ភ្នំពេញៈ ធនាគារ​អភិវឌ្ឍន៍​ជនបទ​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​ព្យាករ​ថា តម្រូវការ​កម្ចី​ស្រូវ​សម្រាប់​រដូវ​ខាង​មុខ​នេះ​នឹង​កើនឡើង​បន្ថែម​ទៀត​ធៀប​នឹង​ឆ្នាំ​មុន​។ នេះ​បើ​យោង​តាម​លោក កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ (RDB) បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​។

លោក​ថ្លែង​ថា​ខណៈ​ឃ្លាំង​ស្ដុក និង​ឡស​ម្ងួត​ស្រូវ​កាន់តែ​ច្រើន​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​នេះ​ចំនួន​តម្រូវការ​កម្ចី​នឹង​ច្រើន​ជាង​ឆ្នាំ​មុន​។

RDB បាន​ផ្ដល់​កម្ចី ៣៥ ​លាន​ដុល្លារ​ដល់​រោង​ម៉ាស៊ីន​កិនស្រូវ និង​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ប្រហែល​ ៤០ ​កាលពី​ឆ្នាំ​មុន​ដែល​មាន​ជាង​ ៥០ ​ភាគរយ​នៃ​កម្ចី​សរុប​ ៥០ ​លាន​ដុល្លារ​។

កាលពី​ខែ​កញ្ញា​ឆ្នាំ​ ២០១៦ រដ្ឋាភិបាល​បាន​ផ្តល់​កញ្ចប់​ថវិកា ២៧ ​លាន​ដុល្លារ ដល់ RDB ដើម្បី​ឲ្យ​ធនាគារ​មួយ​នេះ​អាច​ផ្ដល់​កម្ចី​ដល់​រោង​ម៉ាស៊ីន​កិនស្រូវ ដែល​នឹង​អាច​ឲ្យ​ពួកគេ​ទិញ​ស្រូវ​ពី​កសិករ​។

កាលពី​ខែ​សីហា​ឆ្នាំ​ ២០១៧ រដ្ឋាភិបាល​បាន​ចាក់​បញ្ចូល​សាច់ប្រាក់​បន្ថែម ២៣ ​លាន​ដុល្លារ​ដែល​ធ្វើ​មាន​ចំនួន​សរុប​ ៥០ ​លាន​ដុល្លារ​សម្រាប់​ការជំរុញ​ឧស្សាហកម្ម​ស្រូវ​អង្ករ ហើយ​ជា​ផ្នែក​មួយ​នៃ​គំនិត​​ផ្ដួចផ្ដើម​មាន​បំណង​គាំទ្រ​ដល់​ឧស្សាហកម្ម​ស្រូវ​អង្ករ​ដែល​ជួប​ការពិបាក​។

លោក កៅ ថាច បាន​ថ្លែង​ថា​កម្ចី​ថ្មី​នេះ​នឹង​ត្រូវ​ផ្ដល់​សម្រាប់​ឧស្សាហកម្ម​ស្រូវ​អង្ករ​នៅ​ចុង​ខែ​កក្កដា​នេះ ហើយ​រំពឹង​ថា​វា​នឹង​មាន​តម្រូវការ​ខ្ពស់ ដោយសារ​ឃ្លាំង​ស្ដុក និង​ឡស​ម្ងួត​ស្រូវ​ជាច្រើន​បាន​ដាក់​ឲ្យ​ប្រតិបត្តិការ​។

លោក​បាន​ថ្លែង​ថា​៖ «​តម្រូវការ​មូលធន​នៅ​ក្នុង​រដូវ​ខាង​មុខ​នឹង​កើនឡើង​ច្រើន ដោយសារ​ឃ្លាំង​ស្ដុក​ស្រូវ​រួចរាល់​សម្រាប់​ការ​ស្ដុក និង​ការកិន​ស្រូវ​មាន​គុណភាព​ខ្ពស់​»​។

លោក​បន្ត​ថា ​សមត្ថភាព​សរុប​នៃ​ឃ្លាំង​ស្ដុក​ស្រូវ​នៅ​រដូវ​ខាង​មុខ​នេះ​នឹង​មាន​ប្រហែល ៤៥០ ០០០ តោន បន្ទាប់ពី​ឃ្លាំង​ស្ដុក ៤ ​ថ្មី​ទើប​នឹង​ដំណើរការ​កាលពី​ដើម​ខែ​នេះ​។ លោក​ថ្លែង​ថា​៖ «​ទោះបី​ជា​កម្ចី​អាច​នឹង​ខ្វះខាត​ក៏ដោយ ក៏​យើង​នឹង​ស្នើសុំ​រដ្ឋាភិបាល​ក្នុង​ការ​បន្ថែម​ប្រាក់ វា​នឹង​មិនមែន​ជា​បញ្ហា​សម្រាប់​ឧស្សាហកម្ម​នេះ​ទេ​»​។

លោក សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន AMRU Rice ថ្លែង​ថា ខណៈ​វិស័យ​កសិកម្ម​មាន​ការ​កើនឡើង ឧស្សាហកម្ម​ស្រូវ​អង្ករ​ត្រូវការ​ផ្គត់ផ្គង់​ប្រហែល ៣៥០ ០០០ តោន​ដល់​ទីផ្សារ​អន្តរជាតិ​សម្រាប់​រដូវ​ខាង​មុខ​។

លោក​បន្ត​ថា ឧស្សាហកម្ម​នេះ​ត្រូវការ​មូលធន​ប្រហែល ៥០ ​លាន​ដុល្លារ​សម្រាប់​ការប្រមូល​ស្រូវ​នៅ​ឆ្នាំ​នេះ​។

លោក​ថ្លែង​ថា​៖ «​នៅពេល​នេះ​យើង​មាន​ការ​បារម្ភ​បន្តិចបន្តួច​អំពី​ការ​ស្ដុក និង​ការ​កិនស្រូវ ដូច្នេះ​យ៉ាង​ហោចណាស់​ ៥០ ​លាន​ដុល្លារ ត្រូវការ​មាន​ក្នុង​ដៃ​សម្រាប់​ប្រតិបត្តិការ​ក្នុង​ឧស្សាហកម្ម​ស្រូវ​អង្ករ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​អន្តរជាតិ​»​។

លោក​បន្ត​ថា​៖ «​ដូច្នេះ​តម្រូវការ​កម្ចី​សម្រាប់​រដូវ​ក្រោយ​គឺ​ត្រូវការ​ខ្លាំង​សម្រាប់​ការប្រមូល​ផល​»៕LA