ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា សានតាណា (Santana) ដែលជាក្រុមហ៊ុនដាំដុះ និងកែច្នៃគ្រាប់ស្វាយចន្ទីនឹងធ្វើការពង្រីកផ្ទៃដីដាំដុះបន្ថែមទៀត ដើម្បីបំពេញតម្រូវការទីផ្សារ។
ការថ្លែងនេះធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់លោកចុះទៅពិនិត្យមើលសកម្មភាពផលិតកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុននេះ កាលពីថ្ងៃសៅរ៍ដែលមានទីតាំងក្នុងភូមិជីអោក ឃុំរម្យណី ស្រុករវាង ខេត្តព្រះវិហារ។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងកសិកម្ម។
លោក វេង សាខុន បានលើកឡើងថា បើតាម លោក អ៊ុន គឹមសាន នាយកក្រុមហ៊ុន Santana ក្រុមហ៊ុនបានធ្វើការអភិវឌ្ឍលើដំណាំស្វាយចន្ទីលើផ្ទៃដី ៨៥០ ហិកតា ដោយបច្ចុប្បន្នក្រុមហ៊ុនកំពុងប្រមូលផលលើផ្ទៃដី ២៥០ ហិកតា ដែលក្នុង ១ ហិកតា ទទួលបានទិន្នផលចន្លោះពី ៤-៥ តោន។
លោកបន្ថែមថា កាលពីឆ្នាំ ២០១៧ ក្រុមហ៊ុននេះបានសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ដោយអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីបាន ១០ តោន ក្នុង ១ ថ្ងៃ។
លោកថ្លែងថា៖ «សព្វថ្ងៃក្រុមហ៊ុននេះបានធ្វើការនាំចេញស្វាយចន្ទីទៅកាន់ទីផ្សារចិន ដែលជាទីផ្សារធំជាងគេ បន្ទាប់មកអឺរ៉ុប និងកូរ៉េខាងត្បូង»។
លោកបន្ថែមថា ក្រុមហ៊ុនគ្រោងនឹងធ្វើការពង្រីកផ្ទៃដីដាំដុះឲ្យបាន ១ ០០០ ហិកតានៅពេលអនាគត ដែលនឹងត្រូវការស្វាយគ្រាប់ចន្ទីស្រស់ប្រមាណ ១០ ៥០០ តោន ក្នុង ១ ឆ្នាំ ដើម្បីកែច្នៃឲ្យបាន ៣ ០០០ តោន ក្នុង ១ ឆ្នាំសម្រាប់នាំចេញ។
លោកឲ្យដឹងថា៖ «[ខ្ញុំ] សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលបានដាក់ទុនវិនិយោគក្នុងការអភិវឌ្ឍលើការផលិតកម្មស្វាយចន្ទី ដោយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល»។
លោក វ៉ា រុតសាន កសិករដាំស្វាយចន្ទី នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម បានឲ្យដឹងថា ការរីករាលដាលជំងឺកូវីដ ១៩ បានធ្វើឲ្យតម្លៃស្វាយចន្ទីធ្លាក់ចុះយ៉ាងខ្លាំង។ លោកបន្តថា បច្ចុប្បន្នតម្លៃស្វាយចន្ទីស្ថិតនៅចន្លោះពី ៤ ០០០ រៀល ទៅ ៥ ០០០ រៀល ក្នុង ១ គីឡូក្រាម បើធៀបទៅឆ្នាំមុន តម្លៃនេះគឺធ្លាក់ចុះប្រមាណ ១ ០០០ រៀល ក្នុង ១ គីឡូក្រាម ដែលតម្លៃនេះសម្រាប់តែនៅកន្លែងលោកប៉ុណ្ណោះ។
លោកបានថ្លែងថា៖ «បញ្ហាជំងឺកូវីដបានធ្វើឲ្យតម្លៃស្វាយចន្ទីឆ្នាំនេះធ្លាក់ថ្លៃជាងឆ្នាំមុន ព្រោះឈ្មួញវៀតណាមមិនហ៊ានឡើងមកទិញដល់ចម្ការដូចពេលមុនៗ»។
បើតាម លោក សាខុន ជាមធ្យមកសិករទទួលបានប្រាក់ចំណេញប្រហែល ២ ០០០ ដុល្លារ ក្នុង ១ ឆ្នាំនៅលើផ្ទៃដី ១ ហិកតា ប៉ុន្តែវាក៏អាស្រ័យលើពូជ គុណភាព និងទីផ្សារ។
បើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការនាំចេញស្វាយចន្ទីរបស់កម្ពុជាសម្រេចបាន ១២១ ៩៧៦ តោន ក្នុងរយៈពេល ៣ ខែដើម ឆ្នាំ ២០២០ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បានធ្លាក់ចុះ ៧,១៨ ភាគរយ ដែលមាន ចំនួន ១៣១ ៤២៥ តោន។
កម្ពុជានាំចេញគ្រាប់ស្វាយចន្ទី ២០២ ៣១៨ តោន កាលពីឆ្នាំ ២០១៩ កើនជិត ១០០ ភាគរយនឹងឆ្នាំ ២០១៨។
របាយការណ៍នេះឲ្យដឹងថា ផ្ទៃដីសរុបនៃដាំដុះស្វាយចន្ទីមានចំនួន ១៤៩ ៦៦០ ហិកតាទូទាំងប្រទេស៕ LA