ភ្នំពេញៈ គណៈកម្មការ​មូលបត្រ​កម្ពុជា​ (SECC) កំពុង​ធ្វើ​សេចក្តីព្រាង​ប្រកាស​ស្តីពី​ការបោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​របស់​ក្រុមហ៊ុន​ហូលឌីង (Equity Securities of Holding Company) ដើម្បី​អាចឱ្យ​ក្រុមហ៊ុន​នេះ​ចេញលក់​ភាគហ៊ុន​នៅលើ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX) ដែលជា​វិធានការ​ឆ្ពោះទៅរក​ការធ្វើ​ពិពិធកម្ម​ទីផ្សារ​នៃ​ការអភិវឌ្ឍ​ទីផ្សារ​មូលធន​នៅ​កម្ពុជា​។

លោក ស៊ូ សុជាតិ អគ្គនាយក​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា (SECC) ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ ថា SECC កំពុង​ដឹកនាំ​ការពិគ្រោះ​យោបល់​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ដើម្បី​ស្វែងរក​ធាតុ​ចូល​ឱ្យ​បាន​កាន់តែ​ច្រើន​មុន​នឹង​ស្វែងរក​ការអនុម័ត​ប្រកាស​នេះ​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ននេះ​យើង​ធ្វើការ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​ដើម្បី​ទទួលបាន​នូវ​ធាតុ​ចូល​បន្ថែម​ពី​ភាគី​ពាក់ព័ន្ធ ហើយ​យើង​នឹង​ពិចារណា​ធាតុ​ចូល​ណាមួយ​សមរម្យ ដែល​អាច​នឹង​ដាក់ចូល​ក្នុង​ប្រកាស​នេះ ដើម្បី​ស្វែងរក​ការអនុម័ត​។ សេចក្ដីព្រាង​នេះ​ធ្វើឡើង​សម្រាប់​ក្រុមហ៊ុន Holding Company ដែល​មានន័យ​ថា ជា​ករណី​ពិសេស​ដែល​ក្រុមហ៊ុន Holding អាច​គ្រប់គ្រង​ភាគហ៊ុន​មួយ​ចំនួន​ជាមួយ​ក្រុមហ៊ុន​ផ្សេងទៀត ប៉ុន្តែ​ក្រុមហ៊ុន​ទាំងនោះ​មិន​ចូលរួម​សកម្មភាព​អាជីវកម្ម​ណាមួយ​របស់​ក្រុមហ៊ុន​ដែល​ពួកគេ​កំពុង​កាន់កាប់​នោះទេ​»​។

លោក​បន្ថែមថា​៖ «​ដូច្នេះ​យើង​ធ្វើ​នីតិវិធី​ពិសេស​មួយ​សម្រាប់​ពួកគេ ដោយ​អាច​អនុញ្ញាត​ឱ្យ​ចេញលក់​ភាគហ៊ុន​របស់​ពួកគេ​នៅលើ​ផ្សារហ៊ុន ហើយ​ពេលនេះ​នីតិវិធី​នេះ​មិន​បាន​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ចេញលក់​ភាគហ៊ុន​ដែលមាន​ស្រាប់​របស់​យើង​នោះទេ​។ វា​ជាការ​បំពេញបន្ថែម​មួយ​ដើម្បី​លើកកម្ពស់​ការចេញលក់​មូលបត្រ​នៅលើ​ផ្សារមូលធន​របស់​យើង​»​។

លោក Jong Weon Ha អនុប្រធាន CSX បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ ថា សេចក្តីព្រាង​ប្រកាស​នេះ​មិន​បាន​ផ្លាស់ប្តូរ​ដំណើរការ IPO ច្រើន​ទេ​។ ទោះយ៉ាងណា លក្ខខណ្ឌ​តម្រូវ និង​លក្ខខណ្ឌ​មួយចំនួន​ត្រូវបាន​កែតម្រូវ​ដោយ​ផ្អែកលើ​លក្ខណៈផ្សេងៗ​គ្នា​របស់​ក្រុមហ៊ុន​។

លោក​ថ្លែងថា​៖ «​ប្រកាស​ថ្មី​នេះ​បើកឱកាស​សម្រាប់​ប្រភេទ​ក្រុមហ៊ុន​ផ្សេងៗ ជាពិសេស​ក្រុមហ៊ុន Holding ដើម្បី​ប្រមូល​មូលនិធិ និង​ចុះបញ្ជី​នៅក្នុង​ប្រទេស​កម្ពុជា​»​។

