ក្រុងប៉ារីសៈ សេចក្ដីរាយការណ៍ឲ្យដឹងថា Renault ជាក្រុមហ៊ុនផលិតរថយន្តរបស់ ប្រទេស បារាំង កំពុងស្ថិតក្នុងការចរចាជាមួយក្រុមហ៊ុន Fiat Chrysler Automobiles ជាមួយនឹងការផ្ដល់តម្លៃរយៈពេលវែងដល់សម្ព័ន្ធភាពឈានមុខគេលើពិភពលោក ដែលរួមមានក្រុមហ៊ុន Nissan និងក្រុមហ៊ុន Mitsubishi របស់ប្រទេស ជប៉ុន។
កាសែត Financial Times បានបង្ហាញកាលពីយប់ថ្ងៃសៅរ៍ថា ការពិភាក្សានេះកំពុងស្ថិតក្នុងដំណាក់កាល «រីកចម្រើន» មួយហើយ និងអាចឈានទៅរក «កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ»។
កាសែត Wall Street Journal បានឲ្យដឹងថា ការចរចានេះ «កំពុងគ្របដណ្ដប់លើប្រធានបទជាច្រើន» និងអាចដាក់បញ្ចូលក្រុមហ៊ុន Renault និងក្រុមហ៊ុន Fiat Chrysler «ដែលភ្ជាប់ផ្នែកធំៗនៃអាជីវកម្មរបស់ពួកគេ»។ ប៉ុន្តែកាសែត New York Times បានឲ្យដឹងថា ការពិភាក្សានេះ ស្ថិតក្នុងដំណាក់កាលដំបូង ចំណុចជាក់លាក់មិនច្បាស់លាស់ និង «អាចនៅតែបរាជ័យ»។
ពេលទាក់ទងដោយទីភ្នាក់ងារព័ត៌មាន AFP ទាំងក្រុមហ៊ុន Renault និងក្រុមហ៊ុន Fiat មិនធ្វើអត្ថាធិប្បាយនោះទេ។
កាសែត Financial Times បានស្រង់ប្រភពជាច្រើនដែលជូនដំណឹងស្ដីពីការចរចានេះថា៖ «កិច្ចព្រមព្រៀងនេះទីបំផុតអាចនាំក្រុមហ៊ុនផលិតរថយន្ត (Fiat Chrysler) ឲ្យចូលរួមសម្ព័ន្ធភាពក្រុមហ៊ុន Renault ក្រុមហ៊ុន Nissan ក្រុមហ៊ុន Mitsubishi នៅពេលអនាគត» បើក្រុមហ៊ុន Nissan អាចទទួលជោគជ័យ។
សម្ព័ន្ធភាពមួយរបស់ក្រុមហ៊ុនផលិតរថយន្តបែបនោះ នឹងក្លាយជាកិច្ចព្រមព្រៀងធំជាងគេរបស់ពិភពលោក ជាសិទ្ធិមួយដែលបច្ចុប្បន្នក្រុមហ៊ុន Renault ក្រុមហ៊ុន Nissan ក្រុមហ៊ុន Mitsubishi ដណ្ដើមគ្នាជាមួយក្រុមហ៊ុន Volkswagen របស់ប្រទេស អាល្លឺម៉ង់។
ក្រុមហ៊ុន Renault គ្រប់គ្រង ៤៣ ភាគរយ នៃក្រុមហ៊ុន Nissan ដែលជាថ្នូរនឹងការគ្រប់គ្រង ១៥ ភាគរយ នៃក្រុមហ៊ុនដៃគូរបស់ Renault។
អតុល្យភាពនេះបានបណ្ដាលឲ្យមានជម្លោះក្នុងទំនាក់ទំនងមួយ ដោយមានការចាប់ខ្លួនលោក Carlos Ghosn អតីតប្រធានក្រុមហ៊ុន Renault និងក្រុមហ៊ុន Nissan នៅទីក្រុងតូក្យូ។
លោកត្រូវបានដោះលែងឲ្យនៅក្រៅឃុំជាលើកទី២ កាលពីថ្ងៃទី ២៥ ខែ មេសា ហើយនៅពេលនេះកំពុងរៀបចំសម្រាប់ការកាត់ក្ដីលើការចោទប្រកាន់ ៤ ពីបទកំហុសផ្នែកហិរញ្ញវត្ថុ ដែលចាប់ពីការលាក់បាំងប្រាក់ខែរបស់គាត់ ដល់ការប្រើប្រាស់មូលនិធិក្រុមហ៊ុន Nissan សម្រាប់ការចំណាយផ្ទាល់ខ្លួន។
សេចក្ដីរាយការណ៍នេះមិនបានពន្យល់ពីកម្រិតនៃការចូលរួមណាមួយដោយក្រុមហ៊ុន Nissan នៅក្នុងការពិភាក្សាបច្ចុប្បន្ននេះទេ ទោះបីជាប្រភពមួយរបស់កាសែត FT បានឲ្យដឹងថា ក្រុមហ៊ុននេះអវត្តមានក៏ដោយ។
កាលពីដើមឆ្នាំនេះ ពាក្យចចាមអារ៉ាម ដែលបានផ្សព្វផ្សាយថា ក្រុមហ៊ុន Renault មានចំណាប់អារម្មណ៍លើក្រុមហ៊ុន Fiat-Chrysler បន្ទាប់ពីក្ដីសង្ឃឹមរបស់ខ្លួនសម្រាប់ការច្របាច់បញ្ចូលគ្នាមួយជាមួយក្រុមហ៊ុន Nissan ឬថែមទាំងជាមួយ PSA ជាដៃគូប្រកួតប្រជែង ដែលកំពុងចុះខ្សោយទៅៗផងដែរ៕ AFP/LA