ភ្នំពេញ: ក្រុមហ៊ុន Santana Agro Products ដែលកំពុងដាំដុះ និងកែច្នៃស្វាយចន្ទីគ្រោងនឹងនាំចេញស្វាយចន្ទីសរីរាង្គ ២០០ តោន ជាលើកដំបូងទៅកាន់ទីផ្សារអាមេរិក និងអឺរ៉ុបនៅចុងឆ្នាំ ២០២០ នេះបន្ទាប់ពីក្រុមហ៊ុនទទួលបានវិញ្ញាបនបត្រផលិតគ្រាប់ស្វាយចន្ទីសរីរាង្គពី ECOCERT របស់ប្រទេសបារាំង កាលពីថ្មីៗ។
ECOCERT គឺជាអង្គការវិញ្ញាបនបត្រសរីរាង្គដែលមានមូលដ្ឋាននៅអឺរ៉ុបត្រូវបានបង្កើតឡើងនៅប្រទេសបារាំង នៅឆ្នាំ ១៩៩១ ហើយជាស្ថាប័នឯករាជ្យមួយមានសិទ្ធិវាយតម្លៃ និងចេញវិញ្ញាបនបត្រសរីរាង្គធំជាងគេនៅលើពិភពលោក។
លោក សុផល ឡៃគង់ អ្នកគ្រប់គ្រងប្រតិបត្តិការរោងចក្ររបស់ក្រុមហ៊ុន Santana Agro Products បានប្រាប់ថា វិញ្ញាបនបត្រនេះនឹងផ្តល់សិទ្ធិពេញលេញឲ្យក្រុមហ៊ុនលោកធ្វើការកែច្នៃ ស្វាយចន្ទីសរីរាង្គសម្រាប់នាំចេញទៅកាន់ទីផ្សារអាមេរិក និងអឺរ៉ុប។
លោកថ្លែងថា៖ «បន្ទាប់ពីទទួលបានវិញ្ញាបនបត្រនេះក្រុមហ៊ុននឹងមានសិទ្ធិធ្វើការកែច្នៃស្វាយចន្ទីសរីរាង្គផ្គត់ផ្គង់ឲ្យក្រុមហ៊ុនចែកចាយដែលជាដៃគូរបស់យើងសម្រាប់នាំចេញទៅកាន់ទីផ្សារនេះដោយស្វ័យប្រវត្តិ»។
បើតាមលោក ឡៃគង់ ការនាំចេញស្វាយចន្ទី (មិនមែនសរីរាង្គ) របស់ក្រុមហ៊ុនសម្រេចបាន ១២១ តោនកាលពីឆ្នាំ ២០១៩។
កម្ពុជានាំចេញស្វាយចន្ទី ២០២ ៣១៨ តោន កាលពីឆ្នាំ ២០១៩ កើនជិត ១០០ ភាគរយធៀបនឹងឆ្នាំ ២០១៨៕LA