ភ្នំពេញ៖ Renaissance Minerals (Cambodia) Ltd ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Emerald Resources NL ដែល​ចុះបញ្ជី​នៅ​ប្រទេស​អូស្ដ្រាលី បច្ចុប្បន្ន​កំពុង​ធ្វើ​ការ​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន (EIA) នៃ​គម្រោង​រ៉ែ​មាស​ថ្មី​មួយ​កន្លែង​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បន្ទាប់​ពី​ខ្លួន​ទើប​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ។

លោក Bernie Cleary ប្រធាន​គ្រប់គ្រង​ផ្នែក​ប្រតិបត្តិការ​ក្រុមហ៊ុន Renaissance បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍ ​ថា អាជ្ញាប័ណ្ណ​មេមត់ គឺ​ជា​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​មាស​ដែល​មាន​សក្ដានុពល​ខ្ពស់ ដោយ​គ្របដណ្ដប់​លើ​ផ្ទៃដី​ទំហំ ១០៧ គីឡូម៉ែត្រ​ការ៉េ និង​មាន​ទីតាំង​ចម្ងាយ ៩៥ គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​នៃ​គម្រោង​រ៉ែ​មាស​អូរខ្វាវ​ដែល​ក្រុមហ៊ុន​កំពុង​ប្រតិបត្តិការ​ជិត​ទាញ​យក​រ៉ែ​នៅ​ខេត្តមណ្ឌលគិរី។

លោក​ថ្លែង​ថា៖ «ចក្ខុវិស័យ​របស់​យើង​នឹង​មាន​ផល​ប៉ះពាល់​វិជ្ជមាន​លើ​បរិស្ថាន​ជិត​អណ្ដូងរ៉ែ និង​តម្លៃ​សង្គម តាមរយៈ​ការ​កំណត់​ទិសដៅ​អនុលោម​តាម​អភិបាលកិច្ច​សាជីវកម្ម​ដ៏​តឹងរ៉ឹង គោលការណ៍​ណែនាំ​អន្តរជាតិ និង​ច្បាប់​ក្នុង​ស្រុក ព្រមទាំង​ចូលរួម និង​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​តំបន់​គម្រោង​នេះ»។

លោក​ប្រាប់​ទៀត​ថា ក្រុមហ៊ុន​កំពុង​អនុវត្ត​ការ​វាយ​តម្លៃ​ផលប៉ះពាល់​បរិស្ថាន​ដំបូង ដែល​រួមមាន​ការ​ចូលរួម​របស់​សហគមន៍ និង​ការ​កំណត់​បរិស្ថាន​ដែល​មាន​សក្ដានុពល កត្តា​សង្គម និង​បុរាណវិទ្យា ដោយ​នៅ​ពេល​បញ្ចប់ និង​អនុម័ត​ដោយ​ក្រសួងបរិស្ថាន ហើយ​នឹង​គ្រប់គ្រង​លើ​ការ​អនុវត្ត​ការរុករក​នៅក្នុង​លក្ខខណ្ឌ​ស្មារតី​ទទួល​ខុស​ត្រូវ​ផ្នែក​សង្គម និង​បរិស្ថាន។

លោក​បន្ថែម​ថា៖ «បច្ចុប្បន្ន​ក្រុមហ៊ុន Renaissance កំពុង​វាយតម្លៃ​កំណត់ត្រា​ប្រវត្តិសាស្ដ្រ​នៃ​តំបន់​អាជ្ញាប័ណ្ណ ដើម្បី​រៀបចំ​ផែនការ​កម្មវិធី​រុករក​រ៉ែ ដែល​នឹង​ចាប់​ផ្ដើម ​បន្ទាប់​ពី​ការ​ចេញ​អាជ្ញាប័ណ្ណ​ផ្នែក​បរិស្ថាន»។

យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រុមហ៊ុន​កាល​ពី​ថ្ងៃទី ២៨ ខែមករា ក្រសួង​រ៉ែ និង​ថាមពល​កម្ពុជា បាន​ផ្ដល់​ការ​យល់ព្រម​ដំបូង​ក្នុង​ការ​អនុវត្ត​ការ​រុករក​រ៉ែ​មាស ហើយ​អាជ្ញាប័ណ្ណ​នេះ​នឹង​ត្រូវ​បាន​ចេញ​ជា​ផ្លូវការ​បន្ទាប់​ពី​ការ​បញ្ចប់​ឯកសារ​បទដ្ឋាន។ ក្រុមហ៊ុន​នេះ​ថា៖ «ការណ៍​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​បញ្ចប់​ការ​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​នៃ​ការ​រុករក​រ៉ែ ដែល​អនុម័ត​ដោយ​ក្រសួងបរិស្ថាន​កម្ពុជា»។

លោក Morgan Hart នាយក​គ្រប់គ្រង​ក្រុមហ៊ុន​បាន​ឱ្យ​ដឹង​ថា គម្រោង​មេមត់​បំពេញ​បន្ថែម​លើ​ផលប​ត្រ​វិនិយោគ​កន្លែង​ជួល​ដែល​មាន​ស្រាប់​របស់​ក្រុមហ៊ុន ហើយ​ស្រប​តាម​គោល​បំណង​របស់​ក្រុមហ៊ុន​នៃ​ការបង្កើន​តំបន់​ទ្រព្យសកម្ម​រុករក​រ៉ែ​ប្រកប​ដោយ​សក្ដានុពល​នៅ​ប្រទេស​កម្ពុជា ជាមួយ​នឹង​ចក្ខុវិស័យ​ក្នុង​ការ​បង្កើត​ផែនការ​នៃ​ទ្រព្យសកម្ម​វិនិយោគ ដែល​បន្ថែម​ដល់​ធនធាន និង​ទុនបម្រុង​បច្ចុប្បន្ន​នៅ​គម្រោង​រ៉ែ​មាស​អូរ​ខ្វាវ​ទំហំ ១,១៤ Moz។

លោក​បន្ថែម​ថា គម្រោង​រ៉ែ​មាស​អូរ​ខ្វាវ​បន្ត​ធ្វើ​ទាន់​ពេលវេលា និង​តាម​ថវិកា​ជាមួយ​នឹង​ការ​អនុវត្ត​ការងារ និង​ការ​រំពឹង​ទុក​រ៉ែ​មាស​ដំបូង​នៅ​ត្រីមាស​ទី២ ឆ្នាំ ២០២១ តាមរយៈ​កិច្ច​ខិតខំ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍។

លោក​និយាយ​ថា៖ «វត្តមាន​ការងារ​សិប្បកម្ម​ដែល​កំពុង​ធ្វើ​ឡើង​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​តំបន់​ជួល​ថ្មី និង​ការចង្អុល​បង្ហាញ​ដ៏​រឹងមាំ​នៃ​ការផលិត​រ៉ែ​មាស​ដ៏​សំខាន់​ពី​កំណត់ត្រា​ជា​ប្រវត្តិសាស្ដ្រ​ផ្ដល់​ដល់​ក្រុមហ៊ុន Emerald នូវ​តំបន់​អាជ្ញាប័ណ្ណ​រ៉ែ​មាស​ប្រកប​ដោយ​សក្ដានុពល​ខ្ពស់​ផ្សេងទៀត ជាមួយ​នឹង​សក្ដានុពល​ដ៏​រឹងមាំ​ក្នុង​ការ​បន្ថែម​ដល់​មូលដ្ឋាន​ធនធាន និង​ទុន​បម្រុង​របស់​ក្រុមហ៊ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

ថ្មីៗ​នេះ ក្រុមហ៊ុន Renaissance Minerals (Cambodia)Ltd ជិត​សម្រេច​បាន​ការ​ផលិត​រ៉ែ​មាស​លើក​ដំបូង​របស់​ខ្លួន​នៅ​គម្រោង​រ៉ែ​មាស​អូរខ្វាវ នៅ​ខេត្តមណ្ឌលគិរី ដែល​គ្រោង​នឹង​ចាប់​ផ្ដើម​ដំណើរការ​នៅ​ក្នុង​ត្រីមាស​ទី២ ឆ្នាំ​នេះ៕