
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ធនាគារអភិវឌ្ឍន៍ជនបទ (RDB) បានឲ្យដឹងថា ធនាគារនេះនៅរក្សាទំហំទឹកប្រាក់ ៦៤ លានដុល្លារជាកម្ចីដល់វិស័យកសិកម្មដដែលនៅឆ្នាំនេះ ដែលមួយភាគធំត្រូវផ្តល់ឲ្យទៅឧស្សាហកម្ម ស្រូវ អង្ករ។
ទោះជាយ៉ាងណា វិស័យឯកជននិយាយថា ការផ្តល់កម្ចីកសិកម្ម និងសេវាកម្មរបស់ RDB នៅមានកម្រិតហើយមានភាពយឺតយ៉ាវធៀបនឹងធនាគារពាណិជ្ជ។
លោក សុន គន្ធរ ប្រធាន RDB ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា៖ «ប្រាក់កម្ចីសម្រាប់វិស័យកសិកម្មឆ្នាំនេះនៅរក្សាចំនួន ៦៤ លានដុល្លារដដែល។ ក្នុងនោះ ២០ លានជាទុនរបស់ RDB ស្រាប់ ៣៦ លានបានមកពីមូលនិធិស្រូវនៃក្រសួង សេដ្ឋកិច្ច និង ៨ លានទៀតជាប្រាក់កម្ចីរបស់ធនាគារ ចិន»។
លោកបានបញ្ជាក់ថា ប្រាក់កម្ចីមួយចំនួនធំនឹងត្រូវផ្តល់ទៅឲ្យវិស័យស្រូវអង្ករ និងមួយភាគទៀតផ្តល់ឲ្យវិស័យកសិកម្មផ្សេងៗដូចជា ដំណាំកៅស៊ូជាដើម។ លោកបន្តថា ឧស្សាហកម្មស្រូវអង្ករកម្ពុជាត្រូវការទុនចំនួនជាង ៣០០ លានដុល្លារទៀតដើម្បីសម្រេចបានសក្តានុពល ហើយថា ប្រាក់កម្ចីពីធនាគារពាណិជ្ជ និងទុនរបស់អ្នករកស៊ីកំពុងជំរុញវិស័យនេះឲ្យដើរទៅមុខ។
បញ្ហាប្រឈមរបស់វិស័យនេះគឺកង្វះទុនទិញស្រូវស្តុកពីកសិករនៅពេលដែលរដូវច្រូតកាត់បានបញ្ចប់ជាកត្តានាំឲ្យស្រូវពី កម្ពុជា ហូរទៅប្រទេសជិតខាងដែលជាគូប្រជែងនាំអង្ករចេញរបស់ កម្ពុជា មានដូចជា ថៃ និង វៀតណាម។ នេះបើតាមការឲ្យដឹងរបស់លោក លឹម ប៊ុនហេង ប្រធានក្រុមហ៊ុន ឡូរ៉ង់។
លោកនិយាយថា បច្ចុប្បន្នក្រុមហ៊ុនរបស់លោកពឹងផ្អែកលើកម្ចីពីធនាគារពាណិជ្ជ ជាទុនក្នុងការទិញស្រូវពីកសិករ នៅពេលសំណើខ្ចីប្រាក់ទៅ RDB មិនមានការឆ្លើយតប។ លោកថ្លែងថា៖ «ខ្ញុំធ្លាប់ទទួលបានកម្ចីពី RDB ពីរដងតាំងពី ឆ្នាំ២០១១ តែក្រោយមកទៀតខ្ញុំបានដាក់សំណើទៅតែមិនមានឮដំណឹងអ្វីសោះទើបសម្រេចខ្ចីពីធនាគារពាណិជ្ជ»។
លោក ឡាយ សែ ម្ចាស់រោងម៉ាស៊ីនកិនស្រូវខ្នាតមធ្យមមួយនៅ ខេត្តបាត់ដំបង បានឲ្យដឹងថា សេវាកម្មផ្តល់ប្រាក់កម្ចីរបស់ RDB នៅមានកម្រិតនិងយឺតយ៉ាវ។ លោកថា៖ «ដូចខ្ញុំត្រូវការទុនទិញស្រូវទុកនៅខែមួយតែខែពីរទើបទទួលបានអ៊ីចឹងវាមិនទាន់រដូវច្រូតកាត់។ វាពិបាកអ៊ីចឹងហើយ RDB មិនមានសាខានៅតាមខេត្តទេ ការទូទាត់ការប្រាក់ក៏ពិបាក»។
លោកបញ្ជាក់ថា បើទោះបីជាការប្រាក់ពីរបស់ RDB ទាបជាងធនាគារពាណិជ្ជក៏ដោយ ក៏ការបង់ប្រាក់លើកម្រៃសេវា ដើម្បីទទួលបានកម្ចីធ្វើឲ្យថ្លៃចំណាយទទួលបានកម្ចីពី RDB មានតម្លៃប្រហាក់ប្រហែលនឹងធនាគារពាណិជ្ជដែរ។
លោក យ៉ង សាំងកុមារ ប្រធានអង្គការ សេដាក ឲ្យដឹងថា កង្វះទុនទិញស្រូវ និងអត្រាការប្រាក់ខ្ពស់ធៀបនឹងប្រទេសក្នុងតំបន់នៅតែជាឧបសគ្គសម្រាប់ការប្រកួតប្រជែងរបស់វិស័យស្រូវអង្ករ កម្ពុជា។
លោកបន្តថា កម្ចីដែលបានផ្តល់ដោយ RDB បានចូលរួមចំណែកជំរុញវិស័យកសិកម្មតែថា ទំហំប្រាក់កម្ចីនៅតិចតួចបើធៀបនឹងតម្រូវការ។ លោកថ្លែងថា៖ «ប្រសិនបើធនាគារអភិវឌ្ឍន៍ជនបទដែលជាធនាគាររបស់រដ្ឋផ្តល់កម្ចីច្រើនជាងនេះ ហើយក្នុងអត្រាការប្រាក់ទាបជាងនេះ នោះគឺរឹតតែប្រសើរ»។
កម្ពុជា បាននាំចេញអង្ករសរុបចំនួន ៨ ៤៣៣ តោននៅរយៈពេល ៣ ខែដំបូងឆ្នាំនេះ៕