ក្រុងវ៉ាស៊ីនតោនៈ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មសិង្ហបុរី បានឲ្យដឹងកាលពីថ្ងៃពុធថា លោកសង្ឃឹមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មទូលំទូលាយនៅទ្វីបអាស៊ី ដែលត្រូវបានគាំទ្រដោយប្រទេស ចិន តែមិនរួមបញ្ចូលអាមេរិកនោះ អាចសម្រេចបានត្រឹមចុងឆ្នាំនេះ។
ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន លោក Chan Chun Sing រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរីបានឲ្យដឹងថា រូបភាពនឹងលេចឡើងកាន់តែច្បាស់ចំពោះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) នៅខែឧសភា បន្ទាប់ពីការបោះឆ្នោតក្នុងប្រទេស ៤ គឺឥណ្ឌា អូស្ដ្រាលី ឥណ្ឌូនេស៊ី និងថៃ ដែលជាសមាជិកកិច្ចព្រមព្រៀងនេះ។
លោក Chan បានប្រាប់ក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក-អាស៊ាន ថា៖ «ខ្ញុំគិតថា គម្លាត [ពេលវេលា] កំពុងរួមតូច ហើយខ្ញុំគិតថា យើងមានឱកាសស្មើភាពមួយក្នុងការធ្វើឲ្យកិច្ចព្រមព្រៀងនេះសម្រេចបាននៅឆ្នាំនេះ»។
លោកឲ្យដឹងថា កិច្ចព្រមព្រៀង RCEP ដែលនឹងជាកិច្ចព្រមព្រៀងពាណិជ្ជកម្មឈានមុខគេរបស់ពិភពលោក មានទាំងអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងយុទ្ធសាស្ដ្រភូមិសាស្ដ្រ ខណៈដែលវានឹងបង្ហាញសារដ៏រឹងមាំមួយថា៖ «យើងទាំងអស់គ្នានឹងបន្តជឿជាក់លើប្រព័ន្ធពាណិជ្ជកម្មបើកចំហ ដែលមានមូលដ្ឋានលើច្បាប់»។
សិង្ហបុរីដែលជាប្រធានអាស៊ានកាលពីឆ្នាំមុនបានជំរុញយ៉ាងខ្លាំងឲ្យមានការបញ្ចប់កិច្ចព្រមព្រៀង RCEP ពោលគឺជាកិច្ចព្រមព្រៀងមួយដែលភ្ជាប់ទំនាក់ទំនងប្រជាជនរបស់ពិភពលោកជិតពាក់កណ្ដាលដែលរួមទាំងចិន ឥណ្ឌា ជប៉ុន និងអាស៊ីអាគ្នេយ៍។
ប៉ុន្តែប្រទេស ចិន បានរុញពេលវេលាសម្រាប់ការសម្រេចបានកិច្ចព្រមព្រៀងដែលមានសមាជិក ១៦ ប្រទេសនេះទៅមុខរហូតមកដល់ឆ្នាំនេះ ដោយសារតែចំណុចជាប់គាំងលើលទ្ធភាពចូលទីផ្សារ និងការជំទាស់ពីប្រទេស ឥណ្ឌា ទៅនឹងការបើកចំហព្រំដែនរបស់ខ្លួនក្នុងការទទួលយកទំនិញរួចពន្ធរបស់ចិនមួយចំនួន។
ប្រទេស ចិន បានគាំទ្រកិច្ចព្រមព្រៀង RCEP ចំពេលការធ្លាក់ចុះពាណិជ្ជកម្មដែលអូសបន្លាយពេលរបស់ខ្លួនជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលជាអ្នកគាំពារនិយមដែលបានហូតពន្ធនាំចូលក្នុងតម្លៃរាប់ពាន់លានដុល្លារ ដោយសារការចោទប្រកាន់ប្រទេស ចិន ពីបទបោកប្រាស់អាមេរិក។
កិច្ចព្រមព្រៀង RCEP បានកើនសម្ទុះឡើងវិញ បន្ទាប់ពីលោក ត្រាំ នៅពេលឡើងកាន់អំណាចបានដកខ្លួនចេញពីកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានគាំទ្រដោយលោក បារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតីអាមេរិក និងមិនរួមបញ្ចូលប្រទេស ចិន ក្នុងកិច្ចព្រមព្រៀងនេះ។ ខុសពីកិច្ចព្រមព្រៀង RCEP កិច្ចព្រមព្រៀង TPP បានបង្កើតស្ដង់ដាការងារ និងស្ដង់ដាបរិស្ថាន។
លោក Chan រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មរបស់ប្រទេស សិង្ហបុរី ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយ និងជាសម្ព័ន្ធមិត្តរបស់អាមេរិកយូរមកហើយនោះ បានអំពាវនាវឲ្យអាមេរិករក្សាតួនាទីជាអ្នកដឹកនាំដ៏រឹងមាំមួយលើពិភពលោក។
លោក Chan មានប្រសាសន៍ថា៖ «អ្វីដែលធ្វើឲ្យអាមេរិកអស្ចារ្យ មិនមែនគ្រាន់តែជាតួលេខពាណិជ្ជកម្មនោះទេ។ អ្វីដែលធ្វើឲ្យអាមេរិកអស្ចារ្យ គឺនវានុវត្តន៍ដែលមានវត្តមានក្នុងសេដ្ឋកិច្ចនេះ ដែលបានជំរុញដោយលំហូរចូលដោយសេរីនៃមនុស្សមានទេពកោសល្យ និងគំនិត»៕ AFP/LA