ភ្នំពេញ: កម្ពុជា​រំពឹងថា ការបញ្ចប់​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​តំបន់​នៃ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំនេះ នឹង​បើកឱកាស​ថ្មី​មួយទៀត​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ការធ្វើ​ពិពិធកម្ម​ការនាំចេញ និង​ទទួលបាន​លំហូរ​ចូល​ការវិនិយោគ​កាន់តែ​​ច្រើន​ថែមទៀត​ពី​តំបន់​នេះ​។

លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រី ក្រសួងពាណិជ្ជកម្ម​ដែល​ដឹកនាំ​ក្រុម​គណៈប្រតិភូ​របស់​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​អន្ដរ​រដ្ឋមន្ដ្រី​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​លើក​ទី​ ១១ នៅ​ក្រសួង​តាមរយៈ​វីដេអូ​ខុនហ្វើរ៉ិន បាន​ឱ្យ​ដឹងថា តាមរយៈ​កិច្ចប្រជុំ​នេះ រដ្ឋមន្ដ្រី​ទាំងអស់​របស់​អាស៊ាន​បាន​ទទួល​ស្គាល់​ការរីកចម្រើន​អំពី​កិច្ចព្រមព្រៀង​នេះ និង​ត្រូវ​រៀបចំ​ឯកសារ​គោល​សម្រាប់​មេដឹកនាំ​របស់​សមាជិក​នីមួយៗ​ចុះហត្ថលេខា​នៅក្នុង​កិច្ចប្រជុំ​កំពូល RCEP លើក​ទី​ ៤ នៅ​ថ្ងៃទី​ ៤ ​ខែ​វិច្ឆិកា ខាង​មុខ​នេះ​។

លោក​ថ្លែង​បន្តទៀតថា​៖ «​អង្គប្រជុំ​បាន​វាយតម្លៃ​ខ្ពស់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​គណៈកម្មាធិការ​លើ​ការចរចា​ស្ដីពី​ពាណិជ្ជកម្ម និង​ក្រុមការងារ​ផ្នែក​កិច្ចការ​ច្បាប់​ដែល​បានបញ្ចប់​ការងារ​របស់​ពួកគេ​តាម​ផែនការ ទោះបីជា​បញ្ហា​ប្រឈម​ដែល​បាន​បង្កឡើង​ដោយសារ​តែ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​ ក៏ដោយ​»​។

លោក​ថា​៖ «​យើង​រំពឹងថា​កិច្ចព្រមព្រៀង​នេះ​នឹង​ត្រូវបាន​ចុះហត្ថលេខា​ត្រឹម​ចុង​ឆ្នាំនេះ ខណៈ​ដែល​វា​នឹង​បង្កើត​ក្របខ័ណ្ឌ​ភាពជា​ដៃគូ​ជាមួយ​ការធ្វើ​ឱ្យ​កាន់តែ​ទំនើប មាន​ប្រសិទ្ធភាព​កាន់តែ​ខ្ពស់ ទូលំទូលាយ ព្រមទាំង​ផ្ដល់​ផលប្រយោជន៍​សេដ្ឋកិច្ច​ដល់​គ្នា​ទៅវិញ​ទៅមក តាមរយៈ​ការបង្កើន​ពាណិជ្ជកម្ម និង​ការវិនិយោគ​នៅក្នុង​តំបន់​»​។

RCEP នឹង​ក្លាយជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ឈានមុខ​គេ​មួយ​នៅលើ​ពិភពលោក​ដែល​រួមមាន ប្រទេស​ជា​សមាជិក​ចំនួន​ ១៦ មាន​ប្រជាជន​រួម​ជិត​ ៣,៦ ​ពាន់​លាន​នាក់ (​ឬ​ ៤៨,១ ​ភាគរយ​នៃ​ប្រជាជន​ពិភពលោក​) ខណៈដែល​ផលិតផល​សរុប​ក្នុងស្រុក (GDP) ​ជាង​ ២៨,៥ ​ពាន់​ពាន់​លាន​ដុល្លារ (​ឬ​ ៣២,៧ ​ភាគរយ​ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​លើ​ពិភពលោក​) និង​មានតម្លៃ​ពាណិជ្ជកម្ម​សរុប​ជាង​ ១១,២ ​ពាន់​ពាន់​លាន​ដុល្លារ (​ឬ​ ២៩,៥ ​ភាគរយ​នៃ​ពាណិជ្ជកម្ម​ពិភពលោក​)​។

ប្រទេស​ចំនួន​ ១៥ ដោយ​លើកលែង​តែ​ប្រទេស​ឥណ្ឌា គួរឱ្យ​កត់សម្គាល់​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​។ សមាជិក​ទាំងអស់​មិនទាន់​អាច​ឆ្លើយតប​នឹង​ការបារម្ភ​របស់​ប្រទេស​ឥណ្ឌា​អំពី​ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​បណ្ដា​ប្រទេស​ជា​សមាជិក​នោះទេ​។ នេះ​បើ​យោងតាម​កាសែត Nation បាន​រាយការណ៍​។

ទោះបី​ជា​គ្មាន​ប្រទេស​ឥណ្ឌា​ក៏ដោយ ក៏ RCEP នឹង​គ្របដណ្ដប់​លើ​ប្រជាជន​ជាង​ ២,២ ​ពាន់​លាន​នាក់​ (​ឬ​ ៣០ ​ភាគរយ​នៃ​ប្រជាជន​ពិភពលោក​) GDP សរុប​មាន​ជាង​ ២៥,៦ ​ពាន់​ពាន់លាន​ដុល្លារ (​ឬ​ ២៩,៣ ​ភាគរយ​នៃ GDP ​ពិភពលោក​) និង​តម្លៃ​ពាណិជ្ជកម្ម​ជាង​ ១០,៤ ​ពាន់ពាន់​លាន​ដុល្លារ (​ឬ​ស្មើ​ ២៧,៤ ​ភាគរយ​នៃ​ពាណិជ្ជកម្ម​ពិភពលោក​)​។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា បានឱ្យ​ដឹងថា RCEP ​គឺជា​ទម្រង់​ពាណិជ្ជកម្ម​របស់​អាស៊ាន​ដែល​ត្រូវ​បានរៀបចំ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ដើម្បី​បើក​ចំហ​ពាណិជ្ជកម្ម និង​ការវិនិយោគ​នៅក្នុង​តំបន់​។ លោក​បន្ថែមថា កិច្ចព្រមព្រៀង​នេះ​នឹង​មាន​សារៈសំខាន់​ខ្លាំង​បំផុត​សម្រាប់​អាស៊ាន​ដោយសារ​តែ​វា​នឹង​ជួយ​ពង្រឹង​វិស័យ​ផលិតកម្ម ដើម្បី​ជំរុញ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​នៅ​បណ្ដា​ប្រទេស​នានា​នៅក្នុង​តំបន់​។

លោក​បាន​ថ្លែង​បញ្ជាក់ថា​៖ «​នេះ​មានន័យថា បណ្ដា​ប្រទេស​នានា​នៅក្នុង​តំបន់​នេះ ទទួល​បាន​ឱកាស​កាន់តែច្រើន​ក្នុងការ​ជំរុញ​ការនាំ​ចេញទៅ​បណ្ដា​ប្រទេស​ជា​សមាជិក​។ ជាមួយ​គ្នា​នេះ​ដែរ RCEP នឹង​ជួយ​ជំរុញ​លំហូរ​ពាណិជ្ជកម្ម និង​ទាក់ទាញ​ការវិនិយោគ​កាន់តែ​ច្រើន​ជាមួយ​សមាជិក​ទៅកាន់​តំបន់​នេះ​»​។

លោក វណ្ណៈ បាន​លើកឡើង​ថា​៖ «​ខ្ញុំ​គិតថា នៅពេល​នេះ​ប្រទេស​កម្ពុជា​មិន​ដូច​ពីមុន​នោះទេ​។ នៅពេលនេះ​យើង​មាន​ផលិតផល​កសិកម្ម​ជាច្រើន ក្រៅពី​កាត់ដេរ និង​វាយនភណ្ឌ​។ លើស​ពី​នេះ​ប្រទេស​កម្ពុជា​យើង​ទទួលបាន​ឱកាស​កាន់តែច្រើន​នៅក្នុង​ការទាក់ទាញ​ការវិនិយោគ​កាន់តែ​ច្រើន​ពី​តំបន់​នេះ សម្រាប់​ការនាំ​ចេញទៅ​បណ្ដា​ប្រទេស​ផ្សេងទៀត ដែលជា​ដៃគូ​របស់​អាស៊ាន​»​។

RCEP រួមមាន ប្រទេស​ចំនួន​ ១៦ ក្នុងនោះ​មាន​ប្រទេស​ថៃ កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ហ្វីលីពីន វៀតណាម ​មីយ៉ាន់ម៉ា ឡាវ ប្រ៊ុយណេ ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ដ្រាលី និង​ប្រទេស​នូវែលសេឡង់​៕ LA