ភ្នំពេញៈ ក្រុមហ៊ុន Siam Cement Group (SCG) ​ជា​ក្រុមហ៊ុន​ផលិត​សម្ភារ​សំណង់​ចុះបញ្ជី​នៅ​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ចន្ទ​បាន​រាយការណ៍​នូវ​កំណើន​វិជ្ជមាន​នៃ​អាជីវកម្ម​របស់ខ្លួន​នៅ​ទីផ្សារ​ប្រទេស​កម្ពុជា​ក្នុង​ឆមាស​ទី​ ១ ​នៃ​ឆ្នាំនេះ ទោះបី​ការរីករាលដាល​ជំងឺ​កូវីដ​១៩ ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​។

យោងតាម​លទ្ធផល​ហិរញ្ញវត្ថុ​ដែល​បានចេញ​ផ្សាយ ក្រុមហ៊ុន SCG នៅ​កម្ពុជា​គ្រប់គ្រង​ទ្រព្យសកម្ម​មាន​តម្លៃ​សរុប​ ៣៨២ ​លាន​ដុល្លារ​អាមេរិក​កើនឡើង​ ២ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ សម្រាប់​រយៈពេល​ឆមាស​ទី​ ១ ​នៃ​ឆ្នាំនេះ ក្រុមហ៊ុន SCG នៅ​កម្ពុជា​សម្រេច​បាន​ចំណូល​ពី​ការលក់​ចំនួន ១២៩,៣៩ លាន​ដុល្លារ​អាមេរិក​ ដែល​កើនឡើង ០,២ ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ប៉ុន្តែ​ប្រាក់ចំណូល​ត្រីមាស​ទី​ ២ ​ឆ្នាំ​ ២០២០ បង្ហាញ​ពី​ការធ្លាក់ចុះ​ច្រើន​រហូត​ដល់​ ៦ ​ភាគរយ​ធៀប​នឹង​ត្រីមាស​ទី​ ២ ​នៃ​ឆ្នាំមុន​ដោយ​ការលក់​សម្រេច​តែ​ចំនួន​ ៦២,៤៨ លាន​ដុល្លារ​ក្នុង​នោះ​រាប់បញ្ចូល​ទាំង​ចំណូល​លក់​អាជីវកម្ម​ផលិត​ស៊ីម៉ងត៍ និង​អាជីវកម្ម​លក់​គ្រឿងសំណង់​។

របាយការណ៍​បាន​ឲ្យ​ដឹងថា សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​បន្ត​រងផលប៉ះពាល់ ដោយសារ​តែ​ការផ្ទុះឡើង​នៃ​ជំងឺ​ឆ្លង​កូវីដ​១៩ និង​ប្រឈម​នឹង​ការធ្លាក់ចុះ​យ៉ាងខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្ដី ដើម្បី​ចាប់យក​ឱកាស​ទីផ្សារ និង​ផ្ដល់​សេវាកម្ម​ដែល​បំពេញ​តម្រូវការ​របស់​អតិថិជន​ក្នុង​អំឡុង​កូវីដ ១៩ ក្រុមហ៊ុន​បាន​ចរាចរ​ផលិតផល​ថ្មី​មួយ​នៅ​ទីផ្សារ​គឺ​ក្បឿង​ខៀវការ៉ាត់​ជា​ផលិតផល​ដែល​កើតចេញ​ពី​បញ្ហា និង​តម្រូវការ​របស់​អតិថិជន​ទាក់ទង​នឹង​ការរចនា និង​តម្លៃ​។

លោក RoongroteRangsiyopash ប្រធាន និង​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​បាន​ថ្លែងថា​៖ «​ក្នុងអំឡុងពេល​នៃ​វិបត្តិ​កូវីដ​ ១៩ ទោះបី​ក្រុមហ៊ុន SCG មិន​ស្ថិតក្នុង​វិស័យ​ដែល​រងផលប៉ះពាល់​ធ្ងន់ធ្ងរ ដូច​វិស័យ​ទេសចរណ៍ ឬ​អាកាសចរណ៍​ក្ដី ក្រុមហ៊ុន​បាន​តាមដាន និង​វាយតម្លៃ​ស្ថានការណ៍​ជាប់​ជាប្រចាំ ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​បាន​នៅក្នុង​បរិយាកាស​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​ភាពមិន​ច្បាស់លាស់​»​។

ទិន្នន័យ​បាន​ពី​ក្រសួង​ពាណិជ្ជកម្ម​បង្ហាញ​ថា ប្រទេស​កម្ពុជា​បាន​នាំចូល​គ្រឿងសំណង់ ៨៧៩ ៣៩៤ តោន​មានតម្លៃ ៣១៧,៧៤ ​លាន​ដុល្លារ ​នៅ​​ត្រីមាស​ទី​ ១ ​ឆ្នាំ​នេះ​ដោយ​ក្នុង​នោះ​ការនាំចូល​ដែកថែប​មាន​ចំនួន ​១០០ ៤៤០ ​តោន​ដែល​មាន​តម្លៃ​ ៦៦,៨៣ លាន​ដុល្លារ ស៊ីម៉ងត៍​ចំនួន ៣៨៤ ៦០៩ តោន ​មាន​តម្លៃ ២៤,៥៧ ​លាន​ដុល្លារ និង​ឧបករណ៍​សំណង់ ៣៩៤ ៣៤៦ ​តោន ​មានតម្លៃ ២២៦, ៣៤ ​លាន​ដុល្លារ​។

កាលពី​ឆ្នាំ​ ២០១៨ កម្ពុជា​បាន​នាំចូល​គ្រឿងសំណង់​គ្រប់​ប្រភេទ​ចំនួន ៤ ៦៦៧ ០៧៧ តោន មានតម្លៃ​ ១,៧០ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន ​កើនឡើង​ពី​ ៣ ១៨១ ១៤២ តោន ​មាន​តម្លៃ​ ១,០៧ ពាន់​លាន​ដុល្លារ​៕ LA