ក្រុង​ប៉ារីសៈ ក្រុមហ៊ុន​ឱសថ​ Sanofi របស់​ប្រទេស ​បារាំង​ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា ខ្លួន​នឹង​ធ្វើ​ជា​ដៃគូ​ជាមួយ​​ក្រុមហ៊ុន Google ដើម្បី​​​ប្រើប្រាស់​បច្ចេកវិទ្យា​​​បញ្ញា​សិប្បនិម្មិត (AI)​ និង​ឧបករណ៍​វិភាគ​ស៊ីជម្រៅ​ ដើម្បី​ត្រួត​ពិនិត្យ​មើល​ដោយ​​យក​ចិត្ត​ទុក​ដាក់​លើ​ទិន្នន័យ​របស់​ខ្លួន ក្នុង​ការ​ស្វែងរក​​ការ​ព្យាបាល​កាន់​តែ​ប្រសើរ។​

ក្រុមហ៊ុន​ឱសថ​​​នេះ​បាន​ឲ្យ​​​ដឹង​​​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​​ថា​ ក្រុមហ៊ុន​ Google ដែល​​ឈាន​មុខ​គេ​ខាង​ផ្នែក​ស្វែង​រក​អនឡាញ​មួយ​នេះ​ «នឹង​​ប្រើប្រាស់​​បច្ចេកវិទ្យា និង​​ការ​វិភាគ​លើ​មូលដ្ឋាន​ទិន្នន័យ​ពិភព​លោក​ពិត​ដ៏​ធំ​របស់​ក្រុមហ៊ុន​ Sanofi ដើម្បី​​យល់​ដឹង​កាន់​តែ​ប្រសើរ​ថា​តើ​​​អ្វី​ដែល​ជា​ការងារ​ព្យាបាល​សម្រាប់​អ្នក​ជំងឺ​»។

ការ​ប្រើប្រាស់​ឧបករណ៍​របស់​​​ក្រុមហ៊ុន Google សម្រាប់​​ការ​វិភាគ​ស៊ីជម្រៅ ដោយ​​ការ​រៀបចំ​ទិន្នន័យ​ធំៗ​ជា​ច្រើន​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​​យល់​ដឹង​ស៊ី​ជម្រៅ នឹង​ជួយ​​ក្រុមហ៊ុន​នេះ​យល់​ដឹង​​កាន់​តែ​ប្រសើរ​អំពី​ជំងឺ​សំខាន់ៗ និង​លទ្ធផល​អ្នក​ជំងឺ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​បន្ថែម​ទៀត​។

Sanofi ក៏​នឹង​ផ្លាស់​ប្តូរ​​កម្មវិធី​អាជីវកម្ម​របស់​ខ្លួន​​មួយ​ចំនួន​ទៅ​កាន់​​​កម្មវិធី​កុំព្យូទ័រ​ខ្លោដ​របស់​​ក្រុមហ៊ុន Google ផង​ដែរ និង​​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត​ដើម្បី​កែ​លម្អ​ប្រតិបត្តិការ​។​

លោក​ Ameet Nathwani អនុប្រធាន​​ក្រុមហ៊ុន Sanofi ​បាន​ថ្លែង​ថា​៖ «​ដោយ​​រួម​បញ្ចូល​​នវានុវត្តន៍​ជីវសាស្ដ្រ និង​ទិន្នន័យ​វិទ្យាសាស្ដ្រ ជាមួយ​សមត្ថភាព​ឈាន​មុខ​គេ​ផ្នែក​ឧស្សាហកម្ម​របស់​ក្រុមហ៊ុន ​Google រាប់​​ចាប់​ពី​កុំព្យូទ័រ​ខ្លោដ​ រហូត​ដល់​​បញ្ញា​​សិប្បនិម្មិត​ដ៏​ទំនើប​ យើង​ចង់​ផ្ដល់​ជូន​ប្រជាជន​នូវ​ការ​ត្រួត​ពិនិត្យ​កាន់​តែ​ច្រើន​លើ​សុខភាព​របស់​ពួក​គេ និង​បង្កើន​​​ល្បឿន​ការ​រក​ឃើញ​​វិធី​ព្យាបាល​ថ្មីៗ​»។​

ក្រុមហ៊ុន Sanofi ដែល​​រក​ប្រាក់​ចំណូល​ពី​ការ​លក់​ចំនួន​ ៣៤,៥ ​ពាន់​លាន​អឺរ៉ូ (៣៨,៨ ​ពាន់​លាន​ដុល្លារ) កាល​ពី​ឆ្នាំ​ ២០១៨ គឺ​ជា​​ក្រុមហ៊ុន​ផលិត​​ដ៏​ធំ​មួយ​​ខាង​ផ្នែក​ឱសថ​​​វ៉ាក់សាំង ឱសថ​​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម ឱសថ​ព្យាបាល​ជំងឺ​មហារីក និង​ឱសថ​ព្យាបាល​ជំងឺ​សរសៃ​ឈាម​បេះដូង​។​

ក្រុមហ៊ុន Sanofi មិន​បាន​លើក​ឡើង​ពី​​តួលេខ​​ហិរញ្ញវត្ថុ​ណា​មួយ ដែល​ជាប់​ទាក់ទង​នឹង​​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​នោះ​ទេ​ Google នោះ​ទេ ប៉ុន្តែ​សហជីព​កម្មករ​​បារម្ភ​ថា ​ក្រុមហ៊ុន​នេះ​អាច​ប្រកាស​ការ​កាត់​បន្ថយ​​ផ្នែក​ស្រាវជ្រាវ​​ និង​ការ​អភិវឌ្ឍ​នៅ​ក្នុង​កិច្ច​​ប្រជុំ​ដែល​​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ​នេះ។​

វា​មិនមែន​ជា​​​ការ​សហការ​លើក​ដំបូង​របស់​ក្រុមហ៊ុន Sanofi ​ជាមួយ​ក្រុមហ៊ុន​ Alphabet ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន Google ​​ទេ​។​

កាល​ពី​ខែ​​មុន ​ក្រុមហ៊ុន Verily ដែល​ជា​ក្រុមហ៊ុន​សុខភាព​របស់​ក្រុមហ៊ុន Alphabet បាន​ប្រកាស​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​​​ឱសថ​ចំនួន ​៤ ដែល​រួម​ទាំង​​ក្រុមហ៊ុន Sanofi ​ផង​ដែរ ដើម្បី​បង្កើន​ល្បឿន​ការ​សាកល្បង​ការ​ព្យាបាល​​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល។​​

ក្រុមហ៊ុន Sanofi និង​ក្រុមហ៊ុន Verily ​​ក៏​បាន​បង្កើត​​​ក្រុមហ៊ុន Onduo ដែល​ជា​​ការ​វិនិយោគ​រួម​គ្នា​​​ផង​ដែរ​​​នៅ​ឆ្នាំ ​២០១៧ ដើម្បី​អភិវឌ្ឍ​ឧបករណ៍​ដែ​អាច​ភ្ជាប់​អ៊ីនធឺណិត​បាន​ ដើម្បី​​​បង្កើន​ប្រសិទ្ធភាព​​ការ​ព្យាបាល​​ជំងឺ​ទឹក​​នោម​ផ្អែម​៕ AFP/​LA​