ក្រុងដូហាៈ ក្រុមហ៊ុន Qatar Airways នឹង​បន្ត​ពង្រីក​អាជីវកម្ម បើ​ទោះ​ជា​ក្រុមហ៊ុន​នេះ​ត្រៀម​ខ្លួន​ប្រកាស​ពី​ការខាតបង់​ប្រចាំ​ឆ្នាំ «​ដ៏ច្រើន​» ដោយសារ​ការហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ដែនអាកាស​របស់​ប្រទេស​ជិត​ខាង​ក្តី​។ នេះ​បើ​យោង​តាម​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​កាលពី​ថ្ងៃ​ចន្ទ​។

លោក Akbar al-Baker បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន Qatar Airways នៅតែ​ជា «​ក្រុមហ៊ុន​ដ៏រឹងមាំ​មួយ​» ដដែល បើ​ទោះ​ជា​បាន​រង​ផលប៉ះពាល់​ខ្លាំង​ដោយសារ​ជម្លោះ​ការទូត​ប្រចាំ​តំបន់​ដែល​បាន​បង្ហាញ​ពី​ការបាត់បង់​លទ្ធភាព​របស់​ក្រុមហ៊ុន​ក្នុង​ការ​ប្រើប្រាស់​ផ្លូវ​ហោះហើរ​ឆ្លងកាត់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ប្រទេស​អេមីរ៉ាតអារ៉ាប់រួម ប្រទេស​បារ៉ែន និង​ប្រទេស​អេហ្ស៊ីប​ក្តី​។

លោក Baker បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា​៖ «​ត្រូវ​ហើយ វា​នឹង​ក្លាយ​ជា​ការខាតបង់​ច្រើន​។ នៅពេល​ខ្ញុំ​និយាយ​ថា យើង​នឹង​ប្រកាស​ពី​ការខាតបង់​ច្រើន​នោះ ចំពោះ​រូប​ខ្ញុំ​ផ្ទាល់ បន្ទាប់ពី​ទទួល​បាន​ប្រាក់​ចំណេញ វា​គឺជា​ការ​ខាតបង់​ច្រើន បើ​ទោះ​ជា​ខ្ញុំ​ខាតបង់​ត្រឹមតែ ១០ លាន​ដុល្លារ​ក៏ដោយ​»​។

តែ​លោក​បាន​បន្ត​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​មួយ​នេះ​នឹង​មិន​ប្រឈម​នឹង​ការដួលរលំ​នោះ​ទេ​។

លោក​បាន​បញ្ជាក់​ថា​៖ «​អ្នក​អាច​មើលឃើញ​បើ​ទោះ​ជា​ថា យើង​កំពុង​ព្យាករ​ពី​ការខាតបង់​ក្តី យើង​នឹង​នៅ​តែ​ពង្រីក​អាជីវកម្ម យើង​នឹង​នៅ​តែ​វិនិយោគ យើង​នឹង​នៅ​តែ​ទិញ​យន្តហោះ​បន្ថែម​ទៀត​»​។

លោក​បន្ថែម​ថា​៖ «​យើង​នឹង​បន្ត​ពង្រីក​អាជីវកម្ម បន្ត​ជ្រើសរើស​បុគ្គលិក មិនមែន​បណ្តេញ​បុគ្គលិក​នោះ​ទេ មិនមែន​ចត​យន្តហោះ​ចោល​នោះ​ទេ (​និង​) មិន​កាត់​បន្ថយ​បណ្តាញ​ការងារ​នោះ​ទេ ពោល​គឺ​យើង​ពិតជា​ធ្វើ​កិច្ចការ​ដែល​ផ្ទុយ​ពី​នេះ​»​។

ការហាមឃាត់​មិន​ឲ្យ​ក្រុមហ៊ុន Qatar Airways ប្រើប្រាស់​ផ្លូវអាកាស​របស់​ប្រទេស​ជិត​ខាង​បាន​បង្កើន​ចំណាយ​ចំពោះ​ក្រុមហ៊ុន​នេះ​ក្នុង​អំឡុង​ពេល ១០ ខែ គិត​ចាប់​ពី​វិបត្តិការទូត​បាន​ផ្ទុះ​ឡើង​។

ក្រុមហ៊ុន​អាកាសចរណ៍​នេះ​បាន​ទទួល​ប្រាក់​ចំណេញ​ចំនួន ៥៤០ លាន​ដុល្លារ​ដុល្លារ​កាលពី​ឆ្នាំ​មុន ហើយ​លទ្ធផល​ថ្មី​នឹង​ត្រូវ​ប្រកាស​នៅ​ខែ​មិថុនា​ខាង​មុខ​នេះ​។

Qatar Airways មាន​យន្តហោះ​ប្រមាណ ២០០ ​គ្រឿង និង​បញ្ជា​ទិញ​យន្តហោះ​ច្បាស់លាស់​ជាង ១០០ គ្រឿង​ទៀត​។

លោក Baker បាន​ចោទ​ប្រទេស​ជិត​ខាង​របស់​ខ្លួន​ថា «​ធ្វើបាប​» ក្រុមហ៊ុន Qatar បន្ទាប់ពី​ប្រទេស​ទាំង​នោះ បាន​កាត់​ផ្តាច់​ទំនាក់ទំនង​ការទូត​ទាំងអស់​ជាមួយ​កាតា​នៅ​ឆ្នាំ​មុន​៕ BP