ក្រុង​រ៉ូមៈ លោក​ Qu Dongyu ​បាន​ក្លាយ​ជា​ជនជាតិ​ចិន​ដំបូង​ ដែល​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ដឹកនាំ​អង្គការ​ស្បៀង​អាហារ ​និង​កសិកម្ម ​(FAO) ​របស់​អង្គការ​​សហប្រជាជាតិ​ កាល​ពី​ថ្ងៃ​អាទិត្យ​។

លោក Qu អាយុ ​៥៥ ​ឆ្នាំ​ ជា​អ្នក​​ជីវសាស្ដ្រ​មួយ​រូប​តាមរយៈ​ការ​​បណ្ដុះបណ្ដាល​ បាន​ទទួល​សំឡេង​ឆ្នោត ​១០៨​ បន្ទាប់​មក​លោក​ស្រី ​Catherine Geslain ​Laneelle របស់​ប្រទេស ​បារាំង​ ទទួល​បាន ​៧១ ​សំឡេង​ និង​​​លោក ​Davit Kirvalidze របស់​​ប្រទេស ហ្ស៊កហ្ស៊ី ​​ទទួល​បាន​ ​១២ ​សំឡេង​។ ​នេះ​បើ​​តាម​លទ្ធផល​​ផ្លូវ​ការ​។​

លោក​ប្រធាន​ FAO ថ្មី​រូប​នេះ​បាន​​ឲ្យ​ដឹង​បន្ទាប់​ពី​លទ្ធផល​ត្រូវ​​បាន​ប្រកាស​ថា​៖ «​ខ្ញុំ​សូម​អរគុណ​យ៉ាង​ខ្លាំង​ដល់​បណ្ដា​​ប្រទេស​ជា​សមាជិក​ទាំង​អស់​សម្រាប់​ការ​ចូលរួម​យ៉ាង​សកម្ម​របស់​អ្នក​»។ ​

លោក​បន្ត​ថា៖ «​ក៏​សូម​អរគុណ​​ដល់​បេក្ខជន​ផ្សេង​ទៀត​ដែល​បាន​ជួយ​ខ្ញុំ​កាន់​តែ​ប្រសើរ​ផង​ដែរ»។​ ​លោក​​ថ្លែង​ថា​៖ «​ខ្ញុំ​នឹង​ប្ដេជ្ញា​ចិត្ត​ចំពោះ​​​សេចក្ដី​ប្រាថ្នា​ពី​​មុន​របស់​ ​FAO ​បេក្ខជន ​និង​បេសកកម្ម​របស់​អង្គការ​នេះ​»។​

ការ​ជ្រើសរើស​​​លោក​ដើម្បី​ដឹកនាំ​ទីភ្នាក់ងារ​ ​​មាន​​មូលដ្ឋាន​នៅ​ទីក្រុង​រ៉ូម​មួយ ដែល​​ប្រមូល​ផ្ដុំ​បណ្ដា​ប្រទេស​ជា​សមាជិក ​១៩៤​ នេះ ​ធ្វើ​ឡើង​ខណៈ​កំពុង​​មាន​ការ​ប្រយុទ្ធ​ដើម្បី​លុប​បំបាត់​ការ​ស្រេកឃ្លាន​លើ​ពិភព​លោក​ ដែល​​រង​ប៉ះពាល់​ដោយសារ​តែ​ការ​​កើន​ឡើង​កម្ដៅ​លើ​ពិភព​លោក​ និង​សង្គ្រាម​។​

ភាព​ស្រេក​ឃ្លាន​ត្រូវ​បាន​ស្ដីបន្ទោស​​លើ​​ផល​ប៉ះពាល់​រួម​ដោយសារ​បញ្ហា​​អាកាស​ធាតុ​ធ្ងន់ធ្ងរ​ និង​ខុស​ប្រក្រតី​ ការ​ធ្លាក់​​សេដ្ឋកិច្ច ​និង​ជម្លោះ​នានា ​ជា​​ពិសេស​នៅ​អាហ្វ្រិក ​និង​មជ្ឈិមបូព៌ា​ ដែល​បាន​កើន​ឡើង​​ក្នុង​រយៈពេល ​៣ ​ឆ្នាំ​កន្លង​មក​នេះ​។​

