ភ្នំពេញៈ ក្រុមហ៊ុន​ផលិត​សម្ភារ​​សំណង់​មាន​មូលដ្ឋាន​នៅ​​​ប្រទេស ​ថៃ​ ឈ្មោះ ​Siam Cement Group ​(SCG) បាន​​បង្ហាញ​ពី​ដំណើរ​ការ​អាជីវកម្ម​ល្អ​​​នៅ​កម្ពុជា​​ កាល​ពី​ឆ្នាំ​មុន​ ខណៈ​ចំណូល​ពី​ការ​លក់​របស់​​​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ទាំង​អស់​នៅ​កម្ពុជា​​​បញ្ចូល​គ្នា​មាន​រហូត​ដល់​ជិត ​៤០០ លាន​ដុល្លារ​។ នេះ​​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រុមហ៊ុន។

សេច​ក្ដី​ប្រកាស​ព័ត៌មាន​របស់​​​ក្រុមហ៊ុន SCG បាន​​បង្ហាញ​កាល​​ពី​ថ្ងៃ​ម្សិលមិញ​ថា ​ប្រាក់​ចំណូល​បាន​ពី​ការ​លក់​​នៅ​ក្នុង​ប្រតិបត្តិ​ការ​នៅ​កម្ពុជា​បាន​កើន​ឡើង​ដល់ ​៣៩៦ ​លាន​ដុល្លារ​ កើន​ឡើង​ ១៥ ​ភាគរយ​បើ​ធៀប​នឹង​​ប្រាក់​ចំណូល​ការ​លក់​​កាល​ពី​​ឆ្នាំ ​២០១៧​។​ ប្រាក់​ចំណូល​បាន​ពី​ការ​លក់​សរុប​​កាល​ពី​ឆ្នាំ​ ២០១៨​ ត្រូវ​បាន​រួម​ចំណែក​ភាគ​​ច្រើន​ពី​​ស៊ីម៉ងត៍​ ដែល​ជា​ផលិតផល​ដ៏​សំខាន់​ៗ​របស់​ក្រុមហ៊ុន​នេះ។

លោក​​ Roongrote Rangsiyopash ​​ប្រធាន ​និង​ជា​អគ្គនាយក​របស់​​ SCG បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​ថា​៖ «​​ក្រុមហ៊ុន SCG នឹង​បន្ត​ពង្រីក​ឱកាស​​ក្នុង​ការ​នាំចេញ​​ផលិតផល​បង្កើត​ថ្មី​​​ និង​សេវា​ តាម​ទិសដៅ​ទីផ្សារ​ពិភព​​លោក ដើម្បី​ឆ្លើយ​តប​តាម​តម្រូវ​ការ​អតិថិជន​»។​

តំណាង​របស់​ក្រុមហ៊ុន​នេះ​​មិន​អាច​ទាក់ទង​សុំ​ព័ត៌មាន​លម្អិត​បន្ថែម​​អំពី​​ប្រភព​ប្រាក់​ចំណូល​​ដែល​​ក្រុមហ៊ុន​​​បាន​លក់​កាល​ពី​ឆ្នាំ​​មុន​ទេ​។ រហូត​មក​ដល់​ពេល​នេះ​ ​ក្រុមហ៊ុន ​SCG មាន​​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ ៦ ​នៅ​​ក្នុង ប្រទេស ​កម្ពុជា​ រួម​មាន​ក្រុមហ៊ុន​ Kampot Cement ​ក្រុមហ៊ុន ​Concrete Roof Cambodia ​ក្រុមហ៊ុន CPAC Cambodia ​ក្រុមហ៊ុន CPAC Plank Cambodia ​ក្រុមហ៊ុន NAWA-CAM និង​ក្រុមហ៊ុន SCG Trading (Cambodia)​។

លោក​ ជីវ ​ស៊ីវផេង អ្នក​​គ្រប់គ្រង​ទូទៅ​នៃ​សមាគម​​​អ្នក​សាងសង់​កម្ពុជា​​បាន​ឲ្យ​ដឹង​ថា តម្រូវ​ការ​សម្ភារ​សំណង់​ កំពុង​កើន​ឡើង​ប្រចាំ​ឆ្នាំ ដោយ​សារ​​ឧស្សាហកម្ម​សំណង់​កម្ពុជា​កំពុង​រីក​ចម្រើន។ ជា​មួយ​​កំណើន​ប្រជាជន​ និង​ការ​ធ្វើ​នគរូបនីយកម្ម ​លោក ស៊ីវ​​ផេង ​បាន​ឲ្យ​ដឹង​ថា ឧស្សាហកម្ម​សំណង់​ត្រូវ​បាន​រំពឹង​ថា នឹង​បន្ត​​កើន​ឡើង​ និង​ផ្ដល់​ឱកាស​ដ៏​សំខាន់​សម្រាប់​​ក្រុមហ៊ុន​ផលិត​​ក្នុង​ស្រុក​។​

