ក្រុងសានហ្រ្វានស៊ីស្កូៈ ក្រុមហ៊ុន Samsung បានប្រកាសនៅចុងសប្តាហ៍មុនថា ក្រុមហ៊ុននឹងបើកហាងលក់រាយ ៣ កន្លែងនៅសហរដ្ឋអាមេរិក ដើម្បីផ្សព្វផ្សាយទូរស័ព្ទត្រកូល Galaxy របស់ខ្លួន ខណៈដែលក្រុមហ៊ុនឈានមុខគេរបស់កូរ៉េខាងត្បូង ១ នេះ គ្រោងដាក់បង្ហាញទូរស័ព្ទទំនើបថ្មី។
វិធានការនេះបង្កើនកិច្ចប្រឹងប្រែងរបស់ក្រុមហ៊ុន Samsung ដើម្បីប្រកួតប្រជែងឥទ្ធិពលជាមួយក្រុមហ៊ុន Apple ដែលមានហាងលក់រាយរាប់រយកន្លែងនៅអាមេរិក និងនៅជុំវិញពិភពលោក។
ក្រុមហ៊ុន Samsung បានឲ្យដឹងក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា ក្រុមហ៊ុន បានចាត់វិធានការនេះឡើង បន្ទាប់ពីទទួលបានការផ្ដល់យោបល់ពីអតិថិជនជាច្រើន។
ក្រុមហ៊ុនបានឲ្យដឹងក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «អតិថិជនទាំងនោះបានប្រាប់ពួកយើងថា ពួកគេចង់ឲ្យមានហាង និងទទួលបានបទពិសោធបច្ចេកវិទ្យាចុងក្រោយបំផុតពីក្រុមហ៊ុន Samsung»។
ក្រុមហ៊ុនបានបន្ថែមថា៖ «ជាពិសេស ក្រុមអ្នកគាំទ្រទូរស័ព្ទត្រកូល Galaxy បានលើកឡើងថា ពួកគេចង់ឲ្យមានទីតាំងមួយ ដែលពួកគេអាចទទួលបានផលិតផលរបស់ក្រុមហ៊ុន Samsung មុនគេ»។
ហាងលក់ថ្មីៗទាំងនេះនឹងស្ថិតនៅផ្សារទំនើប Brand ក្នុងតំបន់ Americana នាទីក្រុង Los Angeles នៅផ្សារទំនើប Roosevelt Field ក្នុងសណ្ឋាគារ Garden City នាទីក្រុងញូវយ៉ក និងផ្សារទំនើប The Galleria នាទីក្រុង Houston រដ្ឋតិចសាស់។
ក្រុមហ៊ុន Samsung កំពុងរៀបចំព្រឹត្តិការណ៍ដាក់បង្ហាញផលិតផលថ្មីនៅថ្ងៃពុធនៅទីក្រុងសានហ្រ្វានស៊ីស្កូ ចំពេលដែលមានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុននេះអាចដាក់លក់ទូរស័ព្ទដែលអាចបត់បាន ដែលនឹងធ្វើឲ្យក្រុមហ៊ុន Samsung ក្លាយជាក្រុមហ៊ុនដំបូងគេក្នុងចំណោមក្រុមហ៊ុនផលិតទូរស័ព្ទធំៗនៅក្នុងផ្នែកអាជីវកម្មនេះដែលដាក់បង្ហាញទូរស័ព្ទប្រភេទនេះ។
ក្រុមហ៊ុន Samsung កន្លងមកបានបើកហាងលក់រយៈពេលខ្លីជាច្រើននៅអាមេរិកនិងមានមជ្ឈមណ្ឌលតាំងបង្ហាញបច្ចេកវិទ្យារបស់ខ្លួននៅ ទីក្រុង New York City ផងដែរ។
លោក YH Eom ប្រធានក្រុមហ៊ុន Samsung Electronics America បានថ្លែងថា៖ «ហាង Samsung Experience Stores ថ្មីរបស់យើង គឺជាកន្លែងទទួលបានបទពិសោធ និងមើលឃើញបច្ចេកវិទ្យារបស់ក្រុមហ៊ុន Samsung ក្នុងជីវិតពិត ដើម្បីផ្ដល់អំណាចដល់អតិថិជន ក្នុងការធ្វើអ្វីដែលពួកគេមិនដែលគិតថា អាចធ្វើទៅបានកាលពីពេលមុន»។
លោកបន្តថា៖ «យើងចង់បង្កើតកន្លែងកម្សាន្តមួយសម្រាប់អតិថិជនរបស់ក្រុមហ៊ុន Samsung ជាកន្លែងមួយដើម្បីរៀនសូត្រ និងសាកល្បងផលិតផលថ្មីៗគួរឲ្យភ្ញាក់ផ្អើល ដែលយើងត្រូវតែផ្ដល់ជូន»។
ក្រុមហ៊ុនស្រាវជ្រាវ IDC បានឲ្យដឹងថា ក្រុមហ៊ុន Samsung នៅតែជាក្រុមហ៊ុនផលិតទូរស័ព្ទពិភពលោកលំដាប់លេខ ១ ដោយមានចំណែកទីផ្សារ ២០,៨ ភាគរយកាលពីឆ្នាំ ២០១៨ ទោះបីជាការលក់ធ្លាក់ចុះ ៨ ភាគរយនៅឆ្នាំមុនក្តី។
ក្រុមហ៊ុន IDC បានឲ្យដឹងកាលពីឆ្នាំមុនថា ឆ្នាំមុនបានបង្ហាញពីការធ្លាក់ចុះការលក់ជារួមដ៏អាក្រក់បំផុតសម្រាប់វិស័យទូរស័ព្ទស្មាតហ្វូន៕ AFP/LA