FAO ​បាន​ព្រមាន​អំពី​អសន្តិសុខ​​ស្បៀង ​ដែល​កើន​ឡើង​ និង​​​កម្រិត​ខ្ពស់​​នៃ​អាហារូបត្ថម្ភ ​ហើយ​លោក Qu នឹង​ត្រូវ​តែ​បង្កើន​​ការ​គាំទ្រ​កសិដ្ឋាន ​និង​ជលផល​ខ្នាត​តូច ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​​ភាព​មិន​ល្អ​នៃ​កសិដ្ឋាន​ប្រើប្រាស់​កម្លាំង​ពលកម្ម​ច្រើន ​កាក​​សំណល់​អាហារ​ និង​ភាព​ក្រីក្រ​។​

អ្នក​បន្ត​វេន​ពី​​លោក​ Jose Graziano da Silva របស់​ប្រទេស ​ប្រេស៊ីល ​នេះ ​នឹង​ត្រូវ​តែ​ដាក់​​គោល​​នយោបាយ​ក្នុង​ការ​រៀបចំ​សម្រាប់​ការ​ចិញ្ចឹម​​ប្រជាជន​​ពិភព​លោក​ដែល​រំពឹង​ថា ​នឹង​កើន​ឡើង​ពី ​៧,៧ ​ពាន់​លាន​នាក់ ​ដល់​ ៩,៧ ​ពាន់​លាន​នាក់ ​ក្នុង​​ឆ្នាំ ​២០៥០​។​

លោក ​Manuel Lafont Rapnouil មក​ពី​​ក្រុមប្រឹក្សា​អឺរ៉ុប​​ស្ដីពី​ទំនាក់ទំនង​បរទេស ​(ECFR) ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ថា ​AFP​ ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​​មួយ​នេះ​​ដោះស្រាយ​បញ្ហា​ជា​ច្រើន​ដែល​ «សំខាន់​សម្រាប់​ទាំង​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​ និង​ប្រទេស​​កំពុង​អភិវឌ្ឍន៍​»​។ ​

លោក​ឲ្យ​ដឹង​ថា ​ពួក​គេ​ដាក់​បញ្ចូល​ «​សន្ដិសុខ​​ស្បៀង​អាហារ ​និង​ការ​អភិវឌ្ឍ​កសិកម្ម ​ប៉ុន្តែ​ក៏​ត្រូវ​ផ្តោត​លើ​កសិឧស្សាហកម្ម​ ពាណិជ្ជកម្ម ​បច្ចេកវិទ្យា​ និង​លើស​​​ពី​នេះ ​អាកាសធាតុ ​និង​បរិស្ថាន​ផង​ដែរ​»។​

លោក​ Rapnouil បាន​ឲ្យ​ដឹង​​ថា ​ជនជាតិ​ចិន​ជា​ច្រើន​ក៏​បាន​​ដឹកនាំ​អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ អង្គការ​អភិវឌ្ឍន៍​​ឧស្សាហកម្ម​អង្គការ​សហប្រជាជាតិ​ និង​សហជីព​ទូរគមនាគមន៍​អន្តរជាតិ ​ព្រម​ទាំង​ដឹកនាំ​នាយកដ្ឋាន​ទទួល​បន្ទុក​សេដ្ឋកិច្ច​ និង​​កិច្ច​ការ​សង្គម​របស់​​អង្គការ​សហប្រជាជាតិ​ផង​ដែរ។​

លោក​ថ្លែង​ថា៖​ «​ប្រទេស ចិន ​ក៏​ផ្តោត​​​យ៉ាង​ខ្លាំង​ក្នុង​ការ​បង្កើន​វត្តមាន​នៃ​ជនជាតិ​របស់​ខ្លួន​​នៅ​តួនាទី​របស់​​អង្គការ​សហប្រជាជាតិ​ផង​ដែរ ​ជា​ពិសេស​នៅ​ក្នុង​តំណែង​​ខ្ពស់ៗ​»។ លោក​បាន​​បន្តថា​៖ «​វាមាន​​សកម្មភាព​ជា​ពិសេស​​​ក្នុង​ការ​បោះឆ្នោត​សម្រាប់​​​ប្រធាន​របស់​ទីភ្នាក់ងារ​ មូលនិធិ​ និង​កម្មវិធី​នានា​»។​

ជំងឺ​ឆ្លង​ សង្គ្រាម​ពាណិជ្ជកម្ម ​

ក្រុម​អ្នក​វិភាគ​ជាច្រើន​​បាន​មើល​ឃើញ​​លោក Qu ​ថា​ ជា​មនុស្ស​នឹង​ទទួល​ជោគជ័យ​ក្នុង​តំណែង​រយៈពេល ​៤ ​ឆ្នាំ​នេះ ​ដែល​លោក​នឹង​ចូល​កាន់​តំណែង​​នៅ​ថ្ងៃ​ទី ១​ ខែ ​សីហា​។​