លោក​ថ្លែង​ថា​៖ «​ចក្ខុវិស័យ​វិស័យ​សំណង់​កម្ពុជា​ នឹង​នៅ​តែ​​​ល្អ ហើយ​ភាព​ល្អ​នេះ​នឹង​ផ្ដល់​ឱកាស​ដ៏​សំខាន់​សម្រាប់​​​ក្រុមហ៊ុន​ផលិត​​ក្នុង​ស្រុក​ ក្នុង​ការ​បង្កើន​ការ​ផលិត​ ឬ​បង្កើន​ចង្វាក់​​ផលិត​ ដើម្បី​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ពី​និន្នាការ​នេះ​»។​

លោក​ ស៊ីវផេង​ ឲ្យ​ដឹង​ថា ​ផលិតផល​ស៊ីម៉ងត៍​ គឺ​ជា​​ផលិតផល​មួយ ​ដែល​​ក្រុមហ៊ុន​ផលិត​អាច​ស្វែង​រក​បាន​ពី​​ក្រុមហ៊ុន​​ផលិត​​ក្នុង​ស្រុក ខណៈ​សម្ភារ​សំណង់​​ជា​ច្រើន​ផ្សេង​ទៀត ​ត្រូវ​ពឹង​ផ្អែក​លើ​ការ​នាំចូល​។​

បច្ចុប្បន្ន​មាន​រោង​ចក្រ​​ផលិត​ស៊ីម៉ងត៍​ទទួល​បាន​អាជ្ញា​ប័ណ្ណ​ចំនួន​ ៦ ​​ ហើយ ៤ ក្នុង​ចំណោម​​រោងចក្រ​ទាំង​នោះ​កំពុង​​ប្រតិបត្តិការ​។​ រោងចក្រ​ស៊ីម៉ងត៍ ​២ ​ផ្សេង​ទៀត​ត្រូវ​បាន​រំពឹង​ថា នឹង​ដាក់​ឲ្យ​ដំណើរ​ការ​ចង្វាក់​​ផលិត​របស់​ពួក​គេ​នៅ​ឆ្នាំ​នេះ។

តួលេខ​បាន​ពី​ក្រសួង​ឧស្សាហកម្ម និង​​សិប្បកម្ម​ បង្ហាញ​ថា រោងចក្រ​ស៊ីម៉ងត៍ ​៤ ដែល​បាន​​ទទួល​​អាជ្ញា​ប័ណ្ណ​ ​អាច​​​ផលិត​ស៊ីម៉ងត៍​បាន​ ៣,៦ ​លាន​តោន​នៅ​​ក្នុង​រយៈ​ពេល​ ៩ ខែ​ដំបូង​កាល​ពី​ឆ្នាំ ​២០១៨​។​

ក្រុមហ៊ុន​ទាំង ​៤ ​នោះ ​រួម​មាន ​ក្រុមហ៊ុន​ Kampot Cement ​ផលិត​បាន ២,២១ ​លាន​តោន ​ក្រុមហ៊ុន ​​ Cambodia Cement Chakrey Ting Factory Co, Ltd (១,២២ ​លាន​តោន) ​ក្រុមហ៊ុន Chip Mong Insee Cement Corporation (១១​៩ ០០០ ​តោន​) និង​ក្រុមហ៊ុន Battambang Conch Cement Company Limited ​​(​១១ ​០០០ ​តោន​)។

របាយ​ការណ៍​ប្រចាំ​ឆ្នាំ​បាន​ពី​ក្រសួង​រៀបចំ​ដែន​ដី​ នគរូបនីយកម្ម​ និង​សំណង់​ ​បង្ហាញ​​ថា រដ្ឋាភិបាល​បាន​អនុម័ត​គម្រោង​ ២ ៨៦៧ ​​កាល​ពី​ឆ្នាំ ​២០១៨​ មាន​តម្លៃ​ ៥,​២៣ ​ពាន់​លាន​ដុល្លារ។​ តម្លៃ​នោះ​បាន​ធ្លាក់ចុះ ១៨,​៦ ​​ភាគរយ​ធៀប​នឹង​ ៦,​៤២ ​​ពាន់​លាន​ដុល្លារ​​កាល​ពី​ឆ្នាំ ​២០១៧។ របាយការណ៍​នេះ បាន​បង្ហាញ​ថា ចំនួន​​គម្រោង​វិនិយោគ​​ដែល​បាន​អនុម័ត​​កាល​​ពី​ឆ្នាំ ​២០១៧ មាន​ចំនួន ៣ ០៥២៕ LA