
អតិថិជនកំពុងទិញទំនិញដាក់លក់តាមម៉ាតចល័តរបស់ Riich Express។ សហការី
ភ្នំពេញៈ ក្រុមហ៊ុន Riich Express Co., Ltd ដែលដំណើរការផ្សារទំនើបខ្នាតតូច (Mini Mart) និងម៉ាតចល័ត (Mobile Mart) បានប្រកាសពីផែនការក្នុងការពង្រីកទីតាំងថ្មីរបស់ខ្លួនបន្ថែមតាមរយៈការលក់សិទ្ធិអាជីវកម្ម (Franchise) ទៅដៃគូនៅទូទាំងប្រទេសឲ្យដល់ចំនួន ១០០ ទីតាំង និងម៉ាតចល័ត ៣០០ គ្រឿងនៅត្រឹមចុងឆ្នាំ ២០២០ បន្ទាប់ពីខ្លួនបានចាប់ផ្តើមដំណើរការអាជីវកម្មប្រកបដោយជោគជ័យកាលពីអំឡុងពាក់កណ្តាលខែកក្កដា ឆ្នាំ ២០២០។
លោក ឡេង ឃើរី អគ្គនាយកក្រុមហ៊ុន Riich Express Co.,Ltd ដែលជាក្រុមហ៊ុននៅក្នុងស្រុកវិនិយោគលើ RIICH Express បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍កាលពីថ្ងៃចន្ទថា បច្ចុប្បន្នក្រុមហ៊ុនមានផ្សារទំនើបខ្នាតតូច ១៥ ទីតាំង និងម៉ាតចល័ត ២០ គ្រឿងកំពុងមានវត្តមានក្នុងរាជធានីភ្នំពេញ។ លោកថា ភាពល្អប្រសើរនៃកំណើនសេដ្ឋកិច្ច កំណើនតម្រូវការប្រើប្រាស់ផលិតផលប្រចាំថ្ងៃ និងការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាជនខ្មែរចំពោះការទិញផលិតផលនៅតាមផ្សារទំនើប គឺជាហេតុផលចម្បងដែលជំរុញឲ្យលោកសម្រេចចិត្តវិនិយោគលើការបង្កើតផ្សារទំនើបខ្នាតតូច RIICH Express និងម៉ាតចល័ត ដែលមានលក្ខណៈស្តង់ដា និងមានតម្លៃសមរម្យ។
Riich Express ជាផ្សារទំនើបខ្នាតតូចដែលមានបំពាក់បច្ចេកវិទ្យាទំនើបៗជាច្រើនដូចជា ប្រព័ន្ធគ្រប់គ្រងការលក់ EPOS (eCommerce Point of Sale) និងបច្ចេកវិទ្យាលក់អនទ្បាញបែបអ៊ីខមមើស (eCommerce) ដែលអនុញ្ញាតឲ្យអាជីវកម្មរបស់ Riich Express ដំណើរការបានទាំងការលក់តាមរយៈអនទ្បាញ និងលក់ផ្ទាល់។
លោកថ្លែងថា៖ «ផ្សារទំនើបខ្នាតតូច និងម៉ាតចល័តរបស់យើង គឺជាទម្រង់អាជីវកម្មបែបថ្មី ដែលមានលក្ខណៈខុសប្លែក និងឈានមុខគេនៅទីផ្សារកម្ពុជា។ អាជីវកម្មរបស់យើងមានបំពាក់ដោយប្រព័ន្ធគ្រប់គ្រងអាជីវកម្មបែបទំនើប ដោយអាចគ្រប់គ្រងទាំងប្រតិបត្តិការទិញលក់ទាំងអនឡាញ និងទិញ-លក់ផ្ទាល់»។
លោកបន្ថែមថា៖ «ជាទស្សនវិស័យរបស់ក្រុមហ៊ុននៅក្នុងឆ្នាំ ២០២០ នេះគឺយើងនឹងបង្កើតផ្សារទំនើបខ្នាតតូចឲ្យបាន ១០០ ទីតាំង និងម៉ាតចល័តចំនួន ៣០០ គ្រឿងនៅទូទាំងប្រទេសកម្ពុជា»។
លោក អ៊ឹង ផល្លា នាយកគ្រប់គ្រងផ្នែកម៉ូតូកង់ ៣ ឥណ្ឌា របស់ក្រុមហ៊ុន RMA យីហោ PIAGGIO ដែលទទួលបានសិទ្ធិផ្គត់ផ្គង់ម៉ាតចល័តឲ្យផ្សារទំនើបខ្នាតតូចរបស់ Riich Express បានប្រាប់ថា ម៉ាតចល័តរបស់ Riich Express គឺជាម៉ាតចល័តដំបូងនៅកម្ពុជា ដែលនឹងក្លាយជាចលករយ៉ាងសំខាន់ក្នុងការជំរុញការលក់ និងចែកចាយទៅតំបន់ជាយក្រុង និងតំបន់ឆ្ងាយៗពីទីប្រជុំជន។
លោកបញ្ជាក់ថា៖ «ក្រុមហ៊ុននឹងខិតខំអភិវឌ្ឍទាំងការរចនារូបរាងខាងក្រៅ ប្រព័ន្ធសុវត្ថិភាពឲ្យមានភាពរឹងមាំ និងប្រើបានយូរដើម្បីរួមចំណែកជាមួយក្រុមហ៊ុន Riich Express ក្នុងការបង្កើតមុខរបរជូនប្រជាពលរដ្ឋ»។
បើយោងតាមលោក ឃើរី ទម្រង់អាជីវកម្មរបស់ Riich Express ក៏មានលក្ខណៈជាការជួយបង្កើតនូវប្រាក់ចំណូលសម្រាប់សហគមន៍ផងដែរដោយផលិតផលដែលដាក់លក់ក្នុងផ្សារទំនើបខ្នាតតូចនេះ គឺប្រមាណ ៣០ ភាគរយជាផលិតផលក្នុងស្រុកដែលមានស្តង់ដាអនាម័យ និងគុណភាពខ្ពស់ បន្ថែមពីលើផលិតផលនាំចូលពីបរទេសដែលជាម៉ាកល្បីជាច្រើនទៀត។
ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញឲ្យគ្រប់វិស័យទាំងអស់បង្កើនការខិតខំចំពោះការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ ២០៣០ នោះបច្ចុប្បន្នក្រុមហ៊ុន Riich Express Co.,Ltd ក៏កំពុងសហការជាមួយក្រុមហ៊ុនសិង្ហបុរី Riich Me Co., Ltd លើផ្នែកបច្ចេកទេសការរៀបចំប្រព័ន្ធដំណើរការ បច្ចេកវិទ្យាជំរុញការលក់ និងគ្រប់គ្រងប្រតិបត្តិផងដែរ។
លោក ឃើរី អះអាងថា៖ «Riich Express កំពុងចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាលក្នុងការជំរុញឧស្សាហកម្ម ៤.០ នៅកម្ពុជាតាមរយៈការអភិវឌ្ឍអាជីវកម្មបែបប្រពៃណីឲ្យទៅជាអាជីវកម្មបែបឌីជីថល ព្រមនឹងការជំរុញការលក់ បង្កើនប្រាក់ចំណូលគ្រួសារ និងពង្រីកសក្តានុពលអាជីវកម្មដល់ដៃគូផងដែរ»៕ LA