លោក​ Richard Gowan ជា​អ្នក​វិភាគ​មួយ​រូប​នៅ​​អង្គការ​វិបត្តិ​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៊្រុចសែល​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ​ថា​៖ «​ទីក្រុង​ប៉េកាំង​​បាន​ធ្វើ​ការ​ជំរុញ​​ដ៏​ធំ​មួយ​ដើម្បី​ទទួល​បាន​ការងារ​​ជាន់​ខ្ពស់​ជា​ច្រើន​នៅ​ក្នុង​អង្គការ​សហប្រជាជាតិ​​​​ក្នុង​រយៈពេល​ ​២-៣ ឆ្នាំ​ចុង​ក្រោ​យ​​នេះ​​»​។​

ប្រទេស ​ចិន ​​បច្ចុប្បន្ន​កំពុង​ជម្នះ​​ជំងឺ​ប៉េស្ដ​ជ្រូក​ និង​​បាន​សម្លាប់​​សត្វ​ជ្រូក​ជាង ​១ លាន​ក្បាល ​នៅ​ទូទាំង​ប្រទេស​។ នេះ​បើ​​យោង​តាម​តួលេខ​របស់ FAO។ ​ប្រទេស​នេះ​ក៏​ត្រូវ​តែ​​ប្រយុទ្ធ​​នឹង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​ ដែល​​បាន​បង្ខំ​ឲ្យ​ចិន​ងាក​ទៅ​ទីកន្លែង​ផ្សេង​ទៀត​សម្រាប់​គ្រាប់​ធញ្ញជាតិ​ និង​សណ្ដែកសៀង​។​

ទីក្រុង​ប៉េកាំង​បាន​ឲ្យ​ដឹង​នៅ​ក្នុង​លិខិត​ដេញ​ថ្លៃ​របស់​ខ្លួន​ដែល​បាន​ទទួល​ដោយ AFP ថា​ វិបត្តិ​ទាំង​នេះ​​បាន​ជំរុញ​ឲ្យ​វិស័យ​ស្បៀង​អាហារ​ត្រូវ​ដាក់​នៅ​​លើ​អាទិភាព​របស់​​រដ្ឋាភិបាល​​។​

លោក​ Qu មាន​បទ​ពិសោធ​​ ​៣០ ​ឆ្នាំ ចាប់​ពី​ការ​អភិវឌ្ឍ​​បច្ចេកវិទ្យា​ឌីជីថល​ខាង​​កសិកម្ម ដល់​ការ​ណែនាំ​ឥណទាន​ខ្នាត​តូច​នៅ​តាម​តំបន់​ជន​បទ​នានា​។​

លោក​ Kirvalidze ជា​បេក្ខជន​​ប្រកួត​ប្រជែង​មក​ពី​ប្រទេស ​ហ្ស៊កហ្ស៊ី និង​ជា​អតីត​រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម បាន​ឲ្យ​ដឹង​ថា ​លោក​ជឿជាក់​ថា ​វិស័យ​ឯកជន​មាន​តួនាទី​ដ៏​សំខាន់​មួយ​​ក្នុង​ការ​លុប​បំបាត់​ការ​ស្រេកឃ្លាន​​លើ​ពិភព​លោក​។

លោកស្រី​ Geslain-Laneelle ជា​បេក្ខជន​របស់​ប្រទេស ​បារាំង និង​ជា​អតីត​​ប្រធាន​​អាជ្ញាធរ​សុវត្ថិភាព​ស្បៀង​អាហារ​អឺរ៉ុប (EFSA) បាន​ចំណាយ​អាជីព​ទាំង​ស្រុង​របស់​លោកស្រី​នៅ​ក្នុង​កសិកម្ម និង​វិស័យ​កសិស្បៀង​អាហារ​​នៅ​ក្នុង​កម្រិត​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រទេស ​បារាំង​។​

ស្ដ្រី​ដែល​ចូលរួម​​​ប្រកួត​ដណ្ដើម​​​ការងារ​នេះ​ លើក​ដំបូង​បាន​ឲ្យ​ដឹង​​ថា​ FAO​ គួរ​តែ​ជួយ «​អភិវឌ្ឍ​​ចង្វាក់​តម្លៃ​ជុំវិញ​កសិកម្ម ជលផល​ និង​រុក្ខាប្រមាញ់​» ដែល​​​សំដៅ​ដល់​​ការ​ស្ដុក​ទុក​ ការ​កែច្នៃ និង​ការ​ចែកចាយ​​ស្បៀង​អាហារ​៕ ​AFP/LA​