លោក​បន្តថា Holding គឺជា​ក្រុមហ៊ុន​គ្រប់គ្រង​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ផ្សេងទៀត ដែល​ខុសគ្នា​ពី​ក្រុមហ៊ុន​ប្រតិបត្តិការ​ដែលមាន​ប្រតិបត្តិការ​អាជីវកម្ម​ផ្ទាល់ខ្លួន​របស់​ពួកគេ​។ បទប្បញ្ញតិ្ត​ដែលមាន​ស្រាប់​មិនមាន​ប្រសិទ្ធភាព​គ្របដណ្ដប់ និង​កំណត់​នីតិវិធី​នៃ IPO និង​កាតព្វកិច្ច បន្ទាប់ពី​ការចុះបញ្ជី​របស់​ក្រុមហ៊ុន Holding ដែល​បាន​បង្កើតឡើង​នៅ​កម្ពុជា​នោះទេ​។

លោក​និយាយថា​៖ «​អាស្រ័យ​ដូច្នេះ គម្រោង​នេះ​ត្រូវបាន​ផ្តួចផ្ដើមឡើង និង​មកដល់​ដំណាក់កាល​នេះ​ដែល​សេចក្តីព្រាង​បានដាក់​លើ​តុ​ពិភាក្សា​»​។

យោងតាម​លោក ស៊ូ សុជាតិ ក្របខ័ណ្ឌ​ពេលវេលា​លើ​ការអនុម័ត​ប្រកាស​នេះ នៅ​មិនទាន់​កំណត់​ទេ ខណៈ​ប្រកាស​នេះ​នៅតែ​ត្រូវការ​ស្វែងរក​ធាតុ​ចូល​បន្ថែមទៀត​ពី​ភាគី​ពាក់ព័ន្ធ មុនពេល​ស្វែងរក​ការអនុម័ត​​ពី​រដ្ឋាភិបាល​។ លោក​បន្តថា​៖ «​រហូតមកដល់​ពេលនេះ យើង​មិនទាន់​កំណត់​ក្របខ័ណ្ឌ​ពេលវេលា​នៅឡើយ​ទេ ដោយសារ​យើង​ត្រូវការ​ធាតុ​ចូល​ចាំបាច់​បន្ថែមទៀត​ពី​ភាគី​ពាក់ព័ន្ធ​»​។

បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចុះបញ្ជី​ចំនួន ១៣ ​នៅ​កម្ពុជា ដោយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំងនោះ​ក្រុមហ៊ុន ៧ ចុះបញ្ជី​ភាគហ៊ុន និង​ក្រុមហ៊ុន ៦ ចុះបញ្ជី​សញ្ញាបណ្ណ​សាជីវកម្ម​។ ក្រុមហ៊ុន​ទាំង​ ១៣ បាន​ប្រមូល​មូលនិធិ​រួមគ្នា​ចំនួន ២៥៣ ​លាន​ដុល្លារ គិត​ត្រឹម​ថ្ងៃទី​ ៣០ ខែកញ្ញា និង​សន្ទស្សន៍​ភាគហ៊ុន​កើន​ ៥៨,៣៧ ​ភាគរយ ក្នុង​ឆ្នាំ​ ២០១៩ ធៀប​ឆ្នាំ​ ២០១៨​។ ទោះ​យ៉ាងណា វា​បាន​ធ្លាក់ចុះ ១៤,៩៣ ​ភាគរយ កាលពី​ឆ្នាំ​ ២០២០​។ នេះ​បើតាម​ទិន្នន័យ​របស់ CSX​។

ទិន្នន័យ​បង្ហាញថា កាលពី​ឆ្នាំ​ ២០២០ មាន​ក្រុមហ៊ុន ២ ​បាន​ចុះបញ្ជី​ភាគហ៊ុន និង ៣ ចុះបញ្ជី​មូលបត្រ​បំណុល​។ ក្រុមហ៊ុន​ទាំង ៥ បាន​ប្រមូល​មូលនិធិ​រួមគ្នា ៩២ ​លាន​ដុល្លារ​ចាប់ពី​ខែ​មករា ដល់​ខែ​កញ្ញា​៕ LA