ក្រុង​ប៉ារីសៈ មន្ដ្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​​បារាំង​ ​កាល​ពី​ចុង​សប្តាហ៍​មុន​​បាន​ច្រាន​ចោល​ការ​ស្ដី​បន្ទោស​​ណា​មួយ​ជុំវិញ​ការ​បរាជ័យ​ក្នុង​ការ​បង្កើត​​​​សម្ព័ន្ធភាព​​​​របស់​ក្រុមហ៊ុន Renault និង​ក្រុមហ៊ុន​ Fiat Chrysler ជា​ក្រុមហ៊ុន​​ផលិត​​រថយន្ត​របស់​សហរដ្ឋ​អាមេរិក និងអ៊ីតាលី។

ការ​ថ្លែង​នេះ​ធ្វើ​ឡើង​ ​១ ថ្ងៃ ​បន្ទាប់​ពី​​ប្រធាន​របស់​​ក្រុមហ៊ុន Renault បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​រារាំង​​ការ​បោះ​ឆ្នោត​​លើ​​កិច្ច​ព្រមព្រៀង​​បង្កើត​សម្ព័ន្ធភាព​រវាង​ក្រុមហ៊ុន​ទាំង ២ នេះ។​​

លោក Bruno Le Maire រដ្ឋមន្ដ្រី​ក្រសួង​ហិរញ្ញវត្ថុ​ប្រទេស​ ​បារាំង ​​​ប្រាប់​វិទ្យុ​ France Info មុន​ពេល​​កិច្ច​ប្រជុំ​មួយ​ជាមួយ​​លោក​ Jean-Dominique Senard ប្រធាន​ក្រុមហ៊ុន Renault ថា៖ «​យើង​​មិន​បាន​​រារាំង​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​​ក្រុមហ៊ុន Renault និង​ក្រុមហ៊ុន Fiat ​នោះ​ទេ»។​

លោក Senard ​បាន​ប្រាប់​ក្រុម​ភាគទុនិក​នៅ​កិច្ច​ប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​របស់​​ក្រុមហ៊ុន​ Renault នៅ​សប្តាហ៍​មុន​​ថា ​ក្រុម​​ប្រឹក្សាភិបាល​ដែល​តំណាង​​ឲ្យ​រដ្ឋ​បារាំង ដែល​គ្រប់គ្រង​ភាគហ៊ុន ១៥ ភាគរយ ​របស់​​​ក្រុមហ៊ុន​ Renault បាន​ទាមទារ​ពេលវេលា​បន្ថែម​ទៀត​​ ដើម្បី​សិក្សា​ពី​ទំនាក់ទំនង​រវាង​ក្រុមហ៊ុន Renault និង​ក្រុមហ៊ុន​ Fiat Chrysler។​

ជា​ពិសេស​ រដ្ឋាភិបាល​ចង់​ឲ្យ​មាន​ការ​បញ្ជាក់​ពី​​តួនាទី​នៅ​ពេល​​អនាគត​​របស់​​ក្រុមហ៊ុន Nissan និង​ក្រុមហ៊ុន​ Mitsubishi ដែល​ជា​ដៃគូ​មក​ពី​ជប៉ុន​របស់​​ក្រុមហ៊ុន Renault។ ក្រុមហ៊ុន​ជប៉ុន​ទាំង ​២ នេះ​​​ត្រូវ​បាន​ជូន​ដំណឹង​នៅ​នាទី​ចុង​ក្រោយ​​អំពី​​ការ​ច្របាច់​បញ្ចូល​​គ្នា​ដ៏​ធំ​នេះ។​

ប៉ុន្តែ​លោក Le Maire បាន​ឲ្យ​ដឹង​​​​ថា រដ្ឋាភិបាល​បារាំង ដែល​គ្រប់គ្រង ​១៥ ​ភាគរយ នៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Renault «​មិន​បាន​ប្រើ​សិទ្ធិ​វ៉េតូ​លើ​គម្រោង​នេះ​ទេ​»។​

លោក​ថ្លែង​ថា៖ «​យើង​គ្រាន់​តែ​​ស្នើសុំ​​ពេល​ ៥ ​ថ្ងៃ ​បន្ថែម​ទៀត ដើម្បី​សិក្សា​ពី​​​ប្រតិបត្តិការ​នេះ បន្ទាប់​ពី​​មើល​ឃើញ​ថា ​ក្រុមហ៊ុន Nissan នឹង​មិន​ផ្ដល់​ការ​គាំទ្រ​របស់​ខ្លួន​»។​

លោក Le Maire ​បាន​ការពារ​សំណើ​​របស់​​លោក​ក្នុង​ការ​ស្នើ​សុំ​ពេល​វេលា​បន្ថែម​នេះ​​ថា​ជា​រឿង «​សម​ហេតុផល»​ ដោយ​​លើក​ឡើង​ពី​វិសាលភាព​នៃ​​ការ​ច្របាច់​បញ្ចូល​គ្នា «​ដែល​ទាមទារ​ថា ដៃគូ​ជប៉ុន​ត្រូវ​ចូលរួម​​ជាមួយ​ផែនការ​នេះ និង​នៅ​ពេល​ទី​បញ្ចប់​ផ្តល់​ការ​គាំទ្រ​ដល់​ផែនការ​នេះ​ច្របាច់​បញ្ចូល​​គ្នា​នេះ​»។​ ​

លោក​ថ្លែង​ថា​៖ «​យុទ្ធសាស្ដ្រ​របស់​យើង តែងតែ​​ជា​ការ​ពង្រឹង​​សម្ព័ន្ធភាព​​របស់​​ក្រុមហ៊ុន Renault និង​ក្រុមហ៊ុន Nissan។ វា​ស្ថិត​នៅ​កណ្ដាល​នៃ​លទ្ធភាព​ទទួល​បាន​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន Renault និង​​ក្រុមហ៊ុន Nissan។​ យើង​មិន​​ផ្លាស់ប្តូរ​យុទ្ធសាស្ដ្រ​របស់​យើង​រៀង​រាល់​ ៥ នាទី​ម្ដង​នោះ​ទេ​»៕ AFP/LA