ភ្នំពេញ: ដើម្បី​ចាប់យក​កំណើន​នៃ​ការមក​ដល់​នៃ​ភ្ញៀវទេសចរ​បរទេស ជាពិសេស​ជនជាតិ​ចិន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ នៅក្នុង​ខេត្ត​នៃ​តំបន់​ឆ្នេរសមុទ្រ​ក្រុង​ព្រះសីហនុ ក្រុមហ៊ុន Prince Huan You Real Estate Cambodia Group Co. Ltd បានដាក់​ឱ្យ​ដំណើរការ​សាកល្បង​ផ្សារទំនើប Prince Mall របស់​ខ្លួន​ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​។

ផ្សារទំនើប​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន លាតសន្ធឹង​លើ​ផ្ទៃដី​ទំហំ​ ៥០ ០០០ ​ម៉ែត្រការ៉េ​ មាន​ ៥ ​ជាន់​ ដោយ​មាន​ចំណត​រួម​នៅ​ផ្នែក​ខាងក្រោយ​។

លោក Zhang Rui Jun នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ព្រីនស៍ហ័នយូ រៀលអ៊ីស្ទេត មាន​ប្រសាសន៍​ថា ការដាក់ឱ្យ​ដំណើរការ​នៃ​មជ្ឈមណ្ឌល​ទិញ​ទំនិញ​បែប​ចម្រុះ​ដំបូងបង្អស់​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ឆ្លើយតប​នឹង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​របស់​ក្រុមហ៊ុន​។

លោក​បន្តថា​៖ «​ការបើក​សម្ពោធ​សាកល្បង​ថ្ងៃនេះ​គឺ​ទទួល​បាន​ការជួយជ្រោមជ្រែង និង​ការយកចិត្ត​ទុកដាក់​ពី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​។ នេះ​ជា​ជំហាន​ដំបូង​យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​រដ្ឋបាលខេត្ត ក៏ដូចជា​រាជរដ្ឋាភិបាល​បន្ត​យកចិត្ត​ទុកដាក់​គាំទ្រ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន និង​ផ្ដល់នូវ​ផលិតផល​ដែលមាន​គុណភាព និង​សេវាកម្ម​ល្អ​ធ្វើឱ្យ​ខេត្ត​ព្រះសីហនុ​ទទួល​បាន​នូវ​មជ្ឈមណ្ឌល​ទិញ​ទំនិញ​បែប​ចម្រុះ​មួយ និង​ចូលរួម​ចំណែក​ក្នុង​ការបង្កើត​ឱកាស​ការងារ និង​ចំណូល​ពន្ធ​ជូន​រដ្ឋ​។

លោក គង់ វិតាណ: អភិបាលរង​ខេត្ត​ព្រះសីហនុ​បាន​ថ្លែង​ក្នុង​ពិធី​បើកសម្ពោធ​ដាក់ឱ្យ​ដំណើរការ​សាកល្បង​នោះ​ថា ការដាក់​ឱ្យ​ដំណើរការ​សាកល្បង​ផ្សារទំនើប​ព្រីនស៍ ម៉ល ក្នុង​ក្រុងព្រះសីហនុ ក្រោម​គោលនយោបាយ​បើកចំហ និង​ស៊ីជម្រៅ​របស់​ប្រទេស​ទាំង​ ២ ​ធ្វើឱ្យ​ប្រទេស​ទាំង​ ២ ​មាន​ទំនាក់ទំនង​ល្អ មាន​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ពិសេស​គឺ​ការអភិវឌ្ឍ​នៅ​ខេត្ត​ព្រះសីហនុ​។

លោក​បាន​ថ្លែងថា​៖ «​ជាក់ស្ដែង​យើង​ឃើញ​មាន​អ្នកវិនិយោគ​អន្តរជាតិ​យ៉ាងច្រើន​មក​វិនិយោគ​នៅក្នុង​ខេត្ត​ព្រះសីហនុ​លើ​វិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម សំណង់ ដឹកជញ្ជូន និង​ទេសចរណ៍​ជាដើម​។ ភាពរីកចម្រើន​លើ​វិស័យ​ទាំង​នេះ​បាន​ចូលរួម​ចំណែក​​ដល់​កំណើន​ចំណូល​របស់​ប្រជាពលរដ្ឋ និង​កំណើន​សេដ្ឋកិច្ច​ខេត្ត​» ។

បច្ចុប្បន្ន​រដ្ឋាភិបាល​កំពុង​ខិតខំ​បន្ត​លើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រួមមាន​ការកសាង​ផ្លូវ​ទីក្រុង ផ្លូវ​ប្រប​ឆ្នេរសមុទ្រ ពិសេស​ផ្លូវ​ទាំង ៣៤ ​ខ្សែ​ ក្នុង​ក្រុងព្រះសីហនុ​ដោយ​រៀបចំ​ទំនើបកម្ម សុវត្ថិភាព បរិស្ថាន និង​សោភណភាព​។

លោក គួច ចំរើន បាន​ឱ្យ​ដឹង​នៅក្នុង​សន្និសីទ​ព័ត៌មាន​កាលពី​ខែ​មិថុនា​ថា រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ជាមួយ​ទីក្រុង និង​ខេត្ត​របស់​ប្រទេស​ចិន​ចំនួន​ ១៦ ដើម្បី​ជំរុញ​ការវិនិយោគ​ខាង​វិស័យ​ទេសចរណ៍ វប្បធម៌ ការអប់រំ និង​កីឡា​រវាង​ខេត្ត​មួយ​នេះ និង​ប្រទេស​ចិន​។

ចំនួន​ភ្ញៀវទេសចរ​ជនជាតិ​ចិន​មក​ទស្សនា​ខេត្ត​ព្រះសីហនុ​បាន​ធ្លាក់ចុះ​ដោយសារ​តែ​ជំងឺ​​កូវីដ​ ១៩ និង​ការហាមឃាត់​ការលេង​ល្បែងភ្នាល់​អនឡាញ​ដែល​បាន​ចាប់ផ្ដើម​អនុវត្ត​កាលពី​ខែមករា​។ បច្ចុប្បន្ន​មាន​ជនជាតិ​ចិន​ប្រហែល​ ១៥ ០០០ ​នាក់​ នៅក្នុង​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ បើ​ធៀប​នឹង​ ២ ​លាន​នាក់ ​កាលពី​ ១ ​ឆ្នាំ​កន្លងទៅ​។

ចាប់តាំងពី​ឆ្នាំ​ ១៩៩៤ លោក​ គួច ចំរើន បាន​ឱ្យ​ដឹងថា ខេត្ត​នេះ​បាន​ទាក់ទាញ​ការវិនិយោគ​ជិត​ ៤ ​ពាន់​លាន​ដុល្លារ​។ លោក​បាន​បញ្ជាក់ថា គិត​ត្រឹម​ខែ ឧសភា ក្រុមហ៊ុន​ចំនួន​ ២០ បាន​អភិវឌ្ឍ​ឆ្នេរ និង​កោះ​ទំហំ​ ១១ ៦៣៧ ហិកតា ជាមួយ​នឹង​ទុនវិនិយោគ​ចំនួន ៣,៩ ​ពាន់​លាន​ដុល្លារ​។

លោក​បន្ថែមទៀត​ថា រហូត​មក​ដល់​ពេលនេះ ក្រុមហ៊ុន​ចំនួន​ ៦០ បានគ្រោង​នឹង​វិនិយោគ​សរុប​ ១០,៧៤ ​ពាន់​លាន​ដុល្លារ លើ​វិស័យ​ទេសចរណ៍ និង​សណ្ឋាគារ​។ វិស័យ​ទេសចរណ៍​បាន​បង្កើត​ការងារ​ជាង​ ១០ ០០០ ​កន្លែង​នៅ​ឆ្នាំនេះ​៕ LA