ភ្នំពេញៈ គណៈកម្មការ​មូលបត្រ​កម្ពុជា (SECC) កំពុង​កែសម្រួល​នូវ​លក្ខខណ្ឌ​មួយចំនួន​ក្នុង​ការជួញដូរ​ឧបករណ៍​និស្សន្ទ​ដែល​នេះ​ជា​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​បង្កើន​ការទាក់ទាញ​វិនិយោគ និង​ការជួញដូរ​ពី​សាធារណជន ខណៈ​ទីផ្សារ​នេះ​កំពុង​មាន​សម្ទុះ​កើនឡើង​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ថ្មីៗ​នេះ​។

យោង​តាម​សេចក្តី​ជូន​ដំណឹង​កាលពី​ថ្ងៃទី​ ១១ ខែឧសភា បាន​ឲ្យ​ដឹងថា SECC នឹងធ្វើ​ការកែតម្រូវ​លើ​លក្ខខណ្ឌ​តម្រូវ​សម្រាប់​ការផ្ដល់​អាជ្ញាប័ណ្ណ និង​ការគ្រប់គ្រង​អាជីវកម្ម​នៃ​សកម្មភាព​ជួញដូរ​ឧបករណ៍​និស្សន្ទ​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​គោលបំណង​គ្រប់គ្រង​ទីផ្សារ​ឧបករណ៍​និស្សន្ទ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ឲ្យ​ស្រប​តាម​ដំណើរការ​ជាក់ស្តែង​នៃ​ទីផ្សារ​។

សេចក្ដី​ប្រកាស​បាន​សរសេរ​ថា​៖ «​គណៈកម្មការ​មូលបត្រ​កម្ពុជា​សូម​ជូនដំណឹង​ដល់​ប្រធាន​ក្រុមហ៊ុន​ជើងសារ​ឧបករណ៍​និស្សន្ទ និង​សាធារណជន​ឲ្យ​បាន​ជ្រាបថា SECC បាន​អនុម័ត​លើ​ប្រកាស​លេខ​ ០០៥/២០ ចុះ​កាលបរិច្ឆេទ​កាលពី​ថ្ងៃទី​ ៥ ខែ ​ឧសភា ឆ្នាំ​ ២០២០ ស្ដីពី​ការកែតម្រូវ​នៃ​ប្រកាស​លេខ​ ០០៤/១៥ ចុះ​កាលបរិច្ឆេទ​កាលពី​ថ្ងៃទី​ ២ ខែ​កក្កដា ឆ្នាំ​ ២០១៥ ស្ដីពី​ការផ្ដល់​អាជ្ញាប័ណ្ណ និង​ការគ្រប់គ្រង​ការជួញដូរ​ឧបករណ៍​និស្សន្ទ​ក្នុង​គោលដៅ​ដើម្បី​គ្រប់គ្រង​ទីផ្សារ​ឧបករណ៍​និស្សន្ទ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ឲ្យ​ស្រប​តាម​ដំណើរការ​ជាក់ស្តែង​នៃ​ទីផ្សារ​កន្លងមក​»​។

លោក ស៊ូ សុជាតិ អគ្គនាយក SECC បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ការកែតម្រូវ​នេះ​នឹង​កាត់បន្ថយ​លក្ខខណ្ឌ​តម្រូវ​ស្ដីពី​ការផ្ដល់​អាជ្ញាប័ណ្ណ និង​មូលធន​សម្រាប់​ក្រុមហ៊ុន​ជើងសារ​នៃ​ឧបករណ៍​និស្សន្ទ​។ លោក​បន្តថា​៖ «​យើង​កែតម្រូវ​លក្ខខណ្ឌ​តម្រូវ​មួយ​ចំនួន​ស្ដីពី​ការផ្ដល់​អាជ្ញាប័ណ្ណ ​ជាពិសេស​មូលធន​សម្រាប់​ក្រុមហ៊ុន​ជើងសារ​ឧបករណ៍​និស្សន្ទ​។ តាមរយៈ​ការធ្វើ​ដូចនេះ មិន​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ជើងសារ​ឧបករណ៍​និស្សន្ទ​ទាំងអស់​ស្ដីពី​លក្ខខណ្ឌ​តម្រូវ​ថ្មី​នេះ​ទេ​»​។

លោក​បាន​បន្ថែមថា​៖ «​ខណៈ​ដែល​ទីផ្សារ​ចាប់ផ្ដើម​រីកចម្រើន យើង​ទាមទារ​ឲ្យ​មាន​ធនធាន​មនុស្ស អ្នកជំនាញ និង​បទពិសោធ​កាន់តែច្រើន​។ លក្ខខណ្ឌ​តម្រូវ​មួយ​ចំនួន​ដែល​បាន​តាក់តែង​ឡើង​គឺ​ក្នុង​គោលបំណង​នៃ​ការការពារ​វិនិយោគិន​»​។

លោក សុជាតិ បាន​ពន្យល់​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​លើក​មុន​ថា ផលិតផល​ឧបករណ៍​និស្សន្ទ ឬ​ជា​អ្វីដែល​ហៅថា កិច្ចព្រមព្រៀង​សម្រាប់​ភាពខុស​គ្នា​លើ​រូបិយប័ណ្ណ ឬ​ផលិតផល​ផ្សេងទៀត (Forex) គឺជា​ផលិតផល​ហិរញ្ញវត្ថុ​ប្រភេទ​ថ្មី​មួយ​នៅក្នុង​ផ្សារ​មូលបត្រ​កម្ពុជា​ដែល​អាច​ផ្ដល់​អត្ថប្រយោជន៍​សម្រាប់​វិនិយោគិន​ក្នុង​រយៈពេល​វែង​។ ទោះ​យ៉ាងណា​លោក​បាន​ឲ្យ​ដឹងថា មុនពេល​ធ្វើការ​សម្រេច​ចិត្ត​លើ​ការវិនិយោគ គេ​ត្រូវ​ស្វែងយល់​ឲ្យ​ដឹង​ច្បាស់​អំពី​ព័ត៌មាន​លម្អិត​នៃ​ផលិតផល​ឧបករណ៍​និស្សន្ទ​ប្រភេទ​ណាមួយ​។

ទំហំ​ជួញដូរ​ឧបករណ៍​និស្សន្ទ​បាន​កើនឡើង​ដល់ ៨៤ ​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៨ ដល់ ២០០ ​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៩​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី SECC៕ LA