ទីក្រុងសេអ៊ូលៈ ក្រុមហ៊ុន​អេឡិចត្រូនិក Samsung បាន​កើន​ប្រាក់ចំណេញ​ប្រតិបត្តិការ​រហូតដល់​ជិត ៦០ ​ភាគរយ​ក្នុង​ត្រីមាស​ទី​ ៣ ខណៈ​អាជីវកម្ម​ទូរស័ព្ទ​ចល័ត និង​បន្ទះឈីប​របស់ខ្លួន​ត្រូវបាន​កើនឡើង​ដោយ​ការដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​ប្រឆាំងនឹង​ក្រុមហ៊ុន Huawei ដែលជា​​គូប្រជែង​របស់ខ្លួន​។

ក្រុមហ៊ុន​យក្ស​ផ្នែក​បច្ចេកវិទ្យា​របស់​កូរ៉េខាងត្បូង​បាន​ឱ្យដឹង​ក្នុង​ការព្យាករ​ប្រាក់ចំណូល​របស់ខ្លួន​ថា ខ្លួន​រំពឹងថា​ប្រាក់ចំណេញ​ប្រតិបត្តិការ​ឈានដល់ ១២,៣ ​ពាន់​ពាន់​លាន​វុន (១០,៦ ​ពាន់​លាន​ដុល្លារ​) ពី​ខែកក្កដា​ដល់​ខែ​កញ្ញា កើន​ពី​ ៧,៨​ ពាន់​ពាន់​លាន​វុន​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ការព្យាករ​នឹង​បង្ហាញថា នេះ​ជា​ប្រាក់ចំណេញ​ប្រតិបត្តិការ​ខ្ពស់បំផុត​របស់​ក្រុមហ៊ុន​ប្រចាំ​ត្រីមាស​នីមួយៗ​រយៈពេល​ ២ ​ឆ្នាំ និង​ដើរ​លឿន​ជាង​ការព្យាករ​របស់​អ្នកវិភាគ​។

ក្រុមហ៊ុន​អេឡិចត្រូនិក Samsung គឺ​សំខាន់​ណាស់​ចំពោះ​សុខភាព​សេដ្ឋកិច្ច​របស់​ប្រទេស​កូរ៉េខាងត្បូង​។ វា​ជា​ក្រុមហ៊ុន​និមិត្តសញ្ញា​ជាតិ និង​ជា​បុត្រសម្ព័ន្ធ​នៃ​ក្រុមហ៊ុនមេ​ Samsung ​គ្រុប​ដែល​រហូតមក​ដល់ពេល​នេះ​ជា​ក្រុមហ៊ុន​ធំជាងគេ​បំផុត​គ្រប់គ្រង​ដោយ​គ្រួសារ​ដែល​គ្រប់គ្រង​អាជីវកម្ម​នៅក្នុង​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​ទី ១២ ​នៅលើ​ពិភពលោក​។

ចំណូល​សរុប​របស់​ក្រុមហ៊ុន​នេះ​សមមូល​ទៅនឹង​ ១ ​ភាគ​ ៥ ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​កូរ៉េខាងត្បូង​។

លោក James Kang អ្នកវិភាគ​ជាន់ខ្ពស់​នៅ​ក្រុមហ៊ុន Euromonitor International Korea បាន​និយាយថា ការចេញ​លក់​ទូរស័ព្ទដៃ​ទំនើប​ចុងក្រោយ​បំផុត​របស់ Samsung គឺ Galaxy Note 20 និង Galaxy Z Fold 2 កាលពី​ខែសីហា​រួម​ជាមួយ​នឹង​ការលក់​ទូរស័ព្ទ​សេរី​ថ្មីៗ​ទៀត​បាន​នាំទៅដល់​ការលក់​ឈានមុខ​ក្នុង​ត្រីមាស​ទី​ ៣ ​របស់​ក្រុមហ៊ុន​។

ទីក្រុង​វ៉ាស៊ីនតោន​បាន​ហាម​ក្រុមហ៊ុន​បរទេស​ក្នុងការ​ផ្គត់ផ្គង់​ឱ្យ​ក្រុមហ៊ុន Huawei ជាមួយ​បច្ចេកវិទ្យា​មាន​ប្រភពពី​អាមេរិក ដែល​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី​ ១៥ ខែកញ្ញា បាន​កាត់ផ្តាច់​នូវ​ការផ្គត់ផ្គង់​ដ៏សំខាន់​នៃ​ឧបករណ៍​ពាក់កណ្តាល​ចម្លង និង កម្មវិធី​ដែល​ត្រូវការ​ចាំបាច់​សម្រាប់​ផ្គុំ​ទូរស័ព្ទ​ទំនើប និង​ឧបករណ៍​ 5G ​ក៏​ជា​ផ្នែក​ជំរុញ​កំណើន​ដែរ​។

លោក Kang Minsoo អ្នកវិភាគ​នៅ​ក្រុមហ៊ុន​ស្រាវជ្រាវ Counterpoint Research បាន​និយាយថា ការដាក់ទណ្ឌកម្ម​ប្រឆាំង​នឹង​ក្រុមហ៊ុន Huawei កំពុង​ក្លាយជា​ «​កត្តា​ចម្បង​» ​ប៉ះពាល់​ដល់​ទីផ្សារ​ទូរស័ព្ទ​ស្មាតហ្វូន​ជា​សកល​។

លោក​បន្ថែម​៖ «​សម្រាប់ Samsung វា​នឹង​ក្លាយជា​ឱកាសល្អ​ដើម្បី​បង្កើន​ចំណែក​ទីផ្សារ​ក្នុង​តំបន់​អឺរ៉ុប ដែល​ខ្លួន​បាន​ប្រកួតប្រជែង​តម្លៃ​ជាច្រើន​ជាមួយ​ផលិតផល​របស់​ Huawei»​។

អាជីវកម្ម​មេម៉ូរី​របស់​ក្រុមហ៊ុន​ក៏​ទទួលបាន​អត្ថប្រយោជន៍​ពី​ជម្លោះ បន្ទាប់ពី​ក្រុមហ៊ុន Huawei ប្រញាប់ប្រញាល់​ធ្វើ​សន្និធិ​ឧបករណ៍​ពាក់កណ្តាល​ចម្លង ផលិត​ដោយ​ក្រុមហ៊ុន Samsung មុន​ពេល​ការរឹតត្បិត​របស់​សហរដ្ឋ​អាមេរិក​បានចាប់ផ្តើម​។

អ្នកវិភាគ​ថា​៖ «​ក្រុមហ៊ុន Huawei បានធ្វើ​សន្និធិ​ផលិតផល​បន្ថែម​ដែលមាន​តម្លៃ​ស្មើ​រយៈពេល​ ៦ ​ខែ​នៃ​បញ្ជី​សារពើ​ភណ្ឌ​មុន​បម្រាម​របស់​អាមេរិក​ចូល​ជា​ធរមាន​ថ្ងៃ ទី​ ១៥ ខែ​កញ្ញា​»៕ RR