ក្រុងគូឡាឡាំពួៈ ក្រុមហ៊ុន​ផលិត​រថយន្ត Proton របស់​ម៉ាឡេស៊ី កំណត់​ទិសដៅ​លក់​ឲ្យ​បាន​ច្រើន​ជាង​គេ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​នៅ​ឆ្នាំ​ ២០២៣ និង​ជា​ក្រុមហ៊ុន​ដែល​លក់​រថយន្ត​ច្រើន​ជាងគេ​នៅ​អាស៊ាន​ក្នុង​ឆ្នាំ​ ២០២៧​។ នេះ​បើ​យោងតាម​អគ្គនាយក​ក្រុមហ៊ុន​លោក Li Chunrong​។

លោក Li បាន​ថ្លែងថា ចាប់តាំងពី​បាត់បង់​ឋានៈ​ជា​ក្រុមហ៊ុន​លក់​រថយន្ត​បាន​ច្រើនជាងគេ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​នៅ​ឆ្នាំ​ ២០០៥ មក ការលក់​របស់​ក្រុមហ៊ុន Proton បាន​ធ្លាក់​មក​នៅ​ចំណាត់ថ្នាក់​ទី​ ៤ កាលពី​ឆ្នាំមុន ប៉ុន្តែ​អាច​ឡើង​មក​ចំណាត់ថ្នាក់​ទី​ ២ វិញ​នៅ​ឆមាស​ទី​ ១ ឆ្នាំ​នេះ​។

ថ្លែង​សុន្ទរកថា​នៅ​វេទិកា និង​ពិព័រណ៍ Talent Endowment ឆ្នាំ​ ២០១៩ លោក Li ថ្លែង​ថា​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​សម្លឹង​ឆ្ពោះ​ទៅ​រកប្រាក់​ចំណេញ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

លោក​បន្ថែម​ថា​ក្រុមហ៊ុន Proton ដែល​លក់​រថយន្ត ២៧ ប្រភេទ​បាន​កត់ត្រា​ការលក់​រថយន្ត​សរុប​ចំនួន ៤ លាន​គ្រឿង​ទៅ​កាន់​ប្រទេស ៧០ ​សម្រាប់​រយៈពេល​ ៣៦ ​ឆ្នាំ​កន្លង​មក​នេះ​។

លោក​ថ្លែង​ថា​រថយន្ត​ដែល​ដំឡើង​ពេញលេញ (CBU) នៅ​ឥណ្ឌូនេស៊ី​មាន​តែ ៣០ ភាគរយ​នៃ​ការលក់​រថយន្ត​សរុប​ប៉ុណ្ណោះ និង ១០០ ភាគរយ​នៅ​ថៃ​។ ធៀប​ប្រទេស​ទាំង ២ ម៉ាឡេស៊ី​នៅ​មាន​ឱកាស​ច្រើន​សម្រាប់​ការនាំចេញ​រថយន្ត​ដែល​ដំឡើង​ពេញលេញ​។

លោក​សង្កត់ធ្ងន់​ថា​នៅពេល​អនាគត ឧស្សាហកម្ម​រថយន្ត​នឹង​មាន​និន្នាការ​ធំៗ ៤ គឺ ការលក់​អនឡាញ​នៅ​ឆ្នាំ​ ២០២៥ រថយន្ត​ស្វ័យ​បើកបរ រថយន្ត​ដំណើរការ​ដោយ​បច្ចេកវិទ្យា​ឆ្លាត​វៃ និង​ផ្នត់គំនិត​ជួល​រថយន្ត​។ ផលប៉ះពាល់​អវិជ្ជមាន​នៃ​រថយន្ត​ជួល​នេះ​នឹង​ធ្វើឲ្យ​ការធ្លាក់ចុះ​ចន្លោះ​ពី ៥ ទៅ ១០ ភាគរយ​៕ ANN/KC