ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) បានផ្តល់អាជ្ញាប័ណ្ណធនាគារពាណិជ្ជទៅដល់ធនាគារ SBI LY HOUR Bank បន្ទាប់ពី SBI Holdings Inc ដែលជាក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុតាមអនឡាញប្រទេសជប៉ុនបានទិញភាគហ៊ុន ៧០ ភាគរយ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Ly Hour Plc (LHMFI)។ នេះបើយោងតាមអាជ្ញាប័ណ្ណដើម្បីប្រតិបត្តិការធនាគារដែលចុះហត្ថលេខាដោយលោក ជា ចាន់តូ ទេសាភិបាល NBC កាលពីថ្ងៃទី ២៣ ខែមីនានេះ។
ការទិញភាគហ៊ុននេះនឹងអនុវត្តតាមស្លាកតម្លៃ ៨១,៧ លានដុល្លារ ហើយនឹងប្រែក្លាយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFI) ទៅជាធនាគារពាណិជ្ជ ដែលនឹងប្រតិបត្តិការស្ថិតក្រោមឈ្មោះថ្មី SBI Lyhour Bank Plc។
SBI Holdings បានទិញភាគហ៊ុន ៧០ ភាគរយដែលមានតម្លៃប្រហែល ១៤,៩៤ លានដុល្លារក្នុងក្រុមហ៊ុន LHMFI កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា និងបានទិញភាគហ៊ុនបន្ថែម ៣៧,៥៦ លានកាលពីថ្ងៃទី ២៣ ខែធ្នូ។ នេះបើយោងតាម SBI Holdings។
SBI Holdings បានឲ្យដឹងថា សម្រាប់ការពង្រីកបន្ថែមអាជីវកម្មធនាគារពាណិជ្ជរបស់ខ្លួននៅគ្រប់ខេត្តទាំងអស់នៅកម្ពុជាជាមួយនឹងទិសដៅសំខាន់ៗ ដើម្បីផ្ដោតការយកចិត្តទុកដាក់លើអតិថិជនលក់រាយ និងសហគ្រាសធុនតូច និងមធ្យម (SME) តាមរយៈការអភិវឌ្ឍអាជីវកម្មធនាគារទំនើបដែលបង្កើនភាពស៊ីចង្វាក់គ្នាដល់ការវិនិយោគរួមក្នុងស្រុកកាន់តែរឹងមាំ នៅពេលនេះ SBI Holdings កំពុងស្វែងរកបេក្ខជនដែលមានសក្ដានុពល។
លោក តូច ចៅចេក អគ្គនាយក Cambodia Post Bank Plc បានសាទរចំពោះវត្តមានធនាគារពាណិជ្ជទើបទទួលអាជ្ញាប័ណ្ណនេះ ដោយលោកលើកឡើងថា វាជាសញ្ញាដ៏ល្អមួយសម្រាប់វិស័យហិរញ្ញវត្ថុរបស់ប្រទេស កម្ពុជា។
លោក ចៅចេក បានថ្លែងថា៖ «ជាទូទៅវាល្អ ហើយវានឹងជួយក្នុងការចាក់បញ្ចូលសាច់ប្រាក់ ៧៥ លានដុល្លារនៃទុនវិនិយោគដល់សេដ្ឋកិច្ចជាតិ ទោះយ៉ាងណា ទីផ្សារនៅតែតូចនៅក្នុងវិស័យនេះ»។
ធនាគារ SBI LY HOUR Bank Plc មានការិយាល័យកណ្ដាលនៅសង្កាត់បឹងកក់ ២ ខណ្ឌទួលគោក ភ្នំពេញ។
កាលពីឆ្នាំ ២០០៨ SBI Holdings បានបង្កើនធនាគារភ្នំពេញពាណិជ្ជ (PPCBank) ជាការវិនិយោគរួមជាមួយ Hyundai Swiss Financial Group Inc របស់ប្រទេសកូរ៉េខាងត្បូង និងបានដឹកនាំដោយ Hyundai Swiss Savings Bank Inc ដែលជាក្រុមហ៊ុនមេរបស់ SBI Savings Bank Inc ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ SBI Holding។
SBI Holdings បានដកខ្លួនចេញពីអាជីវកម្មធនាគារនៅកម្ពុជាកាលពីឆ្នាំ ២០១៦ និងបានលក់ភាគហ៊ុនទាំងអស់នៅក្នុងធនាគារ PPCBank ជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធអាជីវកម្មជាថ្មី។
ទោះយ៉ាងណា SBI Holdings បានចូលរួមក្នុងអាជីវកម្មមូលបត្រក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០១០ តាមរយៈ SBI Royal Securities Plc ជាក្រុមហ៊ុនក្នុងស្រុករបស់ខ្លួន។
របាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា ប្រាក់បញ្ញើបានកើនឡើង ២៥ ភាគរយ និងប្រាក់កម្ចីក្នុងឧស្សាហកម្មធនាគារបានកើនឡើង ២៦ ភាគរយធៀបនឹងឆ្នាំ ២០១៨។ ប្រាក់កម្ចីបានកើនដល់ ១៩,៦ ពាន់លានដុល្លារ និងប្រាក់បញ្ញើនៅគ្រឹះស្ថានទទួលប្រាក់បញ្ញើ (MDI) ទាំង ៧ របស់ប្រទេសកម្ពុជាបានកើនឡើងដល់ ២២ ពាន់លានដុល្លារកាលពីឆ្នាំមុន។
មានធនាគារពាណិជ្ជ ៤៣ ដែលបច្ចុប្បន្នកំពុងប្រតិបត្តិការនៅកម្ពុជា (១៥ ជាធនាគារក្នុងស្រុក ១៥ ជាធនាគារបុត្រសម្ព័ន្ធ និង ១៣ ជាសាខាធនាគារបរទេស) ធនាគារឯកទេស ១៤ (១ គ្រប់គ្រងដោយរដ្ឋ និង ១៣ គ្រប់គ្រងដោយឯកជន) និង MDI ចំនួន ៧៕LA