
ក្រុមហ៊ុនផលិតសម្ភារសំណង់ SCG។ សហការី
ភ្នំពេញៈ ប្រាក់ចំណូលពីការលក់របស់ក្រុមហ៊ុនផលិតសម្ភារសំណង់ SCG នៅកម្ពុជាក្នុងឆមាសទី១ ឆ្នាំ ២០១៩ មានកំណើនប្រមាណ ១១ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍ស្តីពីប្រតិបត្តិការប្រចាំតំបន់របស់ក្រុមហ៊ុន។
របាយការណ៍បានបង្ហាញថា ក្នុងឆមាសទី១ ក្រុមហ៊ុនទទួលបានចំណូលពីការលក់ចំនួន ២២៦ លានដុល្លារ ដែលភាគច្រើនបានពីអាជីវកម្មស៊ីម៉ងត៍។
ចំណូលបានពីការលក់នៅត្រីមាសទី២ មានប្រមាណ ១១៦ លានដុល្លារ។ នេះបើតាមរបាយការណ៍។
ជាមួយការរីកចម្រើនវិស័យសំណង់ បច្ចុប្បន្នក្រុមហ៊ុនដែលមានមូលដ្ឋានធំនៅក្នុងប្រទេស ថៃ SCG បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៦ នៅកម្ពុជារួមមានរោងចក្រផលិតស៊ីម៉ងត៍កំពត K-Cement ក្រុមហ៊ុន Concrete Roof Cambodia ក្រុមហ៊ុន CPAC Cambodia ក្រុមហ៊ុន CPAC Plank Cambodia ក្រុមហ៊ុន NAWA-CAM និងក្រុមហ៊ុន SCG Trading (Cambodia)។
លោក Somwang Manpimonchai នាយកក្រុមហ៊ុន SCG ប្រចាំកម្ពុជា បាននិយាយថា ជាមួយនឹងការខិតខំពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួន កាលពីពេលថ្មីៗនេះក្រុមហ៊ុន SCG បានបង្កើតនូវផលិតផលថ្មីមួយទៀតគឺ «ដំណោះស្រាយក្នុងអគារ» ដែលជាការផ្តល់នូវសេវាកម្មទាក់ទងនឹងការរចនាផ្នែកខាងក្នុងរបស់អគារ។
លោកបន្តថា៖ «ការបង្កើតសេវាកម្មថ្មីនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីជួយលើកកម្ពស់ស្តង់ដាសេវាកម្មការរចនា សម្រាប់វិស័យសំណង់នៅប្រទេស កម្ពុជា»។
លោក ជីវ ស៊ីវផេង ប្រធានគ្រប់គ្រងទូទៅនៃសមាគមអ្នកសាងសង់កម្ពុជាបាននិយាយថា វិស័យសំណង់កម្ពុជាកំពុងមានការកើនឡើង ហេតុនេះតម្រូវការសម្ភារសំណង់ក៏មានតម្រូវការច្រើនទៅតាមនោះដែរ។
លោកបានថ្លែងថា៖ «តម្រូវការប្រើប្រាស់សម្ភារសំណង់កំពុងមានការកើនឡើងខ្ពស់ ពិសេសនៅក្រុងព្រះសីហនុ»។
របាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បង្ហាញថា មានគម្រោងសាងសង់សរុបចំនួន ២ ០៤៧ ដែលមានតម្លៃប្រមាណ ៣,៣៩ ពាន់លានដុល្លារ ត្រូវបានអនុម័តក្នុងឆមាសទី១ ឆ្នាំ ២០១៩។
តម្លៃនេះបានកើនឡើង ៥៧,៥៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨ ដែលមានគម្រោងចំនួន ១ ៦៤៣ ស្មើនឹងតម្លៃ ២,១២ ពាន់លានដុល្លារ៕LA