ភ្នំពេញៈ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (SAP) ជាសហគ្រាសមួយក្នុងចំណោមសហគ្រាសរដ្ឋទាំងបីសង្ឃឹមថានឹងចុះបញ្ជីលើផ្សារហ៊ុន ខែមិថុនា ឆ្នាំ២០១៥ បន្ទាប់ពីយឺតយ៉ាវពីផែនការឡើងផ្សារហ៊ុនកាលពី៣ឆ្នាំមុន។ នេះបើតាមមន្ត្រីកំពង់ផែ។
រដ្ឋាភិបាលគ្រោងនឹងចុះបញ្ជីសហគ្រាសរដ្ឋចំនួន៣ គឺកំពង់ផែស្វយ័តក្រុងព្រះសីហនុ (SAP) និងក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា(TC) ខណៈរដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ(PPWSA)ជាសហគ្រាសរដ្ឋមុនគេដែលឡើងផ្សារហ៊ុន។
លោក លូ គឹមឈុន អគ្គនាយកកំពង់ផែនេះបានថ្លែងថា គម្រោងបោះផ្សាយមូលបត្រលក់ជាលើកដំបូង (IPO) កំពុងមានដំណើរការរលូន និងកំពុងរង់ចាំការវាយតម្លៃចុងក្រោយដោយគណនីករឯករាជ្យសម្រាប់ឆ្នាំក្រោយ។
លោកបន្តថា៖ «យើងយឺតបន្តិចដោយសារតែអាជីវកម្មរបស់យើងខាតបង់ក្នុងរយៈពេលកាលពីប៉ុន្មានឆ្នាំមុនដោយសារតែតម្រូវការត្រូវចុះបញ្ជីទាមទារឲ្យយើងមានប្រាក់ចំណេញរយៈពេល៣ឆ្នាំ។ ពេលនេះយើងមានភាពល្អប្រសើរហើយ»។
លោកថ្លែងថា កាលពីឆ្នាំ២០១០ និង ២០១១ កំពង់ផែនេះបានខាតបង់ប្រាក់ដោយសារអត្រាការប្រាក់ប្រែប្រួលរវាងតម្លៃប្រាក់ដុល្លារ និងតម្លៃប្រាក់យ៉េន ព្រោះតែវាដល់ពេលត្រូវសងបំណុលដែលកំពង់ផែជំពាក់រដ្ឋាភិបាលជប៉ុន។
លោកបន្តថា៖ «ការចាប់ផ្ដើមពី ២០១២ ឆ្នាំ២០១៣ និងឆ្នាំ២០១៤ យើងទទួលបានប្រាក់ចំណេញមកវិញដោយសារតែអត្រាការប្រាក់របស់តម្លៃប្រាក់យ៉េនគឺល្អ។ ខ្ញុំពិតជាសង្ឃឹមថា យើងនៅតែទទួលបានប្រាក់ចំណេញសម្រាប់ឆ្នាំក្រោយដូច្នេះវាត្រួសត្រាយផ្លូវសម្រាប់ពួកយើងក្នុងការចុះបញ្ជីនៅពាក់កណ្ដាលឆ្នាំក្រោយ»។
លោកបញ្ជាក់ថា៖ «ដោយសារយើងធ្វើការវាយតម្លៃប្រតិបត្តិការអាជីវកម្មរបស់យើងម្តងទៀតនៅឆ្នាំក្រោយ ខ្ញុំគិតថាយើងនឹងត្រៀមខ្លួនរួចរាល់សម្រាប់ផ្សារហ៊ុន ទោះបីជាយើងមិនបានដាក់ឯកសារណាមួយទៅគណៈកម្មការមូលបត្រ ឬ ផ្សារហ៊ុនក៏ដោយ តែពួកគេបានដឹងគ្នារួចហើយអំពីឯកសាររបស់យើង (បរិយាយបណ្ណ)»។
លោកបានថ្លែងថា កំពង់ផែរបស់លោកអាចរកចំណូលបានក្នុងរង្វង់ពី៣លានទៅ៤លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
SAP បានទទួលកម្ចីពីរដ្ឋាភិបាលជប៉ុនចំនួន ៧៧ លានដុល្លារអាមេរិកកាលពីឆ្នាំ ២០០៤ សម្រាប់អភិវឌ្ឍកំពង់ផែដែលមានពីរដំណាក់កាល និងទទួលបានទឹកប្រាក់៣៦លានដុល្លារអាមេរិកផ្សេងទៀតសម្រាប់ការសាងសង់តំបន់សេដ្ឋកិច្ចពិសេសដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០០៩ និងទឹកប្រាក់ ៨០ លានដុល្លារអាមេរិកផ្សេងទៀតសម្រាប់ការសាងសង់ស្ថានីយពហុបំណងដែលត្រូវរំពឹងថា នឹងត្រូវបញ្ចប់នៅឆ្នាំ ២០១៧ ជាមួយនឹងអត្រាការប្រាក់ទាបបំផុតចំនួន ០,០១ ភាគរយ។
ដំណើរការយឺតរបស់ផ្សារនេះនឹងជាហេតុផលដែលក្រុមហ៊ុនរដ្ឋមួយចំនួនផ្សេងទៀតពន្យារពេលចុះបញ្ជីលើផ្សារហ៊ុនរបស់ខ្លួន។ នេះបើយោងតាមលោក ល្មុន សូឡី អនុប្រធាននាយកដ្ឋានប្រតិបត្តិការទីផ្សាររបស់ផ្សារមូលបត្រកម្ពុជា (CSX)។
លោកលើកឡើងថា៖«វិនិយោគិនមួយចំនួនទំនងជាមិនទុកចិត្តលើសហគ្រាសរដ្ឋដូចដែលអ្នកបានលើកឡើងនោះទេ ប៉ុន្តែវិនិយោគិនជាច្រើនជឿជាក់នៅស្ថិរភាពកំណើនរបស់ពួកគេ»។
លោកបញ្ជាក់ថា៖ «បើលោកអគ្គនាយកកំពង់ផែក្រុងព្រះសីហនុបាននិយាយថា កំពង់ផែនេះត្រៀមខ្លួនរួចស្រេចនៅពាក់កណ្ដាលឆ្នាំក្រោយ យើងមានសេចក្ដីសប្បាយរីករាយជាខ្លាំង និងបានត្រៀមខ្លួនធ្វើការងារជាមួយពួកគេ»។
លោកថ្លែងថា៖ «ប៉ុន្តែពិតហើយដំណើរការអាជីវកម្មរបស់ពួកគេកំណត់ពីជោគជ័យនៃការចុះបញ្ជីលើផ្សារហ៊ុនរបស់ពួកគេ។ ប៉ុន្តែខ្ញុំជឿជាក់ថា ក្រុមហ៊ុនចុះបញ្ជីមានសក្ដានុពលរបស់យើងដែលបានគ្រោងនឹងចុះបញ្ជីមិនបារម្ភអំពីបញ្ហានេះទេ»។
លោក គឺម ឈុន មិនបារម្ភជាមួយនឹងការចុះបញ្ជីរបស់ក្រុមហ៊ុនលោកលើផ្សារហ៊ុននោះទេ។
លោកបន្តថា៖ «ខ្ញុំគិតថា ផ្សារហ៊ុនពិតណាស់គឺថ្មីសម្រាប់ប្រជាជនយើងដែលពួកគាត់មិនមានបទពិសោធខាងផ្សារហ៊ុននេះ»។
លោកបន្ថែមថា៖ «ខ្ញុំគិតថាយើងមិនមានបញ្ហាណាមួយជាមួយភាគហ៊ុនរបស់យើងនៅពេលយើងបានចុះបញ្ជីលើផ្សារហ៊ុននោះទេ ដោយសារវាកំពុងបង្ហាញថា ការចូលរួមរបស់យើងនឹងផ្ដល់ឱកាសកាន់តែច្រើនដល់ប្រជាជនរបស់យើងអាចវិនិយោគទឹកប្រាក់របស់ខ្លួនលើការទិញភាគហ៊ុនរបស់យើងដែលល្អប្រសើរជាងការទុកប្រាក់នៅលំនៅឋាន»។
ផ្សារហ៊ុនបិទក្នុងសន្ទស្សន៍ ៤៣៥ ពិន្ទុកាលពីម្សិលមិញ ជាមួយនឹងទំហំនៃការជួញដូរសរុបចំនួន ៦ ៣២៩ ហ៊ុន។ ក្នុងនោះដែរ តម្លៃរបស់ PPWSA បិទក្នុងតម្លៃ ៤៤០០ រៀល ក្នុងមួយហ៊ុនជាមួយនឹងទំហំនៃការជួញដូរចំនួន ៤ ៦៣៩ ហ៊ុន ចំណែកតម្លៃរបស់ក្រុមហ៊ុន Grand Twins បិទក្នុងតម្លៃ ៧ ០០០ រៀលក្នុងមួយហ៊ុនជាមួយនឹងទំហំនៃការជួញដូរ ១ ៦៩០ហ៊ុន៕PB