ភ្នំពេញៈ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ (PPWSA) ដែលជា​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារមូលបត្រ​កម្ពុជា​បាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ប្រព្រឹត្តកម្ម​ទឹកស្អាត​បាក់ខែង​នៅ​ជាយក្រុង​ភ្នំពេញ​ដែល​វិនិយោគ​ទឹកប្រាក់​ជាង ៣៨០ ​លាន​ដុល្លារ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវ​ការដែល​កំពុង​កើនឡើង​ស្រប​នឹង​ការកើនឡើង​នៃ​ការសាងសង់​លំនៅឋាន​នៅ​តំបន់​នោះ​។ ការវិនិយោគ​នេះ​គឺជា​ការបង្កើត​សក្តានុពល​វិនិយោគ​ថ្មី​នៃ​កំណើន​របស់​ក្រុមហ៊ុន​ស្វយ័ត​មួយ​នេះ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​កម្មវិធី​សម្ពោធ​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​ចំការមន និង​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​បាក់ខែង​កាលពី​ថ្ងៃទី​ ១ ​ខែ​កុម្ភៈ​ថា​ចំពោះ​គម្រោង សាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​បាក់ខែង អនុវត្ត​ជា​ ២ ​ជំហាន​ក្នុង​នោះ​ជំហាន​ទី​ ១ សាងសង់​រោងចក្រ​ដែលមាន​សមត្ថភាព​ផលិត​ទឹកស្អាត ១៩៥ ​ពាន់​ម៉ែត្រគុប​ក្នុង​ ១ ​ថ្ងៃ​រួមទាំង​ការរៀបចំ​ប្រព័ន្ធ​បណ្តាញ​ចែកចាយ​ទឹកស្អាត​។ ការសាងសង់​នឹង​ប្រើពេល​ ៣៦ ​ខែ​ដោយ​គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ​ ២០២២​។

លោក​បាន​ថ្លែង​បន្តទៀតថា ខណៈ​ដែល​ថវិកា​វិនិយោគ​សរុប ២៤៧ ​លាន​ដុល្លារ​ក្នុង​នោះ ថវិកា​សម្រាប់​ការសាងសង់​រោងចក្រ​ផលិត​ទឹកស្អាត​មាន​ចំនួន​ ១៥៥,៥ ​លាន​ដុល្លារ​ និង​សម្រាប់​ការរៀបចំ​ប្រព័ន្ធ​បណ្តាញ​ចែកចាយ និង​ផ្នែក​ផ្សេងៗ​ទៀត​មាន​ចំនួន ៩១,៥ ​លាន​ដុល្លារ​។ សម្រាប់​ថវិកា​នៃ​ការសាងសង់​នេះ គឺ​បាន​មកពី​ ៤ ​ប្រភព​ផ្សេងៗ​គ្នា​រួមមាន ថវិកាបដិភាគ​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ចំនួន​ ៤៧ ​លាន​ដុល្លារ ថវិកា​កម្ចី​ពី​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ​ (AFD) ចំនួន​ ៨៥ ​លាន​ដុល្លារ ថវិកា​កម្ចី​ពី​ធនាគារ​វិនិយោគ​អឺរ៉ុប​ (EIB) ​ចំនួន ១០០ ​លាន​ដុល្លារ និង​ថវិកា​ហិរញ្ញប្បទាន​ឥត​សំណង​ពី​សហភាព​អឺរ៉ុប​ចំនួន​ ១៥ ​លាន​ដុល្លារ​។

លោក ហ៊ុន សែន បាន​ថ្លែង​បន្តទៀតថា សម្រាប់​ការសាងសង់​រោងចក្រ​ជំហាន​ទី២ មាន​សមត្ថភាព​ផលិត​ទឹកស្អាត ១៩៥ ​ពាន់​ម៉ែត្រគុប​ក្នុង​ ១ ​ថ្ងៃ ដែល​គ្រោង​អនុវត្ត​នៅ​ត្រីមាស​ទី​៣ ឆ្នាំ​ ២០២១ ​រយៈពេល​អនុវត្ត​គម្រោង ៣០ ​ខែ ដោយ​គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ​ ២០២៣​។ សម្រាប់​ដំណាក់កាល​ទី​២ ​គ្រោង​ចំណាយ​ថវិកា​វិនិយោគ​សរុប​ ១៣៤,៤ ​លាន​ដុល្លារ​ក្នុង​នោះ​ថវិកា​កម្ចី​ពី​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ​ (AFD) ១០១,៤ ​លាន​ដុល្លា​អាមេរិក និង​ថវិកាបដិភាគ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ចំនួន ៣៣ ​លាន​ដុល្លារ​។

លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែងថា​៖ «​ដូច្នេះ​សរុប​គម្រោង​វិនិយោគ​ផ្គត់ផ្គង់​ទឹកស្អាត​បាក់ខែង​ទាំង​ ២ ​ជំហាន​នឹង​ប្រើប្រាស់​ថវិកា​វិនិយោគ​រហូតដល់ ៣៨១,៤ ​លាន​ដុល្លារ ហើយ​សមត្ថភាព​ផលិត​ទឹកស្អាត​នឹង​ឡើងដល់​ ៣៩០ ​ពាន់​ម៉ែត្រគុប​ក្នុង​ ១ ​ថ្ងៃ​នៅ​ចុងឆ្នាំ​ ២០២៣ ដែល​នេះ​គឺជា​សមត្ថភាព​មួយ​ខ្ពស់​បន្ថែម​លើ​សមត្ថភាព​ផ្គត់ផ្គង់​សព្វថ្ងៃនេះ​»​។

លោក Jong Weon Ha អនុប្រធាន​ផ្សារមូលបត្រ​កម្ពុជា​មាន​ប្រសាសន៍​ថា ការវិនិយោគ​ថ្មី​នេះ​នឹង​ផ្តល់ឱ្យ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​នូវ​សក្តានុពល​ថ្មី​មួយ​សម្រាប់​កំណើន​របស់ខ្លួន​។ លោក​បាន​បន្តថា បច្ចុប្បន្ន​តម្លៃ​ភាគហ៊ុន​របស់ PPWSA ​គឺ​នៅ​ទាប ដូច្នេះ​ការវិនិយោគ​ថ្មីៗ​នេះ​នឹង​ជួយ​ឱ្យ​ក្រុមហ៊ុន​ចុះបញ្ជី​មួយ​នេះ​អាច​រកប្រាក់​ចំណេញ​បន្ថែមទៀត​នាពេល​អនាគត​។

លោក​បានបញ្ជាក់​៖ «​អ្វីដែល​ពិសេស​នោះ​គឺថា​គម្រោង​វិនិយោគ​ភាគច្រើន​ត្រូវ​បានផ្តល់​មូលនិធិ​ដោយមាន​អត្រា​ការប្រាក់​ទាប​បំផុត​។ ការណ៍​នេះ​នឹង​ជួយ​សហគ្រាស​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​មួយ​នេះ មាន​ការរីកចម្រើន​ថ្មី​នៃ​អាជីវកម្ម​របស់ខ្លួន​។ ខ្ញុំ​ប្រាកដ​ថា តម្លៃ​ភាគហ៊ុន​នឹង​កើនឡើង​ឆាប់ៗ​ ឬ​តម្លៃ​នឹង​ឆ្លុះ​បញ្ចាំង​ពី​ការវិនិយោគ​ថ្មី​ទាំងនេះ​ឆាប់ៗ​នេះ​»​។

លោក​បន្ថែមថា PPWSA ​ផ្តល់​ការប្រាក់​សម្រាប់​ភាគលាភ​លើ​ភាគហ៊ុន​របស់ខ្លួន​ក្នុង​រង្វង់​ ឬ​ច្រើនជាង​ ៤ ​ភាគរយ​ក្នុង​ ១ ​ឆ្នាំ​ ដែល​ការវិនិយោគ​នេះ​គឺ​សម្រាប់​រយៈពេល​វែង​ដោយសារ​ការជួញដូរ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​នេះ​គឺមាន​ស្ថានភាព​ល្អ​បើ​ធៀប​នឹង​ភាគហ៊ុន​ដទៃៗ​ទៀត​៕LA