ភ្នំពេញៈ គណៈកម្មការ​មូលបត្រ​កម្ពុជា (SECC) និង Ruifengtianfu Investment Co ជា​ក្រុមហ៊ុន​ពហុផលិតផល​របស់​ចិន​ចាប់ដៃ​គ្នា​អភិវឌ្ឍ​ទីផ្សារ​ខុម៉ូឌីធី​នៅ​កម្ពុជា​។ ទីផ្សារ​នេះ​ក៏​នឹង​បង្កើត​ Platform ​មួយ​សម្រាប់​លើកកម្ពស់​ការជួញដូរ​ផលិតផល កសិកម្ម​នៅពេល​អនាគត​។

លោក ស៊ូ សុជាតិ អគ្គនាយក SECC បាន​ប្រាប់​ក្រុម​អ្នកយក​ព័ត៌មាន​នៅ​ក្រៅ​ជំនួប​នៃ​ពិធី​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ចន្ទ​ថា ក្រុមហ៊ុន​នេះ​ និង​ SECC ក្នុង​ការពិគ្រោះ​យោបល់ និង​សិក្សា​អំពី​បញ្ហា​បច្ចេកទេស​នានា​សម្រាប់​ការអភិវឌ្ឍ​ទីផ្សារ​ខុម៉ូឌីធី​សម្រាប់​ការជួញដូរ​ផលិតផល​ ២ ​ប្រភេទ​គឺ​ផលិតផល​ហិរញ្ញវត្ថុ​ដូចជា​មាស​ដែល​រំពឹងថា​នឹង​ចាប់ផ្ដើម​ក្នុងពេល​ឆាប់ៗ និង​ក្រៅពី​ហិរញ្ញវត្ថុ​ដូចជា​ទំនិញ​កសិកម្ម​។

លោក​ថ្លែងថា​៖ «​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) នេះ​នឹង​បើកផ្លូវ​សម្រាប់​ទាំង SECC និង​ក្រុមហ៊ុន​ក្នុង​ការចាប់ផ្ដើម​ការសិក្សា និង​ដើម្បី​ពិភាក្សា​សម្រាប់​ការបង្កើត​ពិគ្រោះយោបល់ និង​ការគាំទ្រ​ផ្នែក​បច្ចេកទេស​សម្រាប់​ការអភិវឌ្ឍ​ទីផ្សារ​ខុម៉ូឌីធី​នៅ​កម្ពុជា​។ វា​ជា​ទីផ្សារ​ថ្មី​មួយ​ដែល​មិន​ជាប់​ទាក់ទង​នឹង​ផ្សារហ៊ុន​នោះទេ​»​។

លោក​លើកឡើង​ថា​៖ «​ទីផ្សារ​ខុម៉ូឌីធី​ជា​អ្វីដែល SECC ពិតជា​ចង់​បាន ដោយសារ​វា​អាច​បង្កើត​ច្រក​ជួញដូរ​ថ្មី​សម្រាប់​ផលិតផល​កសិកម្ម​ក្នុង​ការធ្វើ​កិច្ចព្រមព្រៀង​នៅពេល​អនាគត​។ នោះ​ជា​មូលហេតុ​ដែល​យើង​ត្រូវការ​ក្រុមហ៊ុន​មួយ​មាន​ស្ថានភាព​ហិរញ្ញវត្ថុ​រឹងមាំ និង​បទពិសោធ​ខ្ពស់ ដូចជា​ក្រុមហ៊ុន​នេះ ព្រោះ​ពួកគេ​ជា​ក្រុមហ៊ុន​ធំ​មួយ​»​។

លោក Chen Xin អ្នក​ចាត់ការ​ទូទៅ​ក្រុមហ៊ុន Ruifengtianfu Investment បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​នេះ​មាន​បទពិសោធ​ខាង​ការវិនិយោគ​នៅក្នុង​វិស័យ​ជាច្រើន​នៅ​ចិន​ជាមួយ​គោលបំណង​វិនិយោគ​នៅ​កម្ពុជា គឺ​អនុវត្ត​តាម​គោលការណ៍​គំនិត​ផ្តួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ប្រធានាធិបតី ស៊ី ជីនភីង​។

លោក​បន្តថា​៖ «​យើង​ទទួល​បាន​ការគាំទ្រ​ពី​មេដឹកនាំ​របស់​ប្រទេស​ចិន ដើម្បី​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​ការអភិវឌ្ឍ​ទីផ្សារ​ខុម៉ូឌីធី​នៅ​កម្ពុជា​។ បន្ទាប់ពី​ការសិក្សា និង​ការពិភាក្សា​គ្នា​ជាមួយ SECC ក្រុមហ៊ុន​របស់​យើង​នឹង​សម្រេចចិត្ត​វិនិយោគ​នៅក្នុង​វិស័យ​ផ្សេងៗ នៅក្នុង​ប្រទេស​កម្ពុជា​»​។

លោក​បញ្ជាក់ថា​៖ «​ដូច​ដែល​អ្នក​បានដឹង​ហើយ​ថា ប្រទេស​កម្ពុជា និង​ចិន​នឹង​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្នុងពេល​ឆាប់ៗ និង​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំង​ ២ ក្រុមហ៊ុន​យើង​មាន​ចំណាប់អារម្មណ៍​ក្នុងការ​អភិវឌ្ឍ​ទីផ្សារ​ខុម៉ូឌីធី​នៅ​កម្ពុជា​»​។

ទោះយ៉ាងណា​ពេលវេលា​ជាក់លាក់​នៃ​ការបង្កើត​ផ្សារ​នេះ​មិនទាន់​ត្រូវបាន​កំណត់​នោះទេ ដោយ​វា​អាស្រ័យ​លើ​លទ្ធផល​នៃ​ការសិក្សា​រួមគ្នា​នេះ ខណៈ​ដែល SECC ក៏​កំពុង​ស្ថិត​នៅក្នុង​ដំណាក់កាល​បញ្ចប់​នៃ​ការព្រាង​បទប្បញ្ញត្តិ​នានា​សម្រាប់​ការគ្រប់គ្រង​ទីផ្សារ​នេះ​ផងដែរ​។ ​នេះ​បើតាម​លោក សុជាតិ​។

លោក​លើកឡើង​ថា​៖ «​ចាប់ពី​ពេល​នេះ​យើង​នឹងសិក្សា​រួមគ្នា ហើយ​បន្ទាប់មក​យើង​នឹង​បញ្ជូន​លទ្ធផល​នេះ​ទៅ​ថ្នាក់លើ​របស់​យើង ដើម្បី​សម្រេច​លើ​ការបង្កើត​ទីផ្សារ​នេះ​»​។

លោក សុជាតិ ថ្លែងថា​៖ «​យើង​សង្ឃឹម យើង​អាច​បង្កើត​ទីផ្សារ​នៅ​ឆ្នាំក្រោយ នៅពេល​យើង​ទទួល​បាន​លទ្ធផល​ល្អ​ពី​ការសិក្សា ដោយសារ​តែ​វា​អាចជួយ​បង្កើត​ច្រក​ជួញដូរ​ថ្មី​មួយ​សម្រាប់​ផលិតផល​កសិកម្ម​ក្នុង​ការរួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​»​។

ទិន្នន័យ​នាំចេញ​ផលិតផល​កសិកម្ម​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បង្ហាញ​ថា​ប្រទេស​កម្ពុជា​បាន​រំពឹងថា ការនាំចេញ​ផលិតផល​កសិកម្ម​នឹង​កើនឡើង​ដល់​ជាង​ ៥ ​លានតោន​នៅ​ឆ្នាំនេះ ខណៈ​ក្នុង​រយៈពេល​ ៥ ​ខែ​មុន ការនាំចេញ​កសិផល​មាន​ចំនួន​ជាង​ ១,៩ ​លាន​តោន កើនឡើង​ជាង​ ៧ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩​។

កាលពី​ឆ្នាំ​ ២០១៩ ការនាំចេញ​សរុប​របស់​ប្រទេស​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​មាន​ចំនួន​ ៤,៨៧ ​លាន​តោន​ ក្នុង​ចំណោម​នោះ​ជាង ៤ ​លាន​តោន​នាំចេញ​ទៅ​បណ្ដា​ប្រទេស​អាស៊ាន ៣៤០ ​តោន​ ទៅ​ប្រទេស​ចិន ២៦១ ០០០ ​តោន​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប និង​ ១៣៥ ០០០ ​តោន​ទៅ​បណ្ដា​ប្រទេស​ផ្សេងទៀត​៕LA