ភ្នំពេញៈ Sailun Group ជា​ក្រុមហ៊ុន​របស់​ប្រទេស​ចិន ​កំពុង​ពិចារណា​បង្កើត​រោងចក្រ​ផលិត​កង់​រថយន្ត​ដឹក​អ្នកដំណើរ​នៅ​ប្រទេស​កម្ពុជា​។ នេះ​បើ​យោងតាម​ប្រព័ន្ធ​ព័ត៌មាន tyrepress media ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ៩ ខែមីនា​។

យោង​តាម​ការចេញផ្សាយ​កាលពី​ថ្ងៃទី​ ៩ ខែមីនា ក្រុមហ៊ុន​ផលិត​កង់​រថយន្ត​នេះ​បាន​ចាប់​អារម្មណ៍​ក្នុង​ការសាងសង់​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស QiLu (Cambodia) ​នៅ​ខេត្ត​សា្វយរៀង​ដោយ​មាន​សមត្ថភាព​ផលិត​កង់​រថយន្ត​បាន ៥ ​លាន​ក្នុង​ ១ ​ឆ្នាំ​។ នេះ​បើតាម​ព័ត៌មាន​ខាងលើ​។

Tyrepress media បានឱ្យដឹងថា Sailun Group បាន​ប៉ាន់ប្រមាណ​ថា គម្រោង​នេះ​នឹង​តម្រូវ​ឱ្យ​មាន​ការវិនិយោគ​ចំនួន ១,១៨ ​ពាន់​លាន​យន់​។

តំបន់​សេដ្ឋកិច្ច​ពិសេស Qilu ត្រូវបានប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន Qilu (Cambodia) Economic Co., Ltd​។ តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ស្ថិត​នៅក្នុង​ខេត្តស្វាយរៀង​។

លោក រស់ ផារិទ្ធ អ្នកនាំពាក្យ រដ្ឋបាលខេត្ត​ស្វាយរៀង​បាន​ស្វាគមន៍​ចំពោះ​គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្បក​កង់​រថយន្ត​នេះ​។ លោក​និយាយថា រដ្ឋបាលខេត្ត​គាំទ្រ​រាល់​គម្រោង​វិនិយោគ​ទាំងអស់​ដើម្បី​ជួយ​បង្កើត​ការងារ និង​បង្កើន​ប្រាក់ចំណូល​ដល់​ប្រជាជន​។

លោក​ថ្លែងថា​៖ «​យើង​គ្មានអ្វី​ត្រូវ​ជំទាស់​ទេ ចំពោះ​គាត់​មានបំណង​មក​វិនិយោគ​នៅ​ស្រុក យើង​ឱ្យតែ​ត្រឹមត្រូវ​តាមច្បាប់ និង​មានការ​អនុម័ត​ពី​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​»​។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កាលពី​ខែកុម្ភៈ​ក៏​បាន​អនុម័ត​រោងចក្រ​ផលិត​កង់​រថយន្ត​មាន​តម្លៃ​ ១៥ ​លាន​ដុល្លារ​របស់​​ក្រុមហ៊ុន Cart Tire Co Ltd នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស QiLu Bavet Special Economic Zone នៅ​ក្រុង​បាវិត​ខេត្តស្វាយរៀង​ផងដែរ​។

លោក ប៉ុល សុផា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថ្មីៗ​នេះ​ថា កម្ពុជា​ស្វាគមន៍​គម្រោង​នេះ​ដោយ​លើកឡើង​ថា វា​នឹង​ស្រូបយក​កិច្ចព្រមព្រៀង​ដ៏ធំ​នៃ​ដំណាំ​កៅស៊ូ​មិនទាន់​កែច្នៃ​នៅ​កម្ពុជា ដែល​ពេលនេះ​ភាគច្រើន​ត្រូវបាន​នាំ​ចេញទៅ​ក្រៅប្រទេស​។

លោក​និយាយថា​៖ «​រោងចក្រ​ផលិត​កង់​រថយន្ត​ក្នុងប្រទេស​គឺជា​ព័ត៌មាន​ដ៏អស្ចារ្យ​»​។ លោក​បន្តថា​៖ «​យើង​កំពុង​ខិតខំ​ធ្វើឱ្យមាន​កំណើន​ក្នុង​ឧស្សាហកម្ម​កៅស៊ូ និង​បាន​អញ្ជើញ​ក្រុម​វិនិយោគិន ដើម្បី​ចាប់យក​មួយចំណែក​នៃ​ឧស្សាហកម្ម​នេះ និង​កែច្នៃ​កៅស៊ូ​របស់​យើង​ទៅជា​កង់​រថយន្ត​»​។

លោក​បន្ថែមថា​៖ «​ការបង្កើត​រោងចក្រ​ផលិត​កង់​រថយន្ត​នៅក្នុង​ប្រទេស​នឹងធ្វើ​ឱ្យ​តម្លៃ​កៅស៊ូ​ក្នុងស្រុក​មាន​ស្ថិរភាព និង​កាត់បន្ថយ​ការពឹង​ផ្អែកលើ​តម្លៃ​តាម​បណ្ដា​ប្រទេស​ផ្សេង​»​។

ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឱ្យដឹងថា កម្ពុជា​បាន​នាំចូល​រថយន្ត​ចំនួន ១ ១២៤ ២១០ ​គ្រឿង​មាន​តម្លៃ​ ១,៨៨២ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៩​។

ដោយ​បែងចែក​តាម​ប្រភេទ​កម្ពុជា​បាន​នាំចូល​ម៉ូតូ ៥១១ ៤៣៤ គ្រឿង​មានតម្លៃ​ ២៧៨,២៨ ​លាន​ដុល្លារ កង់ ៤៦៦ ១១២​គ្រឿង​មាន​តម្លៃ​ ១០,៤ ​លាន​ដុល្លារ និង​រថយន្ត ៩៥ ០៦៧ ​គ្រឿង​មានតម្លៃ​ ៨២៧, ៤៤ ​លាន​ដុល្លារ​។

កម្ពុជា​នាំចូល​រថយន្ត​ដឹក​អ្នកដំណើរ​ពី ១០ ​កៅអី ឬ​លើសពីនេះ​មានតម្លៃ​ ១១២,៧៥ ​លាន​ដុល្លារ រថយន្ត​ដឹកទំនិញ ៣៩ ០០៨ ​គ្រឿង​មានតម្លៃ​ ៥៤២,២ ​លាន​ដុល្លារ និង​រថយន្ត​ផ្សេងៗ ៤៥៩១ ​គ្រឿង តម្លៃ​ ១១០,៧៨ លាន​ដុល្លារ​៕ LA