ភ្នំពេញៈ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ (PWSA) ដែល​គ្រប់គ្រង​ដោយ​រដ្ឋ និង​ចុះបញ្ជី​នៅ​ផ្សារមូលបត្រ​កម្ពុជា​ (CSX) ​បាន​ដាក់​ផែន​ការរកចំណូល​ឱ្យបាន​ជាង ៨៥ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២១​។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​។

ការកំណត់​នេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​មហាសន្និបាត​ភាគហ៊ុនិក​លើក​ទី​ ៩ ជាមួយ​ភាគទុនិក​ដែល​ដឹកនាំ​ដោយ​លោក អ៊ុំ សុថា ប្រធាន​ប្រឹក្សាភិបាល​នៃ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​កាលពី​ថ្ងៃទី​ ២១ ខែឧសភា​។

PWSA ឱ្យដឹងថា ទិសដៅ​អាជីវកម្ម​ឆ្នាំ​ ២០២១ គឺ​ផែន​ការផលិត​ទឹកស្អាត ២២៧ ៩៦០ ៣៥៨ ​ម៉ែត្រគុប និង​បង្កើន​អតិថិជន​ថ្មី​ឱ្យ​បាន ២៧ ០០៦ ​បណ្តាញ​នៅ​ឆ្នាំនេះ​។

PWSA ក៏មាន​ផែនការ​រកចំណូល​ឱ្យ​បាន ៣៤៧ ៤៤១ ៦៦៥ ០០០ ​រៀល​ (​ជាង​ ៨៥ ​លាន​ដុល្លារ​) ​ដោយ​កំណត់​ទិសដៅ​ចំណេញ​ក្រោយ​បង់ពន្ធ ១០៣ ៧៤២ ៥០៤ ០០០ ​រៀល (​ជាង​ ២៥,៤៧ ​លាន​ដុល្លារ​) ព្រមទាំង​មាន​ផែនការ​ចំណាយ​ ២១៧ ៧៦៣ ៥៣៥ ០០០ រៀល​ (៥៣,៤៧ ​លាន​ដុល្លារ​)​។

លោក ហុង សុខហួរ អគ្គនាយក CSX ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នេះ​ជា​តួលេខ​ល្អ​ដែល​អាច​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​សាធារណជន​កាន់តែ​ខ្លាំង​នៅ​វិស័យនេះ​។ លោក​ឱ្យដឹងថា​៖ «​ខ្ញុំ​គិតថា អាជីវកម្ម​ក្នុង​វិស័យនេះ​មិន​ទទួលរង​ផលប៉ះពាល់​ជា​អវិជ្ជមាន​ប៉ុន្មាន​ទេ​ក្នុង​អំឡុងពេល​ការរីករាលដាល​ជំងឺ​កូវីដ-១៩ ប៉ុន្តែ​អាច​មាន​ការលំបាក​ខ្លះ​ក្នុង​ការប្រមូល​ការទូទាត់​ពី​អ្នកប្រើប្រាស់​របស់គាត់​»​។

របាយការណ៍​លទ្ធផល​អាជីវកម្ម​របស់ PWSA ឆ្នាំ​ ២០២០ បង្ហាញថា PWSA ផលិត​ទឹកស្អាត​បាន ២២៤ ៧៧៣ ៩៧១ ម៉ែត្រគុប បង្កើន​អតិថិជន​ថ្មី​បាន ១៧ ៧១២ បណ្តាញ និង​ទទួលបាន​ចំណូល ៣២៤ ៣៦៧ ៨៥៦ ០០០ ​រៀល​ (៧៩,៦៤ ​លាន​ដុល្លារ​) និង​ប្រាក់ចំណេញ​ក្រោយ​បង់ពន្ធ ៨៨ ៣៥១ ៨៤៥ ០០០ ​រៀល​ (២១,៦៩ ​លាន​ដុល្លារ​)​។

PWSA កាលពី​ថ្ងៃទី​ ១ ខែកុម្ភៈ បានចាប់ផ្ដើម​សាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​បាក់​ខែង​មាន​តម្លៃ ៣៨០ ​លាន​ដុល្លារ ជា​ការឆ្លើយតប​ទៅនឹង​តម្រូវ​ការដែល​កើនឡើង​។

ការសង់​រោងចក្រ​នេះ​នឹងធ្វើ​ឡើងជា ២ ​ដំណាក់កាល​ដោយ​ដំណាក់កាល​ទី​ ១ នឹង​បញ្ចប់​ត្រឹម​ចុងឆ្នាំ​ ២០២២ និង​ដំណាក់កាល​ទី​ ២ ចុងឆ្នាំ​ ២០២៣​។

របាយការណ៍​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ដែល​បាន​ផ្ញើឱ្យ​ក្រុមហ៊ុន CSX បង្ហាញថា ក្នុង​រយៈពេល ១២ ​ខែ​គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០២០ PWSA រក​ចំណូល​បាន​ជាង ៣២៤ ​ពាន់​លាន​រៀល កើន​ជិត ១០៨ ​ពាន់​លាន​រៀល​ស្មើនឹង ៤៩,៨៣ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ត្រីមាស​មុន និង​ប្រាក់ចំណេញ​ជាង ៨៨ ​ពាន់​លាន​រៀល កើនឡើង ៥៥ ​ពាន់​លាន​រៀល ឬ ១៦៥,៣៩ ​ភាគរយ​ធៀប​នឹង ១២ ​ខែ គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០១៩៕ LA