ភ្នំពេញៈ ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ជប៉ុន SBI Holdings Inc បានប្រកាស​ថា ខ្លួន​នឹង​ទិញ​ភាគហ៊ុន ៧០ ​ភាគរយ​ នៅក្នុង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ លីហួរ (LHMFI) ​នៅ​កម្ពុជា ដើម្បី​ឈាន​ជើង​ចូល​ជាថ្មី​ក្នុង​ពាណិជ្ជកម្ម​ធនាគារ​នៅ​កម្ពុជា​។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ SBI ដែល​ត្រូវបាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន NNA​។

ដោយ​លើកឡើង​ពី​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ SBI Holdings Inc ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ NNA រាយការណ៍​ថា ក្រុមហ៊ុន​នេះ​បានទទួល​ការយល់ព្រម​ពី​ធនាគារជាតិ​នៃ​កម្ពុជា (NBC) កាលពី​ថ្ងៃទី​ ៩ ខែ​តុលា​ សម្រាប់​ការទិញ​ភាគហ៊ុន​នេះ ខណៈ LHMFI ត្រូវ​បាន​រំពឹងថា​នឹង​ត្រូវ​បានផ្ដល់​អាជ្ញាប័ណ្ណ​ធនាគារ​ឆាប់ៗ ដើម្បី​ពង្រីក​អាជីវកម្ម​ពី​សេវា​បច្ចុប្បន្ន​របស់ខ្លួន ដោយ​បាន​កំណត់​ទិសដៅ​លើ​ក្រុមហ៊ុន​លក់រាយ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បង្ហាញថា SBI នឹង​ទិញ​ភាគហ៊ុន​ដំបូង​ប្រហែល​ ១៤,៩៤ ​លាន​ភាគហ៊ុន​ នៅក្នុង​ក្រុមហ៊ុន LHMFI ពី​ភាគទុនិក​ដែល​មាន​ស្រាប់​នៅ​ថ្ងៃទី​ ២៥ ខែ​វិច្ឆិកា និង​ទិញ​បន្ថែម ៣៧,៥៦ ​លាន​ភាគហ៊ុន​ នៅ​ថ្ងៃទី​ ២៣ ខែធ្នូ​។

ការទិញ​ភាគហ៊ុន​នឹង​ប្រែក្លាយ​អាជីវកម្ម​នេះ​ទៅជា​ធនាគារពាណិជ្ជ​ជាមួយ​នឹង​ឈ្មោះ​ថ្មី SBI Lyhour Bank PLC​។ របាយការណ៍​បាន​ឲ្យ​ដឹងថា តម្លៃ​ការទិញ​ភាគហ៊ុន​នេះ​នឹង​មាន​ចំនួន ៨១,៧ ​លាន​ដុល្លារ​។

លោក លី ហួរ ប្រធាន LHMFI បាន​បដិសេធ​អត្ថាធិប្បាយ​លម្អិត​បន្ថែម​កាលពី​ថ្ងៃ​ចន្ទ​ដោយ​គ្រាន់តែ​លើកឡើង​ថា កិច្ចព្រមព្រៀង​នេះ​កំពុង​ដំណើរការ​។

លោក គា បូរាណ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ កាលពី​ថ្ងៃ​ចន្ទ​ថា កិច្ចព្រមព្រៀង​នេះ​កំពុង​បង្ហាញ​ទំនុកចិត្ត​កាន់តែ​ខ្លាំង​ពី​ក្រុម​វិនិយោគិន​បរទេស​លើ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា វិស័យ MFI កំពុង​រីកចម្រើន​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​របស់​យើង វិស័យ​នេះ​គឺជា​ឆ្អឹងខ្នង​មួយ​ដើម្បី​ជួយ​បង្កើន​កំណើន​សេដ្ឋកិច្ច ហើយ​រដ្ឋាភិបាល​កំពុង​ជំរុញ​វិស័យនេះ​ផងដែរ​»​។

លោក​បន្ថែម​ថា​ ការប្រែក្លាយ​ជា​សេវា​ធនាគារ​នឹង​ជួយ​ធ្វើ​​ពិពិធកម្ម​អាជីវកម្ម​របស់​ក្រុមហ៊ុន​នេះ​។ លោក​បន្តថា​៖ «​ខ្ញុំ​គិតថា ការ​ក្លាយ​ជា​ធនាគារ វា​អាច​ផ្ដល់​សេវា​ច្រើន​ជាង MFI»​។

ជាមួយ​នឹង​ការប្រកួតប្រជែង​ដ៏ខ្លាំង​នៅលើ​ទីផ្សារ​ដ៏ចង្អៀត​នេះ​លោក បូរាណ ជឿជាក់​ថា​ការច្របាច់​បញ្ចូល​គ្នា​នឹង​មើលឃើញ​កាន់តែ​ច្រើន​នៅក្នុង​ឧស្សាហកម្ម​នេះ​។ លោក​ថ្លែង​ថា​៖ «​ខ្ញុំ​ជឿជាក់​ថា វា [​ការច្របាច់​បញ្ចូល​គ្នា​] នឹង​កើតឡើង​នៅពេល​អនាគត ក្រុមហ៊ុន​ធំ​មួយ​នឹង​ទិញ​ក្រុមហ៊ុន​តូច ឬ​ក្រុមហ៊ុន​តូច​នឹង​ច្របាច់​បញ្ចូល​គ្នា​ដើម្បី​ក្លាយ​ជា​ក្រុមហ៊ុន​ធំ​មួយ​»​។

កាលពី​ឆ្នាំ​ ២០០៨ SBI ត្រូវបាន​បង្កើត​ឡើង​ជា​ធនាគារ​ពាណិជ្ជកម្ម​ភ្នំពេញ ដោយ​វិនិយោគ​រួមគ្នា​ជាមួយ​ក្រុមហ៊ុន Hyundai Swiss Group របស់​ប្រទេស​កូរ៉េខាងត្បូង ដែល​បាន​ដឹកនាំ​ដោយ​ធនាគារ Hyundai Swiss Saving Bank ប៉ុន្តែ​បាន​ដកខ្លួន​ចេញពី​អាជីវកម្ម​ធនាគារ​របស់​កម្ពុជា​កាលពី​ឆ្នាំ​ ២០១៦ ដោយ​ការលក់​ភាគហ៊ុន​ទាំងអស់​របស់​ខ្លួន​ជា​ផ្នែក​មួយ​នៃ​ការរៀបចំ​រចនាសម្ព័ន្ធ​ជាថ្មី​ផ្នែក​អាជីវកម្ម​របស់ខ្លួន​។ ប៉ុន្តែ SBI បាន​ចូលរួម​នៅក្នុង​អាជីវកម្ម​មូលបត្រ​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​ ២០១០ តាមរយៈ​ក្រុមហ៊ុន SBI Royal Securities PLC ជា​ក្រុមហ៊ុន​ក្នុងស្រុក​របស់ខ្លួន​។

កិច្ចព្រមព្រៀង​នេះ​កំពុង​បង្ហាញ​ថា ក្រុម​វិនិយោគិន​ជប៉ុន​កាន់តែ​ច្រើន​ចូលមក​ទីផ្សារ​កម្ពុជា ជាពិសេស​នៅក្នុង​វិស័យ​ធនាគារ​។

J Trust ដែលជា​ក្រុមហ៊ុន​ចុះបញ្ជី​នៅលើ​ផ្សារហ៊ុន​តូក្យូ​បាន​ទិញ​ភាគហ៊ុន​ ៥៥ ​ភាគរយ​ក្នុង​ធនាគារ ANZ Royal ជា​ក្រុមហ៊ុន​វិនិយោគ​រួមជាមួយ​កម្ពុជា​ដែល​នៅពេលនេះ​ត្រូវ​បាន​ដាក់​ឈ្មោះ​ជាថ្មី​ទៅជា​ធនាគារ​ J Trust Royal Bank​។

ធនាគារ​ជប៉ុន Maruhan Bank ក៏បាន​ទិញ​ភាគហ៊ុន​នៅក្នុង​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា​ផង​ដែរ ដែល​នៅពេល​នេះ​បាន​ក្លាយ​ជា​ធនាគារពាណិជ្ជ​ស្ថាបនា​។

SBI មានបំណង​ចូលរួម​នៅក្នុង​សេវា​ហិរញ្ញវត្ថុ​អនឡាញ និង​សេវា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ផ្សេងទៀត​ជាមួយ​ក្រុមហ៊ុន Ly Hour Group ដែល​ប្រតិបត្តិការ​អាជីវកម្ម ប្តូរប្រាក់ អចលនទ្រព្យ ការផ្ទេរ​ប្រាក់ ការធានារ៉ាប់រង​ទូទៅ និង​វិស័យ​ជាច្រើន​ផ្សេង​ទៀត​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។

លោក Toshiki Aoyama អ្នកនាំពាក្យ​ក្រុមហ៊ុន SBI បាន​ប្រាប់ NNA ថា សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ គឺជា​​ទីផ្សារ​កំណើន​រួមមួយ ពិសេស​កម្ពុជា​ដែល​រំពឹង​ថា​នឹង​បន្ត​រីកចម្រើន​។ លោក​បន្តថា​៖ «​យើង​នឹង​ជំរុញ​ជំនាញ​ដែល​យើង​បាន​ប្រមូល​នៅក្នុង​ទីផ្សារ​របស់​កម្ពុជា​»​។

លោក តូច ចៅចេក អគ្គនាយក​ធនាគារ​ប្រៃសណីយ៍​​កម្ពុជា ស្វាគមន៍​វិធានការ​នេះ ដោយ​លើកឡើង​ថា វា​ជា​សញ្ញា​ដ៏ល្អ​មួយ​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​កម្ពុជា​។ លោក​ថ្លែង​​ថា​៖ «​ខ្ញុំ​គិតថា LHMFI មាន​ភាពរឹងមាំ​គ្រប់គ្រាន់ ហើយ​វា​ល្អ​ក្នុង​ការស្វែងរក​ដៃគូ​ដែល​មាន​បទពិសោធ​ដើម្បី​ក្លាយ​ជា​ធនាគារ​»៕LA