ក្រុងស៊ីដនីៈ ក្រុមហ៊ុនអាកាសចរណ៍ Qantas របស់អូស្ដ្រាលីកាលពីថ្ងៃព្រហស្បតិ៍បានប្រកាសកាត់បន្ថយជើងហោះហើរទៅកាន់អាស៊ី ដោយសារការរីករាលដាលវីរុសកូរ៉ូណាដែលបណ្ដាលឲ្យមនុស្សស្លាប់រាប់ពាន់នាក់នៅប្រទេសចិន។
ក្រុមហ៊ុនអាកាសចរណ៍មួយនេះបានឲ្យដឹងថា ខ្លួននឹងកាត់បន្ថយជើងហោះហើរទៅកាន់ទ្វីបអាស៊ី ១៦ ភាគរយក្នុងរយៈពេលយ៉ាងហោចណាស់ ៣ ខែជាមួយនឹងជើងហោះហើរទៅកាន់ទីក្រុងស៊ាងហៃត្រូវផ្អាក និងជើងហោះហើរទៅកាន់ទីក្រុងហុងកុង និងប្រទេសសិង្ហបុរីត្រូវបានកាត់បន្ថយ។
Jetstar ជាយីហោតម្លៃទាបរបស់ខ្លួនក៏នឹងកាត់បន្ថយដូចនេះនូវជើងហោះហើរទៅអាស៊ី ១៤ ភាគរយរហូតដល់ចុងខែឧសភា ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ផ្លូវហោះហើរទៅប្រទេសជប៉ុន ថៃ និងប្រទេសចិន។
លោក Alan Joyce ប្រធានប្រតិបត្តិនៃក្រុមហ៊ុន Qantas បានឲ្យដឹងថា ការរីករាលដាលនៃវីរុសថ្មីនេះបានបណ្ដាលឲ្យធ្លាក់ចុះតម្រូវការជើងហោះហើរទូទាំងតំបន់នេះ ហើយត្រូវបានរំពឹងថានឹងប៉ះពាល់ដល់ប្រាក់ចំណេញរបស់ក្រុមហ៊ុន រហូតដល់ចំនួន ១៥០ លានអូស្ដ្រាលី (១០០ លានដុល្លារអាមេរិក) នៅក្នុងឆ្នាំហិរញ្ញវត្ថុ ២០២០។
លោក Joyce បានឲ្យដឹងថា ក្រុមហ៊ុននេះនឹងចតយន្តហោះចោល ១៨ គ្រឿង ជាការឆ្លើយតបនឹងវិបត្តិវីរុស COVID-19 ហើយបុគ្គលិកនឹងត្រូវលើកទឹកចិត្តឲ្យឈប់សម្រាកប្រចាំឆ្នាំក្នុងអំឡុងពេលនេះ។
លោកថ្លែងថា៖ «យើងអាចពន្យារដំណើរការនេះរយៈពេលយូរ ឬយើងអាចបន្ថែមកៅអី បើតម្រូវការនៅតែមាន។ នេះជាការវិវត្តស្ថានការណ៍ដែលយើងកំពុងត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុត»។
កាលពីថ្ងៃព្រហស្បតិ៍ក្រុមហ៊ុន Qantas បានរាយការណ៍ថា ប្រាក់ចំណេញរបស់ខ្លួនមុនពេលបង់ពន្ធបានធ្លាក់ចុះបន្តិចដោយមកនៅត្រឹម ៧៧១ លានដុល្លារអូស្ត្រាលីជាមួយនឹងការចំណាយលើប្រេងឥន្ធនៈកាន់តែទាបដែលជួយប៉ះប៉ូវដល់ការធ្លាក់ចុះនេះ៕ LA