ភ្នំពេញៈ ក្រុមហ៊ុន Post Media ដែល​ដំណើរការ​កាសែត​ភ្នំពេញប៉ុស្ដិ៍​ដែល​ជា​សារព័ត៌មាន​​វ័យ​ចំណាស់​ជាងគេ​នៅ​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ជាមួយ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ (SECC) សម្រាប់​កិច្ចសហប្រតិបត្តិការ​ភាព​ជា​ដៃគូ​ក្នុង​ការផ្ដល់​ការអប់រំ ព័ត៌មាន និង​ការណែនាំ​នៃ​បទប្បញ្ញត្តិ​ផ្សេងៗ​ដល់​សាធារណជន​ដែលជា​ការរួមចំណែក​នៃ​ការអភិវឌ្ឍ​ទីផ្សារ​មូលបត្រ​នៅ​កម្ពុជា​។

MoU ត្រូវបាន​ចុះហត្ថលេខា​រវាង​លោក លី តៃសេង ជា​ចាងហ្វាង និង​អគ្គនាយក​ភ្នំពេញ​ប៉ុស្ដិ៍ និង លោក ស៊ូ សុជាតិ អគ្គនាយក SECC នៅ​ការិយាល័យ​របស់ SECC កាលពី​ថ្ងៃ​សុក្រ​។ ពិធី​នេះ​ក៏ត្រូវ​បាន​ចូលរួម​ដោយ​មន្ដ្រី​ជាច្រើនរូប​របស់​ SECC និង លោក ចូសហូ ពូរ៉ូសុតមេន ជា​និពន្ធ​នាយក​កាសែត​ភ្នំពេញ-ប៉ុស្ដិ៍ និង​សហការី​ជាច្រើនរូប​។

លោក លី តៃសេង បាន​ឲ្យ​ដឹងថា កិច្ចសហប្រតិបត្តិការ​នេះ​នឹង​ផ្ដល់​ឲ្យ​ SECC ​នូវ​វេទិកា​ថ្មី​មួយ​មិន​ធ្លាប់​មាន​ហៅថា​ «Post Securities» ក្នុង​ការចែករំលែក​ការអប់រំ ព័ត៌មាន និង​ដំណឹង​នៃ​ការបោះពុម្ពផ្សាយ​នៅលើ​ទំព័រ​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ទាំង​ ២ ​ភាសា​គឺ​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​ប្រកប​ដោយ​គុណភាព​ ១ ​សប្ដាហ៍​ម្ដង​។ ក្រៅពី​នេះ​វា​នឹង​ក្លាយ​ជា​ឧបករណ៍​ដ៏សំខាន់​មួយ​សម្រាប់​ការរួម​ចំណែក​ការអភិវឌ្ឍ​ទីផ្សារ​មូលធន​ដែល​កំពុងមាន​សក្តានុពល​របស់​កម្ពុជា​។

លោក​ថ្លែងថា​៖ «​យើង​ប្ដេជ្ញា​ថា​នឹង​ផ្ដល់​ SECC ​នូវ​វេទិកា​មួយ​ដែល​អ្នក​អាច​ប្រើប្រាស់​ពួកយើង​ក្នុង​ការអប់រំ​ប្រជាជន​អំពី​ទីផ្សារ​មូលបត្រ របៀប​ប្រតិបត្តិការ​ទីផ្សារ ការអភិវឌ្ឍ ច្បាប់ និង​បទប្បញ្ញត្តិ​របស់​ឧស្សាហកម្ម​នេះ​»​។

លោក​បន្ថែមថា​៖ «​ខ្ញុំ​អាច​មើលឃើញថា SECC ​បានធ្វើ​រួចហើយ​នូវ​ការងារ​ដ៏អស្ចារ្យ​បំផុត​ជាច្រើន​ដូចជា​ការបង្កើត​ច្បាប់ បទប្បញ្ញត្តិ​នានា ជាពិសេស​ប្រកាស​។ ដូច្នេះ​យើង​នឹង​​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងការ​គាំទ្រ SECC ដើម្បី​ចូលរួម​អភិវឌ្ឍ​ទីផ្សារ​មូលបត្រ​នេះ​ជាពិសេស​លើ​ការវិនិយោគ ការជួញដូរ​ភាគហ៊ុន​។​ល​។ យើង​រីករាយ​យ៉ាងខ្លាំង​សម្រាប់​ MoU ​នេះ​ដែល​យើង​ធ្វើឲ្យ​មាន​ទំនាក់ទំនង​ជា​ផ្លូវការ​»​។

លោក ចូសហូ ពូរ៉ូសុតមេន បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ទីផ្សារ​ភាគហ៊ុន​ពិភពលោក និង​ក្នុង​តំបន់​កំពុង​ធ្លាក់ចុះ​ដោយសារ​តែ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​នៅពេល​បច្ចុប្បន្ន ការធ្វើជា​ដៃគូ​រវាង​ស្ថាប័ន​ទាំង​ ២ ​នេះ​នឹង​ជា​ចលករ​ថ្មី​មួយ​ក្នុង​ការលើកកម្ពស់ និង​ស្វែងរក​មធ្យោបាយ​ក្នុង​ការចាប់​យក​ឱកាស​សម្រាប់​ការអភិវឌ្ឍ​ទីផ្សារ​នេះ​។

លោក​ថ្លែងថា​៖ «​យើង​មើលឃើញ​ថា មានឱកាស​ច្រើន​ដែល​អាច​អភិវឌ្ឍ​ឧស្សាហកម្ម​នេះ និង​ដើម្បី​ធ្វើឲ្យ​ក្រុម​វិនិយោគិន​ទាំងអស់​មាន​ភាពជឿជាក់​គឺមាន​ភាពស្មុគស្មាញ​បំផុត​។ តាមរយៈ​កិច្ចសហប្រតិបត្តិការ និង​ការសហការ​នេះ ខ្ញុំ​ជឿថា យើង​អាចជួយ SECC ក្នុង​ការអប់រំ​បន្ថែម​អំពី​ឧស្សាហកម្ម​នេះ​។ ខ្ញុំ​ជឿជាក់​ថា យើង​នឹង​មាន​ការអប់រំ​ និង​ព័ត៌មាន​ដ៏អស្ចារ្យ​ក្នុង​ការចែករំលែក​ដល់​សាធារណជន និង​ក្រុម​វិនិយោគិន​»​។

លោក​បន្ថែមថា​៖ «​ដូច្នេះ​យើង​សម្លឹង​មើលថា នេះ​ជា​ឱកាស​ដ៏ល្អ​អស្ចារ្យ ជាពិសេស​នៅពេល​នេះ​យើង​អាច​មើលឃើញ​ទីផ្សារ​លើ​ពិភពលោក​ធ្លាក់ចុះ​។ នេះ​ជា​មធ្យោបាយ​មួយ​ដែល​យើង​អាច​ចាប់​យក​ទីផ្សារ​នេះ​លើ​អ្វីដែល​ត្រូវធ្វើ​។ ដូច្នេះ​យើង​នឹង​សម្លឹង​ទៅមុខ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ SECC»​។

លោក ស៊ូ សុជាតិ បាន​ឲ្យ​ដឹងថា​ភាពជា​ដៃគូ​ថ្មី​ទាំង​ ២ ​នេះ​មិន​គ្រាន់តែ​ផ្ដល់​ការចែករំលែក​ព័ត៌មាន​ប៉ុណ្ណោះ​ទេ ប៉ុ​នែ្ត​ថែមទាំង​ការអប់រំ​សាធារណជន​ផងដែរ​។ លោក​សង្ឃឹមថា ភាពជា​ដៃគូ​នេះ​ក៏នឹង​ជួយ​បង្កើត​ទីផ្សារ​ល្អប្រសើរ​សម្រាប់​វិនិយោគិន និង​ជួយ​ការពារ​វិនិយោគិន​។

លោក​លើកឡើង​ថា​៖ «​ជាមួយ​នឹង​ភាពជា​ដៃគូ​នេះ ខ្ញុំ​ក៏​ចង់​បង្ហាញថា កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ដែល​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏រឹងមាំ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុងការ​គាំទ្រ​ SECC ជាមួយ​នឹង​ទិសដៅ​ផ្សេងទៀត​ដែល​យើង​ចង់​ធ្វើ​គឺ​ការការពារ​វិនិយោគិន​។ វា​មិន​គ្រាន់តែ​អប់រំ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​ការពារ​វិនិយោគិន​ផងដែរ​»​។

លោក​បន្ថែម​៖ «​ខ្ញុំ​ចង់​ធ្វើ​ការងារ​ជាមួយគ្នា​លើ​របៀប​ក្នុង​ការបង្កើត​ទីផ្សារ​ដ៏រឹងមាំ​មួយ និង​ការពារ​វិនិយោគិន​។ ប៉ុន្តែ​វា​មិន​មានន័យថា យើង​ចង់​ឲ្យ​កាសែត-ភ្នំពេញ​ប៉ុស្ដិ៍​និយាយ​ល្អ​អំពី​ SECC នោះទេ វា​មិនមែន​ជា​គោលបំណង​របស់​ខ្ញុំ​នោះទេ​។ ប៉ុន្ដែ​ខ្ញុំ​ចង់​ឲ្យ​កាសែត​ភ្នំពេញប៉ុស្ដិ៍​និយាយ​អំពី​ការពិត ច្បាស់លាស់​ដែល​ល្អ​សម្រាប់​ក្រុម​វិនិយោគិន​»​។ លោក​បញ្ជាក់ថា​៖ «​ដោយ​មាន​ការគាំទ្រ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ (​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​) នឹង​ជួយ​បង្កើន​ទំនុកចិត្ត​ដល់​វិនិយោគិន​តាមរយៈ​ការផ្ដល់​ដល់​ពួកគេ​នូវ​ការអប់រំ បទប្បញ្ញត្តិ​ពិត ឬ​ច្បាប់ និង​ដើម្បី​ការពារ​វិនិយោគិន​»​។

លោក តៃសេង បាន​ឲ្យ​ដឹងថា ក្នុង​នាម​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​វិជ្ជាជីវៈ កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​កំពុង​បំពេញ​តួនាទី​ដ៏សំខាន់​មួយ​ក្នុង​ការផ្ដល់​ព័ត៌មាន​ពិត និង​ច្បាស់លាស់​ដើម្បី​បម្រើ​សាធារណជន ក្រុម​វិនិយោគិន និង​សង្គម​ស៊ីវិល​។

លោក​ថ្លែងថា​៖ «​យើង​យល់ស្រប​ជាមួយ​ឯកឧត្តម ស៊ូ សុជាតិ ត្រង់​ថា យើង​នឹង​ដើរតួនាទី​ដ៏សំខាន់​ក្នុង​ការការពារ​វិនិយោគិន​។ យើង​ប្រកាន់ខ្ជាប់​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​យើង ហើយ​យើង​ក៏​មិន​មក​ទីនេះ​ដើម្បី​បំផ្លាញ​ប្រទេស ឬ​នរណាម្នាក់​នោះ​ទេ យើង​មិនមាន​សត្រូវ​ណាមួយ​នោះទេ ប៉ុន្តែ​យើង​នៅទីនេះ​ដើម្បី​ផ្ដល់​ព័ត៌មាន​ពិត យើង​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​»​។

លោក តៃសេង បញ្ជាក់ថា​៖ «​ជាការ​ពិត យើង​មិន​អាច​ការពារ​ការធ្វើ​ខុស​នោះទេ​។ ដូច្នេះ​ទាក់ទង​នឹង​ទីផ្សារ​មូលបត្រ​នេះ យើង​ចង់​មើលឃើញ​ទីផ្សារ​មួយ​នេះ​រីកចម្រើន ហើយ​យើង​ក៏​ចង់​មើលឃើញ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​រីកចម្រើន​ផងដែរ ដែល​មានន័យ​ថា ជីវភាព​រស់នៅ​របស់​ប្រជាជន​ក៏​នឹង​រីកចម្រើន​ផងដែរ​»៕

វីដេអូ៖