឹក​ពី​ប្រជាជន​នៅតែ​មិន​ផ្លាស់ប្តូរ​។ កំណើន​របស់​ក្រុមហ៊ុន​នេះ​នឹង​បង្កើន​ទំនុកចិត្ត​ខ្ពស់​របស់​ក្រុម​វិនិយោគិន ឬ​ភាគទុនិក​ក្នុង​ការសម្រេច​ចិត្ត​វិនិយោគ​លើ​ផ្សារហ៊ុន​។ ខ្ញុំ​គិតថា ភាគទុនិក​របស់​ក្រុមហ៊ុន​ដែលមាន​ប្រតិបត្តិការ​ល្អប្រសើរ​នេះ មាន​ការពេញចិត្ត​ខ្លាំង​នឹង​ប្រតិបត្តិការ​អាជីវកម្ម ហើយ​ក្រុម​វិនិយោគិន​ថ្មីៗ​នឹង​ចាប់អារម្មណ៍​ទិញ​ភាគហ៊ុន​ពី​ប្រភេទ​អាជីវកម្ម​ដែល​​រីកចម្រើន​រហ័ស​ទាំង​នេះ​ជាមិនខាន​»​។

លោក​ថា​៖ «​ក្នុងនាម​ជា​ផ្សារហ៊ុន យើង​ពិតជា​រីករាយ​ក្នុង​ការមើលឃើញ​ក្រុមហ៊ុន​ជាច្រើន​ចុះបញ្ជី​នៅលើ​ទីផ្សារ​របស់​យើង ដែល​បង្ហាញ​លទ្ធផល​ល្អប្រសើរ ហើយ​យើង​កំពុង​ទន្ទឹង​រង់ចាំ​ក្នុង​ការនាំយក​ក្រុមហ៊ុន​កាន់តែ​ច្រើន មាន​គុណភាព​បែប​នោះ​ដល់​ក្រុម​វិនិយោគិន​។ យើង​មាន​សុទិដ្ឋិនិយម​ខ្លាំង​ និង​មើលឃើញ​នូវ​កំណើន​បន្ថែមទៀត​របស់​ក្រុមហ៊ុន​ទាំងនោះ​នៅក្នុង​ឆ្នាំ​ ២០២១ ដែល​ការចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​១៩ កំពុង​ចាប់ផ្ដើម​ផ្ដល់​ដល់​សាធារណជន​ជាមួយ​ការកាត់បន្ថយ​ផលប៉ះពាល់​ដោយសារ​ការរីករាលដាល​របស់​ជំងឺ​នេះ​»​។

កាលពី​ត្រីមាស​ទី​ ៤ ​ឆ្នាំ​ ២០២០ PPWSA រកប្រាក់​ចំណូល​បាន​ជិត ៨៧ ​ពាន់​លាន​រៀល កើនឡើង​ជាង​ ៤៦ ​ពាន់​លាន​រៀល ឬ​ ១១៤,៨០ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ត្រីមាស​មុន និង​ប្រាក់ចំណេញ​ក្នុងអំឡុងពេល​ហិរញ្ញវត្ថុ​មាន​ចំនួន​ជិត​ ១៩ ​ពាន់​លាន​រៀល​កើនឡើង​ជិត​ ២៥ ​ពាន់​លាន​រៀល ឬ​ ៤១១,៤១ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ត្រីមាស​មុន​។

PWSA កាលពី​ថ្ងៃទី​ ១ ​ខែ​កុម្ភៈ បានចាប់ផ្ដើម​សាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​បាក់ខែង​មាន​តម្លៃ​ ៣៨០ ​លាន​ដុល្លារ នៅ​ជាយក្រុង​ភាគ​ឦសាន ជាការ​ឆ្លើយតប​នឹង​តម្រូវ​ការដែល​កើនឡើង​។ នេះ​បង្កើត​កំណើន​សក្ដានុពល​វិនិយោគ​ថ្មីៗ​សម្រាប់​ក្រុមហ៊ុន​។ ការសាងសង់​រោងចក្រ​នេះ​នឹង​ត្រូវបាន​អនុវត្ត​ជា​ ២ ​ដំណាក់កាល ដោយ​ដំណាក់កាល​ទី​ ១ ​នឹង​បញ្ចប់​ត្រឹម​ចុងឆ្នាំ​ ២០២២ ជាមួយនឹង​សមត្ថភាព​ផលិត​ទឹកស្អាត​ភ្លាមៗ​បាន​បរិមាណ​ ១៩៥ ០០០ ​ម៉ែត្រគុប​ ក្នុង​ ១ ​ថ្ងៃ និង​ក្នុងដំណាក់កាល​ទី​២ សមត្ថភាព​ផលិត​ទឹកស្អាត​នឹង​បន្ថែម​ ១៩៥ ០០០ ​ម៉ែត្រគុប​ផ្សេងទៀត ដល់​ការផ្គត់ផ្គង់​ប្រចាំថ្ងៃ​របស់​រោងចក្រ​នេះ ហើយ​គ្រោង​នឹង​បញ្ចប់​ត្រឹម​ចុងឆ្នាំ​ ២០២៣៕LA