ក្រុង​សិង្ហ​បុរីៈ មេ​ដឹក​នាំ​ពិ​ភព​លោក នឹង​ជំ​រុញ​ឲ្យ​បញ្ចប់​យ៉ាង​រហ័ស​នូវ​កិច្ច​ព្រម​ព្រៀង​ពា​ណិជ្ជ​កម្ម​ដ៏​ធំ​មួយ​ដែល​​គាំ​ទ្រ​ដោយ​​ប្រ​ទេស ចិន ​ក្នុង​កិច្ច​ប្រ​ជុំ​កំ​ពូល​​មួយ​នៅ​សប្ដាហ៍​នេះ​ ក្នុង​គ្រា​ដែល​មាន​ការ​រិះ​គន់​​​ដល់​របៀប​វារៈ​ការ​គាំ​ពារ​និ​យម​ និង​ ​«អា​មេ​រិក​ជា​អា​ទិ​ភាព​» កាន់​តែ​ខ្លាំង​ឡើង​ៗ​​​របស់​លោក ដូ​ណាល់ ត្រាំ​។

ប្រ​ទេស ចិន ជប៉ុន ឥណ្ឌា និង​បណ្ដា​ប្រ​ទេស​​ក្នុង​តំ​បន់​អា​ស៊ី​ប៉ា​ស៊ី​ហ្វិក​ផ្សេង​ទៀត​ អាច​​ប្រ​កាស​កិច្ច​ព្រម​ព្រៀង​ដ៏​ទូ​លំ​ទូ​លាយ​មួយ​ស្ដី​ពី​​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃ​គូ​សេដ្ឋ​កិច្ច​ដ៏​ទូ​លំ​ទូ​លាយ​​ក្នុង​​តំ​បន់ (RC​EP)​ ដែល​គ្រប​ដណ្ដប់​​លើ​ប្រ​ជា​ជន​​ពាក់​កណ្ដាល​ពិ​ភព​លោក​ នៅ​ក្រៅ​ជំ​នួប​នៃ​កិច្ច​ប្រ​ជុំ​ប្រ​ចាំ​ឆ្នាំ​នេះ។​

អា​មេ​រិក​ មិន​គ្រាន់​តែ​អវត្ត​មាន​​ក្នុង​កិច្ច​ព្រម​ព្រៀង​នេះ​ប៉ុណ្ណោះ​ទេ តែ​​លោក ត្រាំ ក៏​នឹង​មិន​ចូល​រួម​កិច្ច​ប្រ​ជុំ​កំ​ពូល​ក្នុង​ប្រ​ទេស​ សិង្ហ​បុរី ​នេះ​ផង​ដែរ ដែល​បញ្ជាក់​ពី​​ការ​ដក​ខ្លួន​យ៉ាង​ឆ្ងាយ​របស់​លោក​ចេញ​ពី​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ ដើ​ម្បី​​បង្កើត​ច្បាប់​ពា​ណិជ្ជ​កម្ម​ពិ​ភព​លោក​ និង​​ការ​បង្កើន​បញ្ហា​ចោទ​​បន្ថែម​ទៀត​​អំពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ទី​ក្រុង​វ៉ា​ស៊ីន​តោន​ចំ​ពោះ​​​អា​ស៊ី​។​

លោក​ស្រី​ Deborah Elms នា​យក​ប្រតិ​បត្តិ​ការ​មជ្ឈ​មណ្ឌល​ពា​ណិជ្ជ​កម្ម​អា​ស៊ី​ បាន​​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ AFP ថា សេច​​ក្ដី​ប្រ​កាស​​​​ក្នុង​ប្រ​ទេស​ សិង្ហ​បុរី ​​ដែល​ថា ការ​ចរ​ចា​​នា​នា​ស្តី​ពី​កិច្ច​ព្រម​ព្រៀង​ RCEP ភាគ​ច្រើន​ត្រូវ​បាន​បញ្ចប់​នោះ នឹង​មាន​​ «​សារៈ​សំ​ខាន់​ជា​និមិត្ត​រូប​មួយ​នៃ​ការ​ប្ដេ​ជ្ញា​ចិត្ត​​របស់​អា​ស៊ី​​ចំ​ពោះ​ពា​ណិជ្ជ​កម្ម ​នៅ​ពេល​​ភាព​តាន​តឹង​​ពិ​ភព​លោក​កាន់​តែ​កើន​ឡើង​»​។​

ប៉ុន្តែ​លោក​ស្រី​​ឲ្យ​ដឹង​ថា ការ​ចរចា​​លើ​វិ​ស័យ​មួយ​ចំ​នួន​​ទំ​នង​ជា​នឹង​បន្ត​ទៅ​​ក្នុង​ឆ្នាំ​ក្រោយ​ ខណៈ​ដែល​អ្នក​ការ​ទូត​ចូល​រួម​ក្នុ​ង​កិច្ច​ប្រ​ជុំ​កំ​ពូល​មួយ​រូប​ បាន​និ​យាយ​ដោយ​​មិន​បញ្ចេញ​ឈ្មោះ​ថា «ការ​រីក​ចម្រើន​​ជា​ច្រើន» ត្រូវ​បាន​ធ្វើ​ឡើង​ ប៉ុន្តែ​នៅ​តែ​មាន​ចំ​ណុច​​ជា​ច្រើន​កំ​ពុង​រិះ​គន់​​។​

កិច្ច​ប្រ​ជុំ​របស់​មេ​ដឹក​​នាំ​ពិ​ភព​លោក​ទាំង ២០ កើត​មាន​ឡើង​​ក្នុង​គ្រា​ដែល​មាន​ជម្លោះ​ពា​ណិជ្ជ​កម្ម​ជា​ច្រើន​ខែ​​រវាង​ប្រ​ទេស​ ចិន និងអា​មេ​រិក​។​

មេ​ដឹក​​នាំ​​ផ្សេង​ទៀត​ដែល​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំ​កំ​ពូល​នេះ​​ ​រួម​មាន​​ទាំង​លោក​ប្រ​ធា​នា​ធិប​តី​របស់​ប្រ​ទេស​​រុ​ស្ស៊ី វ៉្លាឌី​មៀរ ពូ​ទីន និង​​លោក​នា​យក​រដ្ឋ​មន្ដ្រី​ជ​ប៉ុន ស៊ីន​ហ្សូ អា​បេ ផង​ដែរ​។​

ប៉ុន្តែ​ការ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ភាគ​ច្រើន​ នឹង​ផ្ដោត​លើ​ RCEP ដោយ​សារ​តែ​មេ​ដឹក​នាំ​ភាគ​ច្រើន ស្វែង​រក​សារ​មួយ​គាំ​ទ្រ​ដល់​ពា​ណិជ្ជ​កម្ម​សេរី​៕ AFP/LA