ភ្នំពេញៈ ទី​ប្រឹក្សា​អាជីវកម្ម​បង្កើត​ថ្មី​កម្ពុជា (Cambodia Startup Advisers) ​​បាន​ប្រកាស​ពី​ការ​ដំណើរ​ការ​​សម្ព័ន្ធ​សេវា​អាជីព​លើក​ដំបូង ​ដើម្បី​គាំទ្រ​​ឧស្សាហកម្ម​ក្រុមហ៊ុន​បង្កើត​ថ្មី​បច្ចេកវិទ្យា​ ដែល​រីក​ចម្រើន​យ៉ាង​រហ័ស​​នៅ​កម្ពុជា។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន។

សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ប្រឹក្សា​ដែល​បង្កើត​ឡើង​នេះ​នឹង​ផ្ដល់​នវានុវត្តន៍ និង​ការ​គិត​ឆ្ពោះ​ទៅ​មុខ​ផ្នែក​ច្បាប់​​ពន្ធ និង​ដំណោះ​ស្រាយ​កម្មសិទ្ធិ​បញ្ញា​ចំពោះ​ក្រុមហ៊ុន​បង្កើត​ថ្មី​កម្ពុជា​ និង​ក្រុម​វិនិយោគិន​របស់​ពួក​គេ​។

លោកស្រី ចាំង ស្រីពៅ​ មេធាវី​នៅ​​ក្រុមហ៊ុន Law and Managing Partner នៃ​សមាគម​សមាជិក​សម្ព័ន្ធ CSP & Associates បាន​ថ្លែងថា​៖ «​ការ​​បង្កើត​​ក្រុមហ៊ុន​បង្កើត​ថ្មី​​ប្រកប​ដោយ​ជោគជ័យ​មាន​ការ​ពិបាក។ ស្ថាបនិក​មាន​បញ្ជី​ច្រើន​​ត្រូវ​ធ្វើ​គឺ ចាប់​ពី​ការ​បង្កើត​​ក្រុមហ៊ុន​មួយ ដល់​ការ​ជួល​​បុគ្គលិក​ ការ​បង់​ពន្ធ និង​ការ​ចុះ​បញ្ជី​ពាណិជ្ជសញ្ញា​»។​

ក្រុមហ៊ុន​បង្កើត​ថ្មី​នៅ​កម្ពុជា​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ វិស័យ​ពាណិជ្ជកម្ម ​វិស័យ​ឡូជីស្ទិក វិស័យ​ប្រព័ន្ធ​ព័ត៌មាន​ឌីជីថល និង​វិស័យ​ផ្សេង​ទៀត​មាន​ជាង​ ១០០ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​រយៈ​ពេល​ជា​ច្រើន​ខែ​ថ្មីៗ​នេះ។ នេះ​បើ​យោង​តាម Startup Advisers។​

លោក David Haskel នាយក​ក្រុមហ៊ុន​ Cambodia Startup Advisers និង​សមាជិក​សម្ព័ន្ធ Abacus IP ​​ថ្លែង​ថា​៖ «​អេកូស៊ីស្ដែម​ក្រុមហ៊ុន​បង្កើត​ថ្មី​កម្ពុជា​ ​ក្មេង​ខ្ចី​ណាស់​​ តែ​រីក​ចម្រើន​​​រហ័ស»។ លោក​បន្ត​ថា​៖ «​តាម​​រយៈ​សម្ព័ន្ធ​​នេះ​ យើង​សង្ឃឹម​ថា នឹង​គាំទ្រ​​ក្រុមហ៊ុន​មាន​មូលដ្ឋាន​លើ​បច្ចេកវិទ្យា​ឲ្យ​សម្រេច​បាន​សក្ដានុពល​​ពេញ​លេញ​របស់​ពួក​គេ​»​​។​

ការ​អង្កេត​នៅ​ពេល​ថ្មី​បង្ហាញ​ថា ជាង ​៦០ ​ភាគរយ​នៃ​ស្ថាបនិក​បាន​ឲ្យ​ដឹង​ថា ព័ត៌មាន​ស្ដីពី​ច្បាប់ និង​ការ​ប្រឹក្សា​​ពន្ធ​​សម្រាប់​ក្រុមហ៊ុន​បង្កើត​ថ្មី​ មាន​​ការ​ពិបាក​ ឬ​​មិន​អាច​ទទួល​បាន​​។ នេះ​បើ​​​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​​។​ លើស​ពី​នេះ កង្វះ​​សេវា​ពាណិជ្ជកម្ម​គ្រប់គ្រាន់​សម្រាប់​ក្រុមហ៊ុន​​បង្កើត​ថ្មី ត្រូវ​បាន​បញ្ជាក់​ដោយ​ធនាគារ​ពិភព​លោក​ផង​ដែរ ថា​ជា​ការ​រារាំង​មួយ​ដល់​សហ​គ្រិនភាព​នៅ​កម្ពុជា​​៕